រូបថត ហ៊ុន សែន ថ្មីទៀត បង្កចំណាប់អារម្មណ៍លើហ្វេសប៊ុក
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០១ សីហា ២០១៥
- កែប្រែចុងក្រោយ: August 01, 2015
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រូបថតទាំងនេះ ត្រូវបានថត និងបង្ហោះ នាវេលារសៀល ថ្ងៃទី៣១ ខែកក្កដា ចេញពីស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងរូប គេឃើញលោក ហ៊ុន សែន កៀកស្មារ ជាមួយនឹងអ្នកស្រី ប៊ុន រ៉ានី ភរិយារបស់លោក ហើយយកទូរស័ព្ទដៃ មកថតរូប ដោយខ្លួនលោកផ្ទាល់។
កាយវិការរបស់លោក ហ៊ុន សែន បានធ្វើឡើង បន្ទាប់ពីលោក បានអញ្ជើញចូលរួម នៅក្នុងពិធីប្រគេនទៀនព្រះវស្សា នៅវត្តចំពុះក្អែក កាលពីរសៀលថ្ងៃដដែល។ ក្បួនរថយន្ដរបស់លោក បានឆ្លងកាត់ទីនោះ និងបានឈប់ ដើម្បីអនុញ្ញាតឲ្យលោកបានទស្សនា គយគន់ នូវសំណង់ស្ពានថ្មីមួយនេះ ដែលលោកផ្ទាល់ គ្រោងនឹងសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ខាងមុខ។
ស្ពានឈ្មោះ ស្ពានមិត្តភាព កម្ពុជា-ចិនតាខ្មៅ នេះ ជាស្ពានឆ្លងកាត់ទន្លេបាសាក់ មានប្រវែង៨៥៥ម៉ែត្រ ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ឆ្លងទៅត្រើយខាងកើត ភូមិកោះក្របី ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ ស្ពាននេះ បានចំណាយប្រាក់ ដើម្បីសាងសង់ អស់ប្រមាណជា ៣៣លានដុល្លារ ដែលជាកម្ចីពីប្រទេសចិន៕