គណបក្សប្រជាជន៖ គ្មានទេ ការលាលែងតំណែងរបស់លោក ហ៊ុន សែន
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 30, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ពាក្យចចាមអារាមមួយ ដែលបានប្រកាសថានាយករដ្ឋមន្ត្រីកម្ពុជា លោកហ៊ុន សែនបានចាកចេញទៅបរទេស និងលាលែងចេញពីមុខតំណែងរបស់ខ្លួន ជានាយករដ្ឋមន្ត្រីថែមទៀតនោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បានធ្វើការបដិសេធចោល កាលពីថ្ងៃទី២៩ ខែកក្កដា។
ជាមួយគ្នានេះកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះ គណបក្សប្រជាជនកម្ពុជាក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយ ធ្វើការបដិសេធចំពោះពាក្យចចាមអារាមចាងលើ ។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជា នេះក៏បានប្រកាស និងផ្សព្វផ្សាយតាមរយៈបណ្តាញសារព័ត៌មាននានា ជាពិសេសតាមរយៈប្រព័ន្ធទូរទស្សន៍ក្នុងស្រុក ។
គណបក្សប្រជាជនកម្ពុជាដែលត្រៀមខ្លួន បន្តដឹកនាំប្រទេសសម្រាប់អាណត្តិទីប្រាំ ក្នុងរយៈពេលប្រាំឆ្នាំជាបន្តរទៀតនេះ បានប្រកាសក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដោយចាត់ទុកពាក្យចចាមអារាមទាំងនេះថាជា«សង្គ្រាមចិត្តសាស្ត្រ ដែលក្រុមអគតិតែងប្រឌិត ដើម្បីបំពុលបរិយាកាសសង្គម»។
សេចក្តីថ្លែងការណ៍ដដែលបានបញ្ជាក់ថា «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងតែស្ថិតនៅក្នុងប្រទេស និងបំពេញមុខតំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាធម្មតា។ គណបក្សប្រជាជនកម្ពុជា អរគុណចំពោះប្រជាពលរដ្ឋ ដែលបានបន្តគាំទ្រគណបក្សនេះអោយបានឈ្នះ ទទួលបានអាសនៈលើសពី ភាគច្រើនដាច់ខាត ហើយដែលអនុញ្ញាតអោយគណបក្សនេះ អាចបង្កើតរដ្ឋាភិបាលថ្មីបាន។»
«ជាថ្មីម្តងទៀត គណបក្សប្រជាជនកម្ពុជា(…) បានឈ្នះឆ្នោតទទួលអាសនៈលើសពីភាគច្រើនដាច់ខាត ដែលអាចឲ្យគណបក្សប្រជាជនកម្ពុជាបង្កើតរដ្ឋាភិបាលថ្មីបាន ស្របតាមរដ្ឋធម្មនុញ្ញ ហើយសម្តេច ហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាល នីតិកាលទីប្រាំនៃរដ្ឋសភា»។
មនោរម្យព័ងអាំងហ្វូ បានស្វែងរកប្រភពពីបណ្ដាញផ្សព្វផ្សាយ និងពីស្ថាប័នពាក់ព័ន្ធនានាផង តែរកមិនឃើញការអះអាងណាមួយទាល់តែសោះ ទាក់ទងនឹងការលាលែងរបស់ លោក ហ៊ុន សែន នោះ។ ដោយឡែក មានតែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប៉ុណ្ណោះ ដែលគេឃើញមានការផ្សព្វផ្សាយបែបនេះ និងត្រូវបានគេជឿថា ត្រូវបានធ្វើឲ្យក្រុមប្រឆាំងនឹងលោក ហ៊ុនសែន ដែលមិនអាចយកជាការនោះបានឡើយ។
ផ្ទុយទៅវិញ ក្រុមអ្នកវិភាគបាននិយាយថា សេចក្ដីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើង មានចរិកដើម្បីជាការពញ្ញាក់អារម្មណ៍សាធារណជនឲ្យយល់ថា វត្តមានរបស់លោក ហ៊ុន សែន នៅតែមាននៅឡើយក្នុងប្រទេសកម្ពុជា ហើយការបន្តនិរន្តរភាពនៃអំណាចរបស់បុរសខ្លាំងរូបនេះ នឹងមិនមានអ្វីអាចរាំងស្ទះបានឡើយ៕
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងដូចខាងក្រោម៖
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ