សម រង្ស៊ី ថា CNRP ត្រៀមឲ្យរាស្ត្រ«ងើប» នៅគ្រប់ខេត្តក្រុង
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១១ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងនឹងរៀបចំ ឲ្យប្រជារាស្ត្រលោក សំដែងទឹកចិត្ត (...) បង្ហាញទឹកចិត្ត បង្ហាញកម្លាំង បង្ហាញកម្លាំងចិត្ត។ គណបក្សសង្គ្រោះជាតិ នឹងរៀបចំឲ្យប្រជារាស្ត្រចូលរួម ក្នុងមហាបាតុកម្មទ្រង់ទ្រាយធំ ដូចកាលពីឆ្នាំ២០១៣ ដូចកាលដើមឆ្នាំ២០១៤។»
ខាងលើនេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មតបទៅនឹងចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ ពីសំណាក់តុលាការ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលលោក និងគណបក្សរបស់លោក ចាត់ទុកថា ជាការរំលោភបំពាន និងមានបំណង បិតសម្លេងប្រឆាំងនៅកម្ពុជា។
ប្រធានគណបក្សប្រឆាំង ដែលកំពុងនីរទេសខ្លួនឯង នៅបរទេសរូបនេះ បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ដែលបានមកជួបជុំ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងបរិវេណវត្តធម្មរង្ស៊ី នៃក្រុង បាញើស៍ (Bagneux) ភាគខាងត្បូងជាប់រដ្ឋធានីប៉ារីស ប្រទេសបារាំង។
ប៉ុន្តែមហាបាតុកម្មនោះ មិនត្រឹមតែជា«ការសំដែង នូវការកើតទុក្ខមិនសុខចិត្ត» ទៅនឹងព្រឹត្តិការណ៍ចាប់ចង ឬការផ្តន្ទាទោស ដែលកើតឡើង តាំងពីច្រើនខែមកហើយ ទៅលើបណ្ដាជនដែលមាននិន្នាការជំទាស់ នឹងរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានោះទេ។ លោក សម រង្ស៊ី បានថ្លែងឡើងថា៖ «យើងមិនសុខចិត្ត ឲ្យអ្នកកាន់អំណាចសព្វថ្ងៃសម្លាប់ជាតិយើង បន្តិចម្ដងៗនោះទេ»។
លោក បានរលឹកឡើងវិញ ដោយប្រៀបធៀបរបដឹកនាំសព្វថ្ងៃ ថាបានសម្លាប់ប្រជាជនខ្មែរ ដូចគ្នាទៅនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម តែរបបសព្វថ្ងៃបានសម្លាប់ ដោយប្រើវិធីសាស្ត្រត្រជាក់ និងបន្តិចម្ដងៗ។ លោកពន្យល់ថា គ្នីគ្នាខ្មែរក្រហមមានតិចទេ តែបើមានកន្លែងណា (ឬនរណា)ងើប គេនឹងយកកម្លាំង មកកំចាត់នរណា ដែលហ៊ានងើបនោះ។
លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «តែបើយើងហ៊ានងើបទាំងអស់គ្នា ងើបគ្រប់ខេត្ត បាតុកម្មគ្រប់សាលាឃុំ បាតុកម្មគ្រប់សាលាស្រុក បាតុកម្មគ្រប់សាលាខេត្ត បាតុកម្មនៅរាជធានីភ្នំពេញទន្ទឹមគ្នា តើពួកហ្នឹងមានកម្លាំងឯណា ទៅបង្ក្រាបប្រជារាស្ត្រ បើប្រជារាស្ត្រងើបទូទាំងប្រទេស ដោយសន្តិវិធី»។
» ខាងក្រោមនេះ ជាការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី ជាមួយក្រុមអ្នកគាំទ្រ កាលពីថ្ងៃអាទិត្យ៖
ការលើកឡើងរបស់លោក សម រង្ស៊ី ក៏ដូចជាគណបក្សរបស់លោក ក្នុងការដឹកនាំមហាបាតុកម្មណាមួយនោះ ទំនងជាពិបាកធ្វើ ឲ្យគេជឿជាក់បានណាស់ ខណៈលោក ផៃ ស៊ីផាន មន្ត្រីអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី របស់រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបរិហារជំហរនយោបាយ របស់លោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ ថាប្រធានគណបក្សប្រឆាំង តែងតែងយក«ឈាមរាស្ត្រ» ទៅក្រាលធ្វើជាកម្រាលព្រំ សម្រាប់បោះជំហានទៅរកការកាន់អំណាច។
លោក ព្រហ្ម គិត អតីតមន្ត្រីរាជការខ្មែរមួយរូប ដែលកំពុងរស់នៅ ក្នុងតំបន់ភាគខាងត្បូង នៃប្រទេសបារាំង ក៍បានថ្លែងដែរថា លោកមិនមានសុទិដ្ឋិនិយមឡើយ ចំពោះយុទ្ធសាស្ត្រ នៃការធ្វើមហាបាតុកម្មទាំងនេះ ដើម្បីដាក់សំពាធទៅលើគណបក្សប្រជាជនកម្ពុជា ឬទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន។ លោក ព្រហ្ម គិត ដែលជាអ្នកឃ្លាំមើលបញ្ហាកម្ពុជាយ៉ាងដិតដល់ បានពន្យល់ថា លោក ហ៊ុន សែន មិនខ្វះមធ្យោបាយឡើយ ក្នុងការទប់ស្កាត់កុំឲ្យមានបាតុកម្ម ឬចលនាណាមួយ ដែលបង្កការរង្គោះរង្គើ ទៅដល់អំណាចរបស់លោក។ លោក ហ៊ុន សែន អាចប្រើកងកម្លាំងប្រដាប់អាវុធ បាញ់បង្ក្រាប ដូចក្នុងព្រឹត្តិការណ៍ផ្លូវវេងស្រេង ឬអាចប្រើ «បាតុកម្មបង្ក្រាបបាតុកម្ម បន្លាជួសបន្លា» ឬក៏អាចប្រើ«ក្រុមបាតដៃទីបី»។ល។
អតីតមន្ត្រីច្បាប់ ដែលចូលនិវត្តន៍រូបនេះ បានសង្កត់ធ្ងន់ទៀតថា ប្រជាជនខ្មែរនៅមានការបាក់ស្បាត ហើយមួយចំនួន បានស្រងាកចិត្ត នឹងការផ្លាស់ប្ដូរជំហរ របស់លោក សម រង្ស៊ី និងគណបក្សរបស់លោក ដែលបែរជាទៅចូលប្រជុំក្នុងរដ្ឋសភា «មិនគ្រប់ទឹក» ខុសពីការសន្យាជាមួយក្រុមបាតុករ កាលពីឆ្នាំ២០១៣-២០១៤៕