អាត់ ធន់ ព្រមានថាបាតុកម្មអាចនឹង«កើតគ្រប់ពេល» បើគ្មានប្រាក់ឈ្នួលសមរម្យ
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី១០ កញ្ញា ២០១៥
- កែប្រែចុងក្រោយ: September 17, 2015
- ប្រធានបទ: វិបត្តិកម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករ កាត់ដេរកម្ពុជា លោក អាត់ ធន់ បានថ្លែងព្រមាន ទៅគ្រប់ភាគី ដែលពាក់ព័ន្ធទាំងអស់ ថាត្រូវធ្វើការកំណត់មួយច្បាស់លាស់ ពីប្រាក់ឈ្នួល(ខែ) «អប្បបរមា» សមរម្យទៅតាមភាពជាក់ស្តែង នៃសេដ្ឋកិច្ចទីផ្សារសេរី ជូនដល់កម្មករ និយោជិកទាំងអស់នៅកម្ពុជា។ បើមិនដូច្នោះទេ ការតវ៉ា បាតុកម្ម និងកូដកម្ម អាចនឹងកើតឡើងគ្រប់ពេល។
លោក អាត់ ធន់ បានថ្លែងដូច្នេះ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សិក្ខាសាលាថ្នាក់ជាតិមួយ ដែលមានត្រីភាគីចូលរួម (តំណាងកម្មករ តំណាងក្រុមហ៊ុន និងក្រសួងការងារ) កាលពីថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ២០១៥ កន្លងមកនេះ។ កន្លងមកក្រុមកម្មករ-និយោជិក បានធ្វើការទាមទារ នូវប្រាក់ខែអប្បបរមា១៧៧ដុល្លារ របស់ពួកគេ ដោយបានអះអាងថា ប្រាក់ខែទាបជាងនេះ មិនអាចឆ្លើយតប ទៅនឹងតម្រូវការរស់នៅជាក់ស្តែង នៃរបបទីផ្សារកម្ពុជាបច្ចុប្បន្នទេ។ រីឯ ក្រសួងការងារបានសម្រេច ដំឡើងប្រាក់ឈ្នួល«គោល» ដល់កម្មករនិយោជិត បានត្រឹមតែ ១២៨ដុល្លារអាមេរិកប៉ុណ្ណោះ ចាប់ពីពីថ្ងៃទី១ ខែមករា ដើមឆ្នាំ២០១៥ នេះទៅ។
» សូមទស្សនាការលើកឡើងទាំងស្រុង របស់លោក អាត់ ធន់ ដូចខាងក្រោម៖
ប៉ុន្តែការលើកឡើងខាងលើនេះ ត្រូវបានរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បញ្ជាក់ថា លោកមិនចង់ ឲ្យមានការផ្ទុះឡើង នូវការតវ៉ា ការទាមទារ បាតុកម្ម ឬកូដកម្មណាមួយ កើតចេញពីកម្មករ និយោជិតនោះឡើយ។ លោកបន្តថា ករណីនេះ ត្រូវមានការខាតបង់ នូវប្រយោជន៍ទាំងសងខាង។ ហើយលោកស្នើ ឲ្យយកដំណោះស្រាយមួយ សម្រាប់ការជជែកគ្នា តាមផ្លូវច្បាប់ និងការគោរពច្បាប់ ជាជំនួសនឹងការតវ៉ាទាំងនោះ។ លោកក៏ស្នើឲ្យមានការអត់ធ្មត់ ដោយរង់ចាំមើលលទ្ធផល នៃប្រាក់ខែអប្បបរមា របស់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៦ នាពេលខាងមុខនេះ។
លោក អ៊ិត សំហេង បានថ្លែងឲ្យដឹងថា៖ «ឆ្នំានេះ ខ្ញុំគិតថាភាគីទំាងពីរ មានភាពចាស់ទុំ ជុំវិញ បញ្ហាប្រាក់ឈ្នួលនេះ។ ដូច្នេះភាគីទំាងអស់ត្រូវ ប្រើការវិនិច្ឆ័យ តាមបែបសង្គម លើបញ្ហាប្រាក់ឈ្នួលនេះ ដូចជាស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ។ លក្ខណៈវិនិច្ឆ័យ បែបសេដ្ឋកិច្ចមាន ផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារ ការងារនិងកម្រិតតម្លៃបន្ថែម នៃវិស័យការងារ ក៏ដូចជាបន្ទាត់ក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពិភាក្សា ប្រាក់ឈ្នួលផងដែរ។ (...) រង់ចាំមើលការសម្រេចជាថ្មី របស់អនុគណៈកម្មការរដ្ឋាភិបាល សម្រាប់ប្រាក់ខែអប្បបរមា ក្នងឆ្នាំ២០១៦ នេះសិន។»
» សូមស្តាប់ការបកស្រាយទាំងស្រុងដូចខាងក្រោម របស់លោក អ៊ិត សំហេង៖
ទាមទារប្រាក់ខែ តាមបែបនយោបាយ...
ដោយឡែកប្រធានសហព័ន្ធនិយោជក លោក វ៉ាន់ ស៊ូអៀង បានលើកឡើងថា ការទាបទារប្រាក់ខែ របស់តំណាងកម្មករនិយោជិតនេះ ត្រូវបានលោកមើលឃើញថា ធ្វើឡើងតាមបែបនយោបាយ។ លោកទទួលស្គាល់ថា ការទាមទារ ឬការតម្លើងប្រាក់ឈ្នួលជាបន្តបន្ទាប់នោះ ត្រូវតែស្របទៅតាមកំណើននៃសេដ្ឋកិច្ច និងក៏ស្របទៅតាមលទ្ធភាព របស់និយោជកដែរ។ លោក ស៊ូអៀង បានលើកឡើងទៀតថា៖ «ប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិតត្រូវតែឆ្លុះបញ្ចំាង នូវតថភាពសេដ្ឋកិច្ចទីផ្សារ និងត្រូវតែសមស្រប ទៅនឹងកម្មករនិយោជក ឲ្យដំណើរការល្អ ក្នុងការមានលទ្ធភាព ផ្តល់ប្រាក់ឈ្នួលជួនកម្មករនិយោជិកដែរ។ (...) តថភាពនេះ ត្រូវឡើងតាមសេដ្ឋកិច្ចទីផ្សារ ជាជាងធ្វើសកម្មភាពចំណេញ “នយោបាយ”។ ព្រោះថា ដោយសារតែបញ្ហានយោបាយ ធ្វើឲ្យរោងចក្រមួយចំនួន នៅកម្ពុជាត្រូវបិទទ្វាបន្តបន្ទាប់។»
«ប្រាក់ឈ្នួលឆ្នាំ២០១៦» នេះ បើទោះជាត្រីភាគីបានជួបគ្នា បីលើករួចមកហើយក្តី តែលទ្ធផលនៃតម្លៃប្រាក់ឈ្នួលពិតប្រាកដ មិនទាន់ចេញជាផ្លូវការនៅឡើយទេ។ ឯតំណាងកម្មករ នៅតែប្រកាស និងដាក់តម្លៃប្រាក់ឈ្នួលនេះ ពី១៥៧ ទៅ១៧៧ដុល្លា។ ការសម្រេច និងប្រកាសពីលទ្ធផលនេះជាផ្លូវការ និងត្រូវធ្វើឡើងនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ។
ក្នុងសន្និសិទថ្នាក់ជាតិមួយ ស្តីពីទំនាក់ទំនងវិជ្ជាជីវៈលើកទី៦ កាលពីថ្មីៗនេះ បានលើកយកបញ្ហាចំនួន«បី» មកដាក់ជជែក និងពិភាក្សា ស្វែងរកដំណោះស្រាយ សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។ករណីទាំងបីរួមមាន «ការកំណត់ប្រាក់ឈ្នួលអប្បរិមា, ការទាមទារអត្ថប្រយោជន៍ផ្សេងៗ និងការសិក្សាអំពីកូដកម្ម បាតុកម្ម»។ តាមសិក្ខាសាលានេះ បានបង្ហាញថា វិស័យកាត់ដេរនៅកម្ពុជា ក្នុងឆ្នាំ២០១៤ កន្លងមកនេះ មានប្រមាណជាង៦០០រោងចក្រ ដោយបានផ្ដល់ការងារ សម្រាប់កម្មករ-និយោជិក ប្រមាណជាង៦សែននាក់ និងអាចឲ្យប្រទេសកម្ពុជា ទទួលចំណូលបានប្រហែល៥កោដិ ដុល្លាអាមេរិក៕