កម្មករកាលីស្តូ-មូន៖ ចរចាមួយព្រឹកជាមួយក្រសួងការងារ គ្មានលទ្ធផល
ជាលទ្ធផលដែលកម្មករជាង១០០នាក់ មកពីរោងចក្រកាលីស្តូ និងរោងចក្រមូន រងចាំតំណាងរបស់ខ្លួនចូលចរចាជាមួយក្រសួងការងារ លើការទាមទារចំនុចមួយចំនួន តាំងពីម៉ោង៩ព្រឹក ដល់ម៉ោង១២ និង៣៥នាទីនេះ គឺមិនទទួលបានលទ្ធផលអ្វីទាំងអស់។
ក្រុមកម្មការិនីដែលធ្វើកូដកម្ម។ (រូបថត MONOROOM.info/ Nita)
វិបត្តិការងារ - ការចរចាគ្នាជាមួយក្រសួងការងារ ប្រើពេលអស់មួយព្រឹក នៅថ្ងៃទី២០ ខែមិនា នេះ មិនទទួលបានលទ្ធផលនិងការព្រមព្រៀងណាមួយទេ ជុំវិញសំណើរទាមទារឲ្យរោងចក្រទទួលយកថ្នាក់ដឹកនាំសហជីពបីនាក់ចូលធ្វើការវិញ និង១៧ចំនុចផ្សេងទៀត របស់កម្មករនៅរោងចក្រកាលីស្តូ និងរោងចក្រមូន ដែលបានធ្វើកូដកម្មទាមទារអស់រយៈពេលជាងកន្លះខែហើយ។ លោកថោង សឿន អ្នករដ្ឋបាលនិងជាអ្នកសម្របសម្រួលនៃសហជីពសហព័ន្ធស្មារតីកម្មករ បានអោយដឹងដែរថា នៅថ្ងៃសុក្រនេះ ខាងក្រសួងការងារ គេនឹងហៅភាគីរោងចក្រ អោយមកផ្តល់ព័ត៌មាន ពីបញ្ហាដែលពាក់ព័ន្ធនេះ។ បន្ទាប់មកទៀតខាងក្រសួង និងខាងនាយកដ្ឋានដោះស្រាយវិវាទការងារ នឹងធ្វើសេចក្តីសម្រចមតិរួម ថាតើនឹងដោះស្រាយយ៉ាងម៉េចនៅពេលខាងមុខ។
បើតាមការអះអាងរបស់តំណាងកម្មកររូបនេះ ចំនុចដែលជាការទាមទារសំខាន់បំផុត គឺទាមទារអោយថ្នាក់ដឹកនាំសហជីព ដែលក្រុមហ៊ុនបានបញ្ឈប់កាលពីថ្ងៃទី២៨ កុម្ភៈ អោយគាត់មកចូលធ្វើការវិញធម្មតា និងអោយក្រុមហ៊ុនមិនកាត់លុយ អំឡុងពេលកម្មករធ្វើកូដកម្ម។ លោកបន្តថា «អោយតែក្រុមហ៊ុនអោយថ្នាក់ដឹកនាំសហជីព បានចូលធ្វើការវិញ រឿងផ្សេងៗទៀត យើងនឹងអាចដោះស្រាយបាន»។
រីឯមូលហេតុដែលថៅកែរោងចក្រ បញ្ឈប់ថ្នាក់ដឹកនាំសហជីពទាំងបីនាក់នោះ ត្រូវបានលោក ចាន់ ភារម្យ មន្រ្តីសម្របសម្រួលនៃសហជីពដដែល ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដឹងថា ដោយសារតែគាត់បានឈរឈ្មោះ ជាថ្នាក់ដឹកនាំសហជីព។ លោក ចាន់ ភារម្យ បានថ្លែងឡើងថា ក្រុមហ៊ុនបានរើសអើងសហជីព ហើយក្រុមហ៊ុនបានយកលេះថា ដល់កិច្ចសន្យាត្រូវបញ្ឈប់អ្នកទាំងបីនាក់ហ្នឹង។
តំណាងសហជីពរូបនេះ បានបន្ថែមទៀតថា «យើងជូនដំណឹង មុនពេលដែលគាត់បញ្ឈប់ តែគាត់យកលេស ហើយគាត់ថាគាត់មិនបានទទួលដំណឹងពីខាងយើង។ យើងបានចរចាទាំងជាមួយក្រសួង ទាំងអភិបាលខ័ណ្ឌ តែមិនបានលទ្ធផលអីទាំងអស់ គេឆ្លើយតបថា គេមិនទទួលតំណាងយើងចូលធ្វើការ។»
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចទាក់ទង សុំការបំភ្លឺពីក្រសួងការងារ និងពីភាគីក្រុមហ៊ុនថៅកែរោងចក្របានទេ នៅថ្ងៃទី២០ខែមិនា ឆ្នាំ២០១៤នេះ។
ចំណែកឯ១៧ចំនុចផ្សេងទៀត ដែលកម្មករទាមទារដែរនោះមានដូចជា សូមអោយក្រុមហ៊ុនផ្តល់ប្រាក់រង្វាន់ទៀងទាត់១៥ដុល្លាក្នុងមួយខែ ផ្តល់មធ្យាបាយធ្វើដំណើរ និងស្នាក់នៅ១០ដុល្លាក្នុងមួយខែ ផ្តល់លុយសំរាប់អាហារថ្ងៃត្រង់ ៤០០០រៀល ក្នងមួយថ្ងៃ នៅពេលដែរកម្មករសុំច្បាប់ឈប់សម្រាក ដោយមានជំងឺមានលិខិបញ្ជាក់ត្រឹមត្រូវ ក្រុមហ៊ុនមិនត្រូវកាត់ប្រាក់ឈ្នួល អនុវត្តការសុំច្បាប់របស់កម្មករ អោយកាន់តែមានភាពងាយស្រួល អនុញ្ញាតអោយស្រ្តីមានផ្ទៃពោះចេញមុន១៥នាទី និងលក្ខខណ្ឌមួយចំនួនទៀត៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២០ មីនា ២០១៤