អង្គការលើកលែងទោសអន្តរជាតិ៖ ត្រូវដោះលែងម៉ម សូណង់ដូ
- ដោយ: ដារា រិទ្ធ
- កែប្រែចុងក្រោយ: March 06, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«អាជ្ញាធរកម្ពុជា ត្រូវដោះលែងលោក ម៉ម សូណង់ដូ អ្នករិះគន់រដ្ឋាភិបាល និងជាអ្នកទោសសម្បជញ្ញៈ» នេះជាការប្រកាស របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញផ្សាយនៅមុនសវនាការកាត់ក្ដី នៅសាលាឧទ្ទរណ៍ ថ្ងៃទី០៥ខែមិនានេះ នៅភ្នំពេញ។
ផ្លាកសញ្ញា របស់អង្គការលើកលែងទោសអន្តរជាតិ។
លោកម៉ម សូណង់ដូ អាយុ៧១ឆ្នាំ ត្រូវបានកាត់អោយជាប់ពន្ធនាគារ ២០ឆ្នាំ កាលពីថ្ងៃទី០១ខែតុលាឆ្នាំ២០១២កន្លងទៅ ដោយតុលាការសាលាដំបូងរាជធានី។ លោកត្រូវបានគេរកឃើញថា បានប្រព្រឹត្តិល្មើស ប្រឆាំងរដ្ឋ ជាពិសេសថាបានបង្កើត អោយមានកម្លាំងបះបោរមួយឡើង។
«ការដាក់ទោសទៅលើលោកម៉ម សូណង់ដូ ២០ឆ្នាំ ជារឿងដែលមិនអាចពន្យល់បាន និងគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ។ គ្មានភស្ដុតាងណាមួយ ដែលត្រូវបានបង្ហាញនៅតុលាការ ដែលបញ្ជាក់ថាលោកម៉ម សូណង់ដូ ជាអ្នកដើមគំនិត ប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។» ជាការប្រកាសរបស់លោក រ៉ូបែរ អាប៊ុត (Rupert Abbott) អ្នកជំនាញក្នុងការឃ្លាំមើលប្រទេសកម្ពុជា របស់អង្គការអន្តរជាតិ ដែលបានចូលទៅសង្កេតមើលសវនាការទីមួយ តាំងពីការកាត់ក្ដីដំបូង រហូតដល់ពេលការប្រកាសសាលក្រម។
«បើនិយាយពីការពិត លោកម៉ម សូណង់ដូ ត្រូវបានគេឃុំឃាំង ដោយសារតែលោក បានធ្វើដោយសន្តិភាពនូវសិទ្ធិរបស់លោក ក្នុងការបញ្ចេញមតិ។ ដូច្នេះគេ ត្រូវដោះលែងលោកជាបន្ទាន់ និងដោយគ្មានលក្ខខ័ណ្ឌ»។
ប្រតិទិនយុត្តិធម៌សម្រាប់លោកម៉ម សូណង់ដូ រងការគម្រាម
សកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា បានទទួលបញ្ជាពីអាជ្ញាធរអោយដកចេញ នូវយុទ្ធនាការ«ប្រតិទិន»មួយ ដែលមានបំណងអំពាវនាវរក«យុត្តិធម៌» សម្រាប់លោក ម៉ម សូណង់ដូ ហើយប្រតិទិននេះត្រូវបានបិតផ្សាយ ពី«ចំនួនថ្ងៃ»ឃុំខ្លួន របស់លោក ម៉ម សូណង់ដូ នៅខាងមុខផ្ទះរបស់ពួកគេ។ អង្គការលើកលែងទោសអន្តរជាតិ បានសង្កត់ធ្ងន់ថា ជាបទបញ្ជាមួយថ្មីទៀត ពីសំណាក់អាជ្ញាធរកម្ពុជា ក្នុងការបំបិតសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។
ជាអ្នកសារព័ត៌មានមួយរូប និងជាម្ចាស់ស្ថានីយវិទ្យុសម្បុកឃ្មុំ ដែលជាវិទ្យុឯករាជ្យមួយនៅកម្ពុជានោះ លោកម៉ម សូណង់ដូ ក៏ជាមេដឹកនាំមួយរូប នៃសមាគមអ្នកប្រជាធិបតេយ្យផងដែរ។ សមាគមដែលមានទម្រង់ ជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ ត្រូវបានលោកមានគំនិតបង្កើតឡើង ក្នុងបំណងជម្រុញការគោរពសិទ្ធិមនុស្ស និងលិទ្ធិប្រជាធិបតេយ្យ។
គេនៅចាំបានថា សកម្មជនមិនចេះនឿយហត់អាយុ៧១ឆ្នាំរូបនេះ ត្រូវជាប់ក្នុងសំនុំរឿងក្ដីក្ដាំនៅតុលាការនេះ នៅក្រោយពេលដែល«សុន្ទរកថា»ធ្វើដោយ លោកហុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៦មិថុនា ឆ្នាំ២០១២កន្លងទៅ។ ប្រមុខរដ្ឋាភិបាល ដែលកាន់អំណាចជាង«៣០ឆ្នាំ»រូបនេះ បានចោទលោក ម៉ម សូណង់ដូ និងសមាជិកនៃសមាគមរបស់លោក ថាជា«ដើមចម» នៃការងើបបះបោររបស់ប្រជាពលរដ្ឋ នៅភូមិប្រមាខេត្តក្រចេះ នៅក្នុងជម្លោះដីធ្លីដ៏ប្រទាំងប្រទើសមួយ។
សុន្ទរកថារបស់នាយករដ្ឋមន្ត្រី បានធ្វើឡើងនៅក្រោយពេលដែលវិទ្យុសម្បុកឃ្មុំរបស់លោក ម៉ម សូណង់ដូ បានធ្វើបទយកការណ៍ពីពាក្យបណ្ដឹងមួយ នៅខែមិថុនាឆ្នាំ២០១២ ដែលដាក់ប្ដឹងលោកនាយរដ្ឋមន្ត្រី និងរដ្ឋាភិបាលរបស់លោក ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ពីបទ«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ក្នុងការបណ្ដេញបណ្ដាជនក្រីក្ររាប់ពាន់គ្រួសារ ចេញពីផ្ទះសម្បែងដីធ្លីរបស់ផងគ្នា។
លោករ៉ូបែរ អាប៊ុតបានបញ្ជាក់អះអាងថា «ករណីរបស់លោកម៉ម សូណង់ដូ ឆ្លុះបញ្ចាំងពីជំហាន គួរអោយព្រួយបារម្ភជាទីបំផុតមួយ៖ តុលាការក្នុងប្រទេសកម្ពុជា ត្រូវបានប្រើប្រាស់ ដើម្បីកាត់បន្ថយសម្លេង របស់អ្នកការពារសិទ្ធិមនុស្ស ជាពិសេសនៅក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ និងការបណ្ដេញចេញដោយបង្ខំ»។
អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញថា តាំងពីឆ្នាំ២០១២មក អាជ្ញាធរបានប្រើប្រាស់ប្រព័ន្ធតុលាការ និងអំពើហឹង្សាជាច្រើនឡើងៗ ប្រឆាំងទល់នឹងក្រុមអ្នកការពារសិទ្ធិមនុស្ស និងបណ្ដាសកម្មជនផ្សេងទៀត ដែលគ្រាន់តែបានអនុវត្តន៍សិទ្ធិរបស់ខ្លួន ដោយសន្តិភាព និងអហឹង្សា ដើម្បីធ្វើការងាររបស់ខ្លួន អនុញ្ញាតដោយច្បាប់តែប៉ុណ្ណោះ៕
-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ