កែម ឡី លើកពីហេតុផល៥យ៉ាង ដែលជំរុញរដ្ឋាភិបាលប្រើកាំភ្លើងគ្រាប់ពិតបាញ់កម្មករ
- ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤
- កែប្រែចុងក្រោយ: January 14, 2014
- ប្រធានបទ: អំណាច
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បាតុកម្ម និងអំណាច - បាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ មានជាបន្តបន្ទាប់ តែគេសង្កេតឃើញមានទ្រង់ទ្រាយធំ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូនោះមក ជាពិសេសប៉ុន្មានសប្ដាហ៍ចុងក្រោយ។ ក្នុងអំឡុងពេលដើមឆ្នាំ២០១៤ ចាប់ពីថ្ងៃទី០២ ខែមករាមក ឃើញថាកងកម្លាំងការពារសន្តិសុខជាតិ ដែលប្រើប្រាស់ដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចសព្វថ្ងៃនេះ បានដាក់ពង្រាយស្ទើគ្រប់ទីកន្លែង តាមបណ្តោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ មុននឹងឈានទៅដល់ការបង្ក្រាបយ៉ាងរង្គាល ដោយកាំភ្លើងគ្រាប់ពិត ទៅលើក្រុមបាតុករដៃទទេរ ធ្វើឲ្យមានស្លាប់និងរបួសរាប់សិបនាក់។
» គ្រាប់កាំភ្លើងពិត ដែលត្រូវបានបាញ់ស្រោច មកលើក្រុមបាតុករ៖
អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក កែម ឡី បានបង្ហាញហេតុផលប្រាំយ៉ាង ដែលជំរុញឲ្យកងកម្លាំងគ្រប់គ្រងដឹកនាំដោយរដ្ឋាភិបាល លោក ហ៊ុន សែន ប្រើកាំភ្លើងគ្រាប់ពិតបាញ់តម្រង់បាតុករ ដែលសុទ្ធសឹងជាជនស៊ីវិល យ៉ាងដូច្នេះថា៖
ហេតុផលទីមួយ៖ ការធ្វើបាតុកម្មដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃអាទិត្យដំបូងនោះ មានចំនួននៃបាតុករចូលរួមជាងដប់ម៉ឺននាក់។ និងថ្ងៃអាទិត្យបន្ទាប់មកទៀត ចំនួនបាតុករបានកើនឡើងជាងម្ភៃម៉ឺននាក់ និងជាងសាមសិបម៉ឺននាក់ជាពីរដង បីដង និងបួនដង ជាមួយនឹងការផ្សារភ្ជាប់ជាមួយនឹងកម្មករ ជាមួយនឹងគ្រូបង្រៀន ដែលនាំឲ្យមានកម្លាំងប្រជាធិបតេយ្យពេញទូទាំងប្រទេសនេះ ឯរដ្ឋាភិបាលអាចនឹងបរាជ័យក្នុងការទប់ទល់ ជាមួយនឹងកម្លាំងប្រជាធិបតេយ្យ។ នេះជាមូលហេតុទីមួយ ដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តបង្ក្រាបយ៉ាងសាហាវ ជាមួយនឹងការប្រើប្រាស់នូវអាវុធ (កាំភ្លើង) បាញ់ឥតប្រណី។
ហេតុផលទីពីរ៖ ដោយសារតែរដ្ឋាភិបាលចង់រៀបចំ ថ្ងៃប្រាំពីរមករាជាថ្ងៃប្រវត្តិសាស្ត្ររបស់គាត់ (គណបក្សប្រជាជនកម្ពុជា) ជាមួយនឹងការបារម្ភខ្លាចមានបាតុកម្មនោះធំឡើងៗ ដែលជាការរំខានដល់ការរៀបចំថ្ងៃ៧មករា ដែលនេះជាភាពជាក់ស្តែង ដែលយើងបានមើលឃើញយ៉ាងដូច្នេះ។
ហេតុផលទីបី៖ ដោយសារតែពេលវេលាខាងមុខ នឹងមានគណៈប្រតិភូវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម ដែលជាសមភាគីនៃនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ប្រសិនបើមិនបង្ខំចិត្តបង្ហ្រាបទេ នោះបាតុកម្មអាចនឹងហៀរចូលទៅតាមថ្នល់។ ជាងនេះទៅទៀតប្រហែលជានឹងមិនអាចផ្គាប់ចិត្តមេដឹកនាំវៀតណាមបាន ដូច្នេះត្រូវសម្រេចចិត្តបង្ក្រាប។
ហេតុផលទីបួន៖ តាមភាពជាក់ស្តែងកន្លងមកនេះ ការបង្កៃគ្រាប់បែកប្រជាជនលែងខ្លាចហើយ ការថតដាក់តាមទូរទស្សន៍ក៏លែងខ្លាច ការវាយក៏លែងខ្លាច ការចាប់ដាក់គុកដូចលោក ម៉ម សូណង់ដូ អ្នកបឹងកក់ ហើយដល់ពេលចេញមកវិញក៏លែងខ្លាច មានតែធ្វើបាតុកម្មលើសដើម។ ការបង្ក្រាបតាមរយៈការប្រើដំបង ខែល គ្រាប់ក្លែងក្លាយ ដំបងឆក់ ឬឡានទឹកជាដើមនោះ លែងខ្លាចហើយ ទើបសម្រេចចិត្តប្រើប្រាស់នូវគ្រាប់កាំភ្លើងពិត ដែលជាក់ស្តែងនៅស្ទឹងមានជ័យ និងតាមបណ្តោយផ្លូវវ៉េងស្រេង។
និងហេតុផលទីប្រាំចុងក្រោយ៖ ការអស់ទំនុកចិត្ត ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ទៅតាមករណីមួយចំនួនដូចជា ប្រជាពលរដ្ឋ មន្រ្តីរាជការ ទាហាន ប៉ូលីស។ បន្ទាប់មកទៀត ក៏បាត់បង់នូវជំនឿចិត្តលើប៉ូលីស និងប៉េអឹមថែមទៀត ហើយមានទំនុកចិត្តតែលើក្រុមអង្គរក្សខ្លួនឯង។ ក្រោយមកទៀត ក៏លែងទុកចិត្តលើអង្គរក្ស ហើយក៏បានបង្កើតនូវកម្លាំងមួយទៀត ដែលខ្លួនគិតថាមានភាពទុកចិត្តជាងគេនោះ។ ហើយបើកម្លាំងមួយចុងក្រោយនេះ នៅមិនទុកចិត្តទៀតនោះ គណបក្សប្រជាជនកម្ពុជានឹងត្រូវចប់។
តាមករណីខាងលើ លោកបានលើកជាឧទាហរណ៍ថា ដូចជាសម័យខ្មែរក្រហម ដោយចោទបញ្ញាវ័ន្តអ្នកធ្វើរដ្ឋប្រហារជំនាន់ លុន ណុល នោះ ក្រុមកុម្មុយនីសនិយមម៉ៅទាំងនេះ បានយកក្រុមបញ្ញាវ័ន្ដទៅសម្លាប់។ បន្ទាប់មកលែងទុកចិត្តអ្នកថ្មី សម្លាប់អ្នកថ្មី ចុងក្រោយលែងទុកចិត្តអ្នកចាស់ ក៏សម្លាប់អ្នកចាស់។ លែងទុកចិត្តគ្នាឯង លែងទុកចិត្តកូនឯង លែងទុកចិត្តម្តាយឪពុកឯង ក៏សម្លាប់ចោលទៀត។ លោកបានបន្តរថា ចុងក្រោយជៀសមិនផុតពីភាព«បរាជ័យក្នុងជិវិតនៃអ្នកដឹកនាំ»។
លោកបានបញ្ជាក់បន្ថែមថា ក្នុងហេតុការនៃការបាញ់ឲ្យមានមនុស្សស្លាប់នោះ លោកក៏មានពូនិងក្មួយធ្វើជាប៉ូលីស នៅក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេងនោះដែរ។ លោកបានបន្តរថា «ក្រោយពេលបង្ក្រាបហើយ គេក៏បានដកកាំភ្លើងយកទៅអស់ យកទៅស្កេន ដោះយកគ្រាប់ចេញ ព្រោះខ្លាចក្រោយពេលមានការតាមដាន និងត្រួតពិនិត្យទៅឃើញមានកាំភ្លើងហ្នឹង»។ ក្នុងស្ថានភាពបច្ចុប្បន្ន បើរដ្ឋាភិបាលចង់លាក់កំបាំងនូវព័ត៌មានអ្វីមួយនោះ លោកកែម ឡី បានចាត់ទុកថា នោះជាការមួយ«ហួសសម័យ»ហើយ៕