បាតុកម្ម CNRP៖ ហ៊ុន សែន ព្រមាន«វាយពស់ត្រូវវាយក្បាលមុន»
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការព្រមាន ជាបន្តបន្ទាប់ របស់គណបក្សសង្គ្រោះជាតិ ថានឹងធ្វើមហាបាតុកម្ម នៅទូទាំងប្រទេស ដើម្បីប្រឆាំងនូវអ្វី ដែលគណបក្សនេះហៅថា ជាការគាបសង្កត់ និងការបិតសិទ្ធិសេរីភាពនោះ នៅពេលនេះ ដល់វេនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង ដែលបានធ្វើប្រតិកម្មតប ប្រកបដោយភាសាធ្ងន់ៗ ត្រឡប់ទៅវិញ។ ភាសាធ្ងន់ៗនោះ មានដូចជា «ឧទ្ទាមកម្ម ក្នុងទីក្រុង» «វាយពស់ ត្រូវវាយក្បាលមុន» និង«មិនមែនគំរាមទេ តែធ្ងន់ជាងគំរាម» ជាដើម។
សិទ្ធិរដ្ឋាភិបាល...
សម្រាប់លោក ហ៊ុន សែន បានហៅការរៀបចំធ្វើមហាបាតុកម្មនោះ គឺបានគំរាមដល់«ស្ថេរភាពជាតិ»។ លោកបានសរសេរ អមជាមួយរូបភាពលោក ក្នុងឯកសណ្ឋានជាមេទ័ព តាមរយៈទំព័រហ្វេសប៊ុក របស់លោកថា៖ «មេដឹកនាំបាតុកម្ម កុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិត ដល់សិទ្ធិរបស់អ្នកដទៃ រាប់ទាំងសិទ្ធិរបស់រាជរដ្ឋាភិបាលផងដែរ។ ឧទ្ទាមកម្មក្នុងទីក្រុង ដើម្បីបិទបាំងជន ដែលតុលាការកាត់ទោស មិនត្រូវបានអនុញ្ញាតទេ។ សុំអស់លោកលោកស្រីកុំញ៉ាម និងកុំអាងលើបាតុកម្ម។ វាយពស់ត្រូវវាយក្បាលមុន បើមិនជឿសុំសាកមើល៍។»។
ការប្រកាសធ្វើមហាបាតុកម្មនេះ បានកើតឡើង បន្ទាប់ពីការចេញសាលក្រម ដ៏ចម្រូងចម្រាស់ របស់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា បានប្រកាសច្រានចោលសាលក្រមនោះ ដោយបរិហារថា នោះជាសាលក្រមមួយ ដែលមានចរិតនយោបាយ និងរងសំពាធ ពីសំណាក់គណបក្សប្រជាជនកម្ពុជា។
អ្នកកាន់អំណាចសព្វថ្ងៃ សម្លាប់ជាតិ...
ប៉ុន្តែមហាបាតុកម្មនោះ មិនត្រឹមតែជា «ការសំដែង នូវការកើតទុក្ខមិនសុខចិត្ត» ទៅនឹងព្រឹត្តិការណ៍ចាប់ចង ឬការផ្តន្ទាទោស ដែលកើតឡើង តាំងពីច្រើនខែមកហើយ ទៅលើសមាជិក របស់គណបក្សប្រឆាំងប៉ុណ្ណោះទេ។ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួន នៅឯបរទេស បានថ្លែងពីប្រទេសបារាំង កាលពីម្សិលម៉ិញថា៖ «យើងមិនសុខចិត្ត ឲ្យអ្នកកាន់អំណាចសព្វថ្ងៃ សម្លាប់ជាតិយើង បន្តិចម្ដងៗនោះទេ»។
ក្នុងជំនួបជាមួយអ្នកគាំទ្រ រាប់សិបនាក់ នៅក្នុងវត្តធម្មរង្ស៊ី នៃក្រុង បាញើរស៍ (Bagneux) ភាគខាងត្បូងជាប់រដ្ឋធានីប៉ារីស លោក សម រង្ស៊ី បានអះអាងថា គណបក្សរបស់លោក នឹងធ្វើមហាបាតុកម្ម នៅគ្រប់ខេត្តក្រុង ហើយអំពាវនាវឲ្យប្រជាជនខ្មែរ ឲ្យ«ងើប»ឡើងសំដែងមតិ ដោយសន្តិវិធី។ ប៉ុន្តែលោក និងគណបក្សសង្គ្រោះជាតិ បានថ្លែងបើកផ្លូវ ដើម្បីឲ្យមានការចរចានយោបាយមួយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច។
ប៉ុន្តែនាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង របស់កម្ពុជា បានបដិសេធរួចជាស្រេច ពីលទ្ធភាពនៃការចរចានោះ។ លោក ហ៊ុន សែន បានសរសេរបន្តថា៖ «មិនមានដំណោះស្រាយនយោបាយណា ដែលអាចរកឃើញ តាមរយៈបក្សនយោបាយនោះឡើយ ព្រោះវាជាសមត្ថកិច្ច របស់តុលាការ។ បុគ្គលដែលធ្វើខុស កុំយកប្រទេសជាតិ ធ្វើជាចំណាប់ខ្មាំង កុំយកបក្សនយោបាយ ធ្វើជាជម្រកបិទបាំង នូវកំហុសរបស់ខ្លួន។»។
បុរសខ្លាំងកម្ពុជា ដែលស្ថិតក្នុងតំណែង តាំងពីឆ្នាំ១៩៨៥មក បានប្រកាសឲ្យដឹងរួចជាស្រេច នូវចំណាត់ការទប់ស្កាត់មហាបាតុកម្មនោះ ដូច្នេះថា៖ «ខ្ញុំបញ្ជាដល់គ្រប់កម្លាំងមានសមត្ថកិច្ច ត្រៀមខ្លួនកំចាត់ចោល នូវរាល់សកម្មភាពខុសច្បាប់ទាំងអស់ ដើម្បីការពារនូវភាពសុខសាន្ត របស់ប្រជាជន។ ដោយតម្លៃណាក៏ដោយ គឺត្រូវការពារស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ឱ្យខានតែបាន ព្រោះវាជាតម្រូវការរបស់ជាតិ និងប្រជាជន។»។
លោក ហ៊ុន សែន បានសរសេរទៀតថា៖ «នេះមិនមែនគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត ព្រោះជាប្រភេទនៃបទបញ្ជា ដល់កម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់ ត្រៀមខ្លួនកំចាត់ចោល រាល់កម្លាំងដែលធ្វើសកម្មភាព បំផ្លាញសន្តិសុខជាតិ ហើយខ្ញុំមានសិទ្ឋិ និងនិយាយរបៀបនេះ ព្រោះវាជាសិទ្ធិអំណាច នាយករដ្ឋមន្ត្រី»៕