អ្នក«វិភាគដូរបាយ» សន្យាធ្វើបាវបម្រើពលរដ្ឋរហូតថ្ងៃស្លាប់
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 04, 2016
- ប្រធានបទ: សង្គម-វិភាគ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះការរិះគន់ទាំងឡាយ ដែលតែងហៅប្រដូចលោក ទៅនឹង«អ្នកវិភាគដូរបាយ អ្នកវិភាគបាវបម្រើ អ្នកវិភាគសុីឈ្នួល អ្នកវិភាគឡប់ៗ...» នោះ លោក កែម ឡី បានទទួលស្គាល់ការប្រៀបធៀបទាំងនេះ ថា«ពិតជាត្រឹមត្រូវណាស់»។ លោកបានសរសេរបែបកំប្លែង ដាក់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «អ្នកវិភាគដូរបាយ (...) ធ្លាប់ដូរបាយកសិករគំរូ លោក រស់ ម៉ៅ បានបីដងរួចហើយ» និងថែមទាំងសន្យាទៀតថា លោកនឹងបម្រើពលរដ្ឋ រហូតដល់ថ្ងៃស្លាប់។
ប៉ុន្តែលោកបានធ្វើការពន្យល់ តាមបែប«វិភាគ» ទៅលើងារទាំងប៉ុន្មានខាងលើ ដូចតទៅ៖
១) អ្នកវិភាគដូរបាយ៖ ដោយសារតែទៅណាមកណា ពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស តែងតែផ្តល់ការស្នាក់នៅ ផ្តល់បាយមួយពេល ឬពីរពេល ដោយឥតគិតថ្លៃ ជូនដល់លោក។ លោក កែម ឡី បានសរសរថា៖ «ខ្ញុំបាទសុខចិត្តហូបបាយពលរដ្ឋ ដែលផ្តល់ដោយភាពស្អាតស្អំ ប្រសើរជាងតំណែង ដែលយកមកធ្វើបាបប្រជាពលរដ្ឋ»។
២) អ្នកវិភាគបាវបម្រើ៖ លោកបានបញ្ជាក់ថា លោកជាបាវបម្រើ ព្រោះលោកបម្រើព័ត៌មានពិត និងមានលក្ខណៈវិទ្យាសាស្រ្តជូនពលរដ្ឋ ប្រសើរជាងបម្រើជនទុច្ចរិត។ អ្នកស្រាវជ្រាវផ្នែកសង្គមរូបនេះ បានអះអាងនូវសំដីមាសដូច្នេះថា៖ «ខ្ញុំសូមសន្យាបម្រើពលរដ្ឋ ក្នុងការរួមចំណែកផ្តល់ព័ត៌មានពិតនេះ រហូតដល់ថ្ងៃស្លាប់»។
៣) អ្នកវិភាគសុីឈ្នួល៖ ព្រោះកន្លងមក ពេលវិភាគម្តងៗ លោកតែងតែបានតម្លៃឈ្នួល ជាទឹកបរិសុទ្ធមួយដបតូច តម្លៃ៥០០រៀល។ លោក កែម ឡី បានតបទៅអ្នករិះគន់លោកវិញថា៖ «ខ្ញុំបាទរីករាយវិភាគសុីឈ្នួលពលរដ្ឋ បើទោះជាទទួលបាន តែទឹកបរិសុទ្ធដបតូចមួយដបក៏ដោយ»។
៤) អ្នកវិភាគឡប់ៗ៖ ក្នុងប្រព័ន្ធសាធារណ:បច្ចុប្បន្ននេះ អ្នកស្អាតស្អំ អ្នកនិយាយត្រង់ អ្នកមិនចេះពុករលួយ អ្នកធ្វើត្រឹមត្រូវ និងអ្នកដែលបម្រើពលរដ្ឋពិតប្រាកដត្រូវបានគេចោទថាឡប់ៗ ល្ងង់ និងមិនមានប្រាជ្ញាទៅវិញ។
នៅក្នុងរយៈពេលចុងក្រោយនេះ លោក កែម ឡី បានធ្វើដំណើរចុះទៅតាមផ្ទះពលរដ្ឋ នៅតាមតំបន់ដាច់ស្រយ៉ាល ជាពិសេសតំបន់នៅជុំវិញប្រជាពលរដ្ឋណា ដែលបានស្ម័គ្រចិត្តឲ្យលោកស្នាក់ ឬទទួលលោកបានបរិភោគអាហារ។ លោកបានថ្លែងអះអាងថា លោកបានដឹង និងរៀនសូត្របានយ៉ាងច្រើនពីពលរដ្ឋ ហើយលោកក៏បានជជែកវែកញែក នូវរឿងរ៉ាវសង្គម និងរឿងរ៉ាវនយោបាយផ្សេងៗ និងសព្វគ្រប់បែបយ៉ាង ជាមួយនឹងពលរដ្ឋទាំងនោះដែរ។
លោក កែម ឡី បានសរសេពីបទពិសោធន៍ទាំងឡាយ សម្រាប់«យកអនាគត»ត្រឡប់មកវិញ ជាមួយនឹងការផ្លាស់ប្ដូរទាំង១០ចំណុច ដូចខាងក្រោម។ តែលោកមិនបានបញ្ជាក់ ថាតើ«អនាគត»នោះ បានបាត់ទៅទីណា ឬត្រូវបានអ្នកណាលួចឆក់នោះឡើយ។
១) ធ្វើការផ្លាស់ប្តូរ ពីជម្លោះ ឲ្យទៅជាការសហការ
២) ធ្វើការផ្លាស់ប្តូរ ពីសត្រូវ ឲ្យទៅជាមិត្តដ៏ជិតស្និត
៣) ធ្វើការផ្លាស់ប្តូរ ពីបញ្ហាឲ្យទៅជាដំណោះស្រាយ
៤) ធ្វើការផ្លាស់ប្តូរ ពីការលាបពណ៌ ឲ្យទៅជាការទុកចិត្តគ្នា
៥) ធ្វើការផ្លាស់ប្តូរ ពីបុគ្គលធិបតេយ្យឲ្យទៅជាសមាជិកធិបតេយ្យ
៦) ធ្វើការផ្លាស់ប្តូរ ពីការសង្ស័យ ឲ្យទៅជាព័ត៌មានពិត
៧) ធ្វើការផ្លាស់ប្តូរ ពីកាេជេរប្រមាថ ឲ្យទៅជាការអប់រំប្រកបដោយសីលធម៌
៨) ធ្វើការផ្លាស់ប្តូរ ពីការរើសអើង ឲ្យទៅជាការគោរពស្រឡាញ់
៩) ធ្វើការផ្លាស់ប្តូរពី ការរំលោភសិទ្ធិ ឲ្យទៅជាការអាណិតអាសូរ
១០) ធ្វើការផ្លាស់ប្តូរ ពីការកេងប្រវ័ញ្ច ឲ្យទៅជាការជួយគ្នាទៅវិញទៅមក៕