ចៅក្រមស៊ើបសួរចោទព្រះសង្ឃ ប៊ុត ប៊ុនតិញ និងកោះឲ្យចូលខ្លួន
- ដោយ: ដ. កែវ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ ឧសភា ២០១៨
- កែប្រែចុងក្រោយ: May 10, 2018
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដីកាចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ របស់លោក អ៊ី ឋាវរៈ ចៅក្រមស៊ើបសួររបស់សាលាដំបូងរាជធានី បានបង្គាប់មកស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដែលកំពុងមានវត្តមាន នៅឯសហរដ្ឋអាមេរិក ឲ្យចូលព្រះកាយ នៅព្រឹកថ្ងៃទី២៣ ខែឧសភាខាងមុខ នៅក្នុងសំនុំរឿងព្រហ្មទណ្ឌ លេខ៥៧៥០ ក្រោមបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា។
នៅក្នុងដីកានោះ ចៅក្រមស៊ើបសួរខាងលើ បានសរសេរ«ចោទប្រកាន់» ប្រឆាំងព្រះសង្ឃ ប៊ុនតិញ ពីបទ«រំលោភទំនុកចិត្ត» តាមបញ្ញត្តិមាត្រា ៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ។ នៅចុងបញ្ចប់ មានសរសេរព្រមានថា៖ «ក្នុងករណីមិនចូលខ្លួន តាមកាលកំណត់ខាងលើនេះទេ យើងនឹងចេញដីកា បង្គាប់ឲ្យនាំខ្លួន»។
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ជាជនពាក់ព័ន្ធមួយអង្គ ពីក្នុងជនពាក់ព័ន្ធបីអង្គ/រូប ដែលត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់តុលាការ ដើម្បីអ្វីមួយ ដែលប្រធានគណបក្សរូបនេះ អះអាងថា ជាការ«បំភ្លឺ»ពីដំណើរស្វែងរកការពិត លើប្រាក់បច្ច័យ បានមកពីការចូលបុណ្យសព លោកបណ្ឌិត កែម ឡី កាលពីអំឡុងឆ្នាំ ២០១៦។
លោក មឿន តុលា នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ ដែលជាប់ពាក់ព័ន្ធ នៅក្នុងបណ្ដឹងនេះដែរ ត្រូវបានរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លាងសម្អាតឲ្យរួចផុត ពីការចោទប្រកាន់របស់តុលាការ ក្រោមមូលហេតុ «ដើម្បីធានាសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ»។ នេះ បើតាមលិខិតប្រកាសព័ត៌មានមួយ របស់ក្រសួង ដែលចេញផ្សាយ កាលពីចុងខែមេសា។
សមាជិកមួយរូបទៀត នៃគណៈកម្មការរៀបចំបុណ្យសពលោក កែម ឡី គឺលោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា សម្រាប់ការផ្សព្វផ្សាយឯករាជ្យ ដែលរងបណ្ដឹងរបស់លោក ពេជ្រ ស្រស់ ដូចគ្នា បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា រូបលោកមិនទាន់ទទួលបានដីកាកោះឲ្យចូលខ្លួន ពីសំណាក់ចៅក្រមស៊ើបសួរ របស់សាលាដំបូងនៅឡើយ។
ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកាប្រតិកម្មយ៉ាងខ្លី តបទៅនឹងដីកាខាងលើ ក្នុងបណ្ដាញសង្គមថា៖ «ពួកចោរចេញច្បាប់ ចោទ ប៉ងចាប់មនុស្សគ្មានកំហុស។ អ្នកចោទពាលា អ្នកជាឈឺចាប់។»។
ក្នុងពេលកន្លងមក ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យអង្គនេះ ធ្លាប់បានចាត់ទុកលោក ពេជ្រ ស្រស់ ថាគ្រាន់តែជា«អ្នកស៊ីឈ្នួលប្ដឹង»ម្នាក់ប៉ុណ្ណោះ ខណៈប្អូនប្រុសបង្កើតរបស់លោក កែម ឡី គឺលោក កែម រិទ្ធិសិត បានបង្ហាញជំនឿ ក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរីថា ក្រុមសមាជិកគណៈកម្មការរៀបចំបុណ្យសព មិនបានកិបកេងលុយកាក់ ពីការចូលបុណ្យនោះឡើយ។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោក កែម ឡី ក៏បានជំទាស់ចំពោះបណ្ដឹង របស់លោក ពេជ្រ ស្រស់ ដែរ។ ប៉ុន្តែអ្វីដែលសំខាន់ ជាងការរករឿង អ្នកចូលរួម រៀបចំធ្វើបុណ្យសព ជូនស្វាមីអ្នកស្រីនេះ អ្នកស្រី ប៊ូ រចនា បានទាមទារឲ្យតុលាការ និងរដ្ឋាភិបាល តាមរកឃាតករពិតសម្លាប់ លោក កែម ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦ នោះ យកមកផ្ដន្ទាទោសឲ្យបាន។
ការលាងសម្អាត ពីសំណាក់រដ្ឋាភិបាល ក្នុងការទម្លាក់ចោលបទចោទ ត្រូវបានលោក មឿន តុលា ថ្លែងអបអរ តែលោកបានរំពឹងបន្ថែមថា នឹងមានការទម្លាក់បទចោទ សម្រាប់អតីតគណៈកម្មការបុណ្យ ពីររូបទៀតដូចគ្នា។ ដោយឡែក លោក ប៉ា ងួនទៀង បានបញ្ជាក់បន្តថា អ្វីៗទាំងអស់អាស្រ័យលើរដ្ឋាភិបាលកម្ពុជា ហើយមានការចោទប្រកាន់ ឬអត់ ពីសំណាក់តុលាការ វាអាស្រ័យលើរដ្ឋាភិបាលកម្ពុជា ដែលចង់បានយ៉ាងនោះ៕