ប្រាក់ឈ្នួលកម្មករសាកល្បង១២៣ដុល្លារ និងពេញសិទ្ធិ១២៨ដុល្លារ សម្រាប់ឆ្នាំ២០១៥
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១២ វិច្ឆិការ ២០១៤
- កែប្រែចុងក្រោយ: November 12, 2014
- ប្រធានបទ: បៀវត្សរ៍កម្មករ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយបញ្ចប់កិច្ចប្រជុំ រឿងតម្លើងប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មកររោងចក្រកាត់ដេរ ឆ្នាំ២០១៥ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីប្រកាសភ្លាមៗ សម្រេចផ្តល់ប្រាក់ឈ្នួល១២៣ដុល្លា សម្រាប់កម្មករសាកល្បង និងពេញសិទ្ធិទទួលបាន១២៨ ដុល្លា ក្នុងឆ្នាំ២០១៥ខាងមុខ។ នេះបើយោងតាម តាមសេចក្តីប្រកាសថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែលចុះហត្ថលេខា ដោយលោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សេចក្តីប្រកាសដដែល បានសម្រេចរក្សាទុក នូវអត្ថប្រយោជន៍ផ្សេងៗ ដែលកម្មករនិយោជិកធ្លាប់ទទួលបានកន្លងមក។ ឯប្រាក់ឈ្នួល១២៣ដុល្លា នឹងទទួលបានសម្រាប់កម្មករនិយោជិក ក្នុងការងារសាកល្បង និង១២៨ ដុល្លា សម្រាប់កម្មករនិយោជិកពេញសិទ្ធិ។ ការទទួលប្រាក់ខែនេះ នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥តទៅ។
ទោះបីការកំណត់ នូវចំនួនប្រាប់ឈ្នួលកម្មករនិយោជិក ត្រឹមតែ១២៣ដុល្លានេះក្តី មានសហជីពមួយចំនួន បានបង្ហាញការមិនពេញចិត្តរបស់ខ្លួន ដោយសារតែប្រាក់ឈ្នួលដែលទទួលបាននេះ នៅមានកម្រិតទាបនៅឡើយ។
សេចក្តីថ្លែងការណ៍រួម របស់សហព័ន្ធសហជីពចំនួនប្រាំបី ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានសរសេរឲ្យដឹងថា៖ «យើងខ្ញុំទាំងអស់គ្នា មានការសោកស្តាយ ចំពោះការសម្រេចរបស់ក្រុមប្រឹក្សាការងារ LAC ដែលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១២៣ ដុល្លារ សហរដ្ឋអាមេរិក ក្នុង ១ ខែ ដល់កម្មករនិយោជិត សម្រាប់ឆ្នាំ២០១៥។ ការសម្រេចផ្តល់ជូននេះ គឺគ្រាន់តែស្ថិតនៅលើបន្ទាត់ នៃភាពក្រីក្រតែប៉ុន្មានដុល្លារប៉ុណ្ណោះ ដូច្នេះកម្មករនិយោជិត នៅមិនទាន់ទទួលបានប្រាក់ឈ្នួលអប្បបរមាសមរម្យនៅឡើយទេ។»
សហព័ន្ធសហជីពចំនួនប្រាំបី នឹងស្នើដល់រដ្ឋាភិបាលឲ្យធ្វើការពិចារណាជាថ្មី ក្នុងការតម្លើងប្រាក់ឈ្នួលនេះ ដល់កម្រិតមួយ ដែលអាចដើរទាន់ទីផ្សារអាស៊ាន នាពេលខាងមុខ។ សេចក្ដីប្រកាសនោះ បានបន្តទៀតថា៖ «យើងខ្ញុំទាំងអស់គ្នា សូមសំណូមពរឲ្យរាជរដ្ឋាភិបាល មេត្តាពិចារណាអន្តរាគមន៍ ចំពោះការដំឡើងប្រាក់ឈ្នួលអប្បបរមា កម្មករនិយោជិក ឲ្យបានប្រសើរជាង ការសម្រេចរបស់ក្រុមប្រឹក្សាការងារ LAC។ យើងខ្ញុំទាំងអស់គ្នា សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ពិតជាពិចារណាចំពោះសំណើរបស់សហជីព។»។
សហជីពទាំងប្រាំបីនោះ ក៏បានបង្ហាញនូវជំហរបន្តទៅមុខទៀត ក្នុងការទាមទាឲ្យមានការតម្លើងប្រាក់ឈ្នួលខ្ពស់ជាងនេះ។ ហើយប្រសិនបើរដ្ឋាភិបាលនៅតែមិនអើពើ ចំពោះករណីនេះទេ ក្រុមសហជីពនឹងបន្តយុទ្ធនាការរបស់ខ្លួន ទៅមុខជាបន្តទៀត ធ្វើយ៉ាងណា ជំរុញការដំឡើងប្រាក់ឈ្នួលអប្បបរមា ឲ្យបានសមរម្យជាងនេះ ដើម្បីឲ្យ«ជីវភាពកម្មករយោជិត មានភាពកាន់តែប្រសើរឡើង»៕