ហ៊ុន សែន ថា​បើ ពុង ឈីវកេក ស្នេហា​ជាតិ គួ​លះ​បង់​«សញ្ជាតិ​បរទេស»

«បើយើងអ្នកស្នេហាជាតិ យើងលះបង់ សញ្ជាតិបរទេស ចោលទៅ។ មកបំរើជាតិបាន(ឬ)ទេ ឬឲ្យជាតិ មកបំរើយើងម្នាក់។» នេះជាការរិះគន់ចំៗ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ទៅកាន់អ្នកស្រី ពុង ឈីវកេក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: បោះឆ្នោត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅថ្ងៃទី០១ ខែមេសា នេះ រលកសង្គ្រាមសំដី នៃមេដឹកនាំខ្មែរ បានបន្តផ្ទុះជាថ្មីទៀត។ លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បីទសវត្សន៍ របស់កម្ពុជា បានថ្លែងរះគន់អ្នកស្រី ពុង ឈីវកេក ថាគួរតែលះបង់ សញ្ជាតិបរទេស ចោលទៅ ដើម្បីមក​បំរើ​ជាតិ ប្រសិនជាអ្នកស្រី ជាអ្នកស្នេហាជាតិពិតនោះ។ នេះ ជាការថ្លែង របស់លោកនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០១ ខែ​មេសា ឆ្នាំ២០១៥ ក្នុងពីធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ស្ថិត​លើ​ផ្លូវ​ជាតិ​លេខ​៩។

ការលើកឡើងដូច្នេះ បន្ទាប់ពីមានការរិះគន់ថា ច្បាប់គ.ជ.ប ដែលបានអនុម័តចេញ មកហើយនោះ ធ្វើឡើង ដើម្បី​«ចង»​មនុស្សម្នាក់ ដែលគណបក្សទាំងពីរ បានឯកភាពគ្នា ជ្រើសតាំងជាសមាជិកទី៩ របស់ គ.ជ.ប កាលពីថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០១៤កន្លងមក។ ការរិះគន់នោះ បានបន្តថា ច្បាប់ថ្មីនោះ ដែលបានចែង ពីសញ្ជាតិខ្មែរតែមួយ ពីកំណើត បាន​ធ្វើ​ឲ្យ​អ្នក​មាន​សញ្ជាតិពីរ មិនអាចក្លាយជាសមាជិក គ.ជ.បបានទេ។ ដូច្នេះហើយ ទើបអ្នកស្រី ពុង ឈីវកេក មិន​អាច​ក្លាយ​ជា​សមាជិក គ.ជ.ប បាន បន្ទាប់ពីអ្នកស្រី មិនព្រមលះបង់ សញ្ជាតិបរទេស។

លោកនាយករដ្ឋមន្រ្តី បានស្រង់ពាក្យ របស់អ្នកវិភាគមួយចំនួន ដែលបានវិភាគក្នុង វិទ្យុអាស៊ីសេរីថា ការ​ចែង​របស់​ច្បាប់​នេះ មានចេតនា មិនទទួលយកអ្នកស្រី ពុង ឈីវកេក ក្លាយជាសមាជិក របស់គ.ជ.ប តែប៉ុណ្ណោះ។ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានលើកយក ពាក្យអ្នកវិភាគនោះមកថ្លែងថា៖ «អ្នកស្រី ពុង ឈីវកេក មានសញ្ជាតិពីរ បើចង់​បាន​គាត់ ជាសមាជិក គ.ជ.ប ហេតុអ្វីក៏ធ្វើច្បាប់ ទាល់តែអ្នក មានសញ្ជាតិមួយ ទើបអាចធ្វើបាន។ (...) ម្តេចក៏មិនព្រម​ដាក់​ថា មាន​សញ្ជាតិ​ពីរ?»

លោកនាយករដ្ឋមន្រ្តី ក៏បានធ្វើការពន្យល់ ទៅអ្នកវិភាគទាំងនោះ វិញថា ច្បាប់ គ.ជ.ប គេតម្រូវឲ្យមានសញ្ចាតិមួយ។ ការធ្វើច្បាប់របស់កម្ពុជា មិនមែនតម្រូវនឹងចិត្ត របស់មនុស្សណាម្នាក់ ឬរបស់បុគ្គលណាម្នាក់ឡើយ។ ជាច្បាប់ប្រទេស ធ្វើឡើង ដើម្បីប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្រ្តី បានប្រៀបធៀបទៀតថា «គេមិនអាចកាត់ក្បាល តម្រូវ​មួក​ឡើយ តែគេចាំបាច់ ត្រូវតែកាត់មួក តម្រូវក្បាល។ (...) ចង់បានមនុស្សម្នាក់ ឲ្យមកជួយសម្អាតផ្ទះ ដល់ពេលមកដល់ផ្ទះ ក៏ស្រាប់តែចាក់សោរ មិនឲ្យចូល។»

នាយករដ្ឋមន្រ្តីកម្ពុជា ដ៏មានអំណាច បានទុកបណ្តាំចុងចុងក្រោយមួយ បន្ទាប់ពីលោក បានសម្រេចចិត្តជ្រើសរើស​អ្នក​ថ្មី ជំនួសតំណែង អ្នកស្រី ពុង ឈីវកេក ថា មិនមានអ្វីជាការចោទឡើយ បើអ្នកស្រី ពុង ឈីវកេក មានចិត្តសេ្នហា​ប្រទេស​ជាតិ របស់ខ្លួន គួលះបង់សញ្ជាតិបរទេសចោល ហើយមកបំរើជាតិ «មិនត្រូវឲ្យជាតិទាំងមូល ដាក់ខ្លួនមកបំរើ តែ​យើង​ម្នាក់​នោះទេ»។

លើកឡើងប្រហែលគ្នានេះ មន្រ្តីជាន់ខ្ពស់ មកពីគណបក្សសង្គ្រោះជាតិមួយរូប ក្នុងកិច្ចសម្ភាស​ជាមួយ​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ក៏បានធ្វើការរិះគន់ លើអ្នកស្រី ពុង ឈីវកេក ថាមិនហ៊ាន ចូលរួមកសាងជាតិ ព្រោះតែស្តាយ «សញ្ជាតិ​បរទេស»។ សូមអានអត្ថបទលំអិត មន្ត្រីបក្សប្រឆាំងរិះគន់ ពុង ឈីវកេក ថា«ស្នេហាសញ្ជាតិបរទេស»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មកទល់រសៀលថ្ងៃទី១ ខែមេសា នេះ នៅតែមិនអាចទាក់ទងអ្នកស្រី ពុង ឈីវកេក ដើម្បី​សុំការបញ្ជាក់ ពីហេតុផល ដែលអ្នកស្រីបដិសេធ មិនធ្វើជាសមាជិកទី៩ គ.ជ.ប បាននៅឡើយ ដោយហៅទូរស័ព្ទ គ្មាន​ការ​ទទួល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...