ឆេះ​ដុំ​នៅ​ក្នុង​យន្ដហោះ កំពុង​ហោះ​ហើរ ពិន័យ ៧៣០០ ដុល្លា

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំទៅម៉ិញ បន្ទាប់ពីយន្ដហោះ បានហោះឡើងបាន ២ម៉ោង ចេញពីព្រលានយន្ដហោះ ក្រុងមីអាមី (សហរដ្ឋអាមេរិក) អ្នកដំណើរម្នាក់ បានផ្ទុះកំហឹងឡើង ដោយសារមិនសប្បាយចិត្ត នឹងអ្នកដំណើរដែលអង្គុយ នៅខាងមុខខ្លួន ផ្ដេកកៅអីទៅក្រោយ។ ទោះជាបុគ្គលិកបម្រើការ ព្យាយាមឃាត់យ៉ាងណា ក៏មិនបាត់កំហឹង ហើយថែមទាំងខឹងកាន់តែខ្លាំង។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: គ្រោះអាកាស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅលើយន្ដហោះ មិនមែនចេះតែបញ្ចេញអារម្មណ៍យ៉ាងណា បានស្រេច តែនឹងចិត្តនឹកឃើញនោះទេ។ ហើយនេះ ជា​ដំណើរ​រឿងរបស់បុរសម្នាក់ ដែលទប់កំហឹងខ្លួនមិនបាន ព្រោះតែរឿងតូចមួយ...

បុរសម្នាក់នោះ ជាជនជាតិហៃទី ដែលជាអ្នករស់នៅ ក្នុងរដ្ឋធានីប៉ារីស។ លោក អេដម៉ុង អាឡិចសដ្រ (Edmond Alexandre) អាយុ៦០ឆ្នាំ បានផ្ទុះកំហឹងឡើង ដោយសារអ្នកដំណើរ ដែលអង្គុយនៅខាងមុខគាត់ ផ្តេកកៅអីមកក្រោយ នៅលើយន្ដហោះ ដែលហោះភ្ជាប់ជើងហោះហើរ ពីក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក ឆ្ពោះមករដ្ឋធានីប៉ារីស ប្រទេស​បារាំង កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។ បុរសចំណាស់ ត្រូវបានតុលាការសហព័ន្ធ នៃក្រុង ប៊ូស្ដុន សម្រេច​ក្ដី ឲ្យ​បង់​ប្រាក់​ពិន័យ​ប្រមាណជា ១០០០ដុល្លារ និងប្រាក់ខាតបង់ ៦៣០០ទៀត។

ប៉ុន្តែទឹកប្រាក់ប៉ុណ្ណេះ ក៏ដោយសារតែលោក អេដម៉ុង បានទទួលស្គាល់ ពីកំហុសរបស់ខ្លួន នៅចំពោះមុខចៅក្រម ពីជម្លោះក្ដៅស្លឹកត្រជៀក របស់ខ្លួន ប្រឆាំងនឹងក្រុមបុគ្គលិកបម្រើ នៅលើយន្ដហោះដែរ។ នៅក្នុងសាលក្រម ដែលបាន​ប្រកាស កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានកំណត់រយៈពេល១ឆ្នាំ ដើម្បីឃ្លាំមើល ពីអត្តចរិករបស់លោក អេម៉ុង រួចត្រូវបង់​ប្រាក់​១០០០​ដុល្លា ជាការពិន័យ និងប្រាក់ ៦៣០០ ដុល្លា ជាការបង់ខាត របស់ក្រុមហ៊ុនអាកាសចរណ៍ អាមេរិកាំង​អ៊ែរឡាញ (American Airlines)។ ផ្ទុយទៅវិញ ប្រសិនជាលោក អេម៉ុង នៅតែប្រកែកថាខ្លួនត្រូវ លោកអាច​នឹងត្រូវ​ជាប់​ពន្ធនាគារ ដោយ​គ្មាន​ការ​ព្យួរទោសឡើយ។

រឿងហេតុនោះ បានផ្ទុះឡើង បន្ទាប់ពីលោក អេដម៉ុង បានស្រែកឡូឡា ដាក់អ្នកដំណើរខាងមុខ ហើយបុគ្គលិក​បម្រើ​ការ​ម្នាក់ បានចូលមកឃាត់។ ប៉ុន្តែលោក អេម៉ុង មិនត្រឹមតែមិនស្ដាប់ទេ តែថែមទាំងសម្ដែងការខឹង ​ក្រេវក្រោក​កាន់​តែ​ខ្លាំងទ្វេរឡើង។ នេះបើតាមអ្នកទទួលខុសត្រូវ នៃអាជ្ញាធរអាមេរិក ដែលបានថ្លែង ពីរឿងនេះ នៅក្នុង​សន្និសីទ​កាសែត​មួយ។

បន្ទាប់ពីនោះមក លោក អេដម៉ុង បានដើរទៅរក បុគ្គលិកបម្រើការនោះ ហើយបានអុកបុគ្គលិកនោះ មួយដៃ។ ភ្លាមៗ​នោះ ភ្នាក់ងារសន្ដិសុខ នៅលើយន្ដហោះ បានបង្ក្រាបលោក អេដម៉ុង ស្ងៀម នៅនឹងកន្លែង និងបានដាក់ខ្នោះ បុរស​ចំណាស់ ឲ្យរើខ្លួនលែងរួច។ យន្ដហោះ ដែលត្រូវហោះ ពីក្រុង មីអាមី មករដ្ឋធានី ប៉ារីស បានងាកត្រឡប់ ទៅចុះនៅ​ព្រលាន​យន្ដហោះ ក្រុងប៊ូស្ដុន ដើម្បីប្រគល់លោក អេដម៉ុង ទៅឲ្យអាជ្ញាធរ ជាមុនសិន មុននឹងងើប ហោះចេញមកវិញ ឆ្ពោះមកកាន់ទិសដៅ ដែលបានកំណត់។

លោក អេដម៉ុង បានបង់ប្រាក់ ៥ ០០០ដុល្លា ដើម្បីអាចឲ្យខ្លួន មានសេរីភាពជាបណ្ដោះអាសន្ន ប៉ុន្តែត្រូវតុលាការ កំណត់​ឲ្យរស់នៅ ក្នុងគេហដ្ឋានមួយ ដែលនៅមិនឆ្ងាយ ពីក្រុងប៊ូស្ដុន។ នៅខែតុលាកន្លងទៅ លោកត្រូវបានតុលាការ​ចោទ​ប្រកាន់ ពីបទបង្ករបួសស្នាម ដល់បុគ្គលិកយន្ដហោះ បង្កភាពរអាក់រអួល ដល់ដំណើរការហោះហើរ ដែលទោស​កំហុស​ទាំងនេះ អាចឲ្យលោក ជាប់ពន្ធនាគារ រហូតដល់២០ឆ្នាំ។ នេះបើតាមការអះអាង របស់លោក កាមេន អ័ទីស (Carmen Ortiz) រដ្ឋអាជ្ញាអាមេរិកប្រចាំក្រុង ប៊ូស្ដុន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...