សួន សេរីរដ្ឋា ថា ហ៊ុន សែន ជាអ្នកមានសមត្ថភាពតែម្នាក់គត់
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ សីហា ២០១៦
- កែប្រែចុងក្រោយ: August 09, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភាពមមាញឹករបស់លោក ហ៊ុន សែន បង្ហាញពីប្រសិទ្ធិភាព នៃរដ្ឋាភិបាលរបស់លោកឬ? សម្រាប់លោក សួន សេរីរដ្ឋា គឺវាមិនដូច្នោះទេ។ លោក រដ្ឋា ដែលជាប្រធានគណបក្សអំណាចខ្មែរ បាន«បញ្ឆេះម៉ាស៊ីន» ហើយរោទ៍តិចៗថា៖ «ពេលនេះលោក ហ៊ុន សែន បានក្លាយទៅជាមនុស្ស ដែលមានសមត្ថភាពតែម្នាក់ (និង)ដែលលេចធ្លោ ក្នុងចំណោមមនុស្ស ដែលគ្មានសមត្ថភាព រាប់រយនាក់ នៃគណរដ្ឋមន្ត្រីរបស់គាត់»។
បន្ទាប់មក លោក សួន សេរីរដ្ឋា បាន«រោទ៍ម៉ាស៊ីន»ខ្លាំងៗថា៖ «បច្ចុប្បន្ននេះ សូម្បីតែរឿងតាស៊ីក្លូ រឿងម៉ូតូលក់ពងមាន់អាំង រឿងបាយក្តាំងបាយកក និងរឿងផ្លុំកញ្ចែចរាចរណ៍ ព្រមទាំងរឿងកណ្តៀរពូនដី ខ្មូតស៊ីឈើផ្សេងទៀត ក៏ទាល់តែដល់លោក ហ៊ុន សែន ដែរទើបដោះស្រាយចេញ។ ដូច្នោះហើយ បានជាពលរដ្ឋខ្មែរ ជនរងគ្រោះគ្រប់គ្នាខំសម្រុក ធ្វើយ៉ាងណារកមធ្យោបាយបញ្ជូនរឿងឈឺចាប់ រឿងអយុត្តិធម៌របស់ខ្លួន ឲ្យបានទៅដល់ដៃ របស់លោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។»
ប្រធានគណបក្សអំណាចខ្មែរ បានបន្តបរិហារថា វិធីសាស្ត្រដើម្បីបញ្ជូនរឿងឈឺចាប់ របស់ពលរដ្ឋ ឲ្យដល់ដៃនាយករដ្ឋមន្ត្រីនោះ «បានធ្វើឲ្យទីផ្សារត់ការឯកសារ រត់ការសំណុំរឿង គឺឡើងថ្លៃត្រូវប៉ាន់ ចំពោះមន្ត្រីឡេមឡឺម អែបអប នៅជិតលោក ហ៊ុន សែន ដើម្បីទទួលផលកំរៃជើងសារនោះផង»។
គេមិនដឹងថា លោក សួនសេរីរដ្ឋា ចង់ចង្អុលទៅចំកន្លែងណាមួយ ឲ្យប្រាកដនោះទេ។ យ៉ាងណាក៏ដោយ ក៏ក្នុងពេលកន្លងមក លោក ហ៊ុន សែន ធ្លាប់ប្រកាសថា លោកយកទំព័រហ្វេសប៊ុករបស់លោក ដើម្បីជាកន្លែងដែលពលរដ្ឋ អាចមកថ្លាថ្លែងទុក្ខព្រួយរបស់ពួកគេ ដោយផ្ទាល់ជាមួយនឹងរូបលោកបាន។ លោកនាយករដ្ឋមន្ត្រី ធ្លាប់បានអួតអាងទៀតថា លោកកំពុងដឹកនាំតាមបែប «E-Government»។
ប៉ុន្តែកាលពីប៉ុន្មានថ្ងៃមុន ពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លី បានព្យាយាមជួបលោក ហ៊ុន សែន ដើម្បីថ្លែងពីទុក្ខព្រួយរបស់ពួកគេ នៅក្នុងដំណើររបស់លោកនាយករដ្ឋមន្ត្រី ទៅកាន់ខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានអាក់ខាន ដោយការរារាំងពីសំណាក់កម្លាំងអាជ្ញាធរ ដែលត្រូវបានដាក់ពង្រាយនៅទីនោះ យ៉ាងសន្ធឹកសន្ធាប់។ ក្រោយមក ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានពន្យល់ការអាក់ខាននោះ ដោយសារមូលហេតុសុខភាព របស់លោក ហ៊ុន សែន។
លោក សួន សេរីរដ្ឋា ដែលជាអតីតប្រធានចលនាអំណាចពលរដ្ឋខ្មែរ ជាចលនាមួយដែលមានប្រភព ពីសហរដ្ឋអាមេរិករូបនេះ បានពន្យល់បន្ថែម ដើម្បីបញ្ចប់សេចក្ដី«ការបញ្ឆេះម៉ាស៊ីន»របស់លោក ដូច្នេះថា៖ «នេះជាភាពលេចធ្លោ ខ្ពស់ត្រដែតរបស់លោក ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលក្លាយជាមនុស្សមានសមត្ថភាពតែម្នាក់គត់ នៅក្នុងចំណោមសមាជិកគណរដ្ឋមន្ត្រីរាប់រយនាក់ ដែលគ្មានសមត្ថភាព។ មនុស្សខ្លាំង នៅក្នុងចំណោមអ្នកខ្សោយ អ្នកមានសមត្ថភាព នៅក្នុងចំណោមអ្នកអត់សមត្ថភាព អ្នកពូកែ នៅក្នុងចំណោមអ្នកល្ងង់ អ្នកខ្ពស់ជាងគេ នៅក្នុងចំណោមអ្នកទាប គឺជា នាយករដ្ឋមន្ត្រីស្រុកខ្ញុំ!»៕