ប្រតិកម្ម​ជុំ​វិញ​ប្រាក់​ខែ​គោល ១២៣​ដុល្លារ របស់​កម្មករ

កិច្ចប្រជុំ របស់គណៈកម្មការប្រឹក្សាការងារ អាណត្តិទី៨ លើកទី១១ បានបោះឆ្នោតសម្រេច យកប្រាក់ខែ​អប្បបរមា​របស់​កម្មករ​ចំនួន ១២៣ ដុល្លាក្នុងមួយខែ និងចាប់ផ្តើមអនុវត្ត ទៅតាមគោលការណ៍​ដែល​បាន​បោះឆ្នោត​រួច នៅ​ដើមឆ្នាំ២០១៥​ខាង​មុខ​នេះ។ ជាការសម្រេច ដែល​ធ្វើ​ឲ្យ​មាន​ការ​បក​ស្រាយ​ផ្សេងៗ​គ្នា ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ បានបញ្ចប់។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១២ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 12, 2014
  • ប្រធានបទ: បៀវត្សរ៍កម្មករ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមរយៈការបោះឆ្នោតប្រាក់ខែអប្បរមា​របស់​កម្មករ​កាល​ពី​ថ្ងៃ​ទី ១២ វិច្ឆកា ព្រឹក​ម៉ិញ​នេះ​បាន​បោះ​ឆ្នោត​សម្រេច យក​ប្រាក់​ខែ​គោល​កម្មករ​រោង​ចក្រ ចំនួន ១២៣​ដុល្លារ​ក្នុង​មួយ​ខែ។ ការ​បោះ​ឆ្នោត​នេះ គណៈ​កម្មការ​ប្រឹក្សា​ការងារ សម្រេច​យក​តួលេខ​ចំនួន​បី មក​ធ្វើការ​បោះ​ឆ្នោត។ តួ​លេខ​ទី១ មាន​ទឹក​ប្រាក់ ១១០ ដុល្លារ និង​ទទួល​បាន​សំឡេង​ឆ្នោត ៧លើ ២៥។ តួ​លេខ​ទី២ មាន​ទឹក​ប្រាក់ ១២៣ ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត ១៦ លើ​២៥ និងតួ​លេខ​ទី៣ មាន​ទឹក​ប្រាក់ ១៤០ ដុល្លារ ទទួល​បាន​សំឡេង​ឆ្នោត ២ លើ ២៥។

លោករដ្ឋមន្ត្រី អ៊ិត សំហេង ប្រធាន​គណៈ​កម្មការ​ការងារ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ក្រោយ​ពេល​បញ្ចប់​អង្គ​ប្រជុំ​កាល​ពី​ព្រឹក​ម៉ិញ​នេះ​ថា បា្រក់ ១២៣ ដុល្លារ​របស់​កម្មករ មិន​បាន​រាប់​បញ្ចូល​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​នៅ​ដដែល​ទាំង​អស់​នោះ​ទេ។ ប្រាក់​អត្ថប្រយោជន៍​នោះ រួម​មាន ប្រាក់​អនុវត្ត​ការងារ​ទៀង​ទាត់ របស់​កម្មករ​នី​មួយៗ ១០ដុល្លា ប្រាក់​សំរាប់​ធ្វើ​ដំណើរ ៧ដុល្លា ប្រាក់​អតីតភាព ពី ២ដុល្លា ទៅ ១១ដុល្លា គឺ​នៅ​រក្សា​ជូន​កម្មករ​ដដែល ហើយ​នៅ​មាន​កាតព្វកិច្ច​មួយ​ទៀត សម្រាប់​ឲ្យ​នាយោជក​អនុវត្ត​នោះ គឺ​ត្រូវ​បង់​ថ្លៃ​ការ​ធានា​រ៉ាប់​រង​សុខភាព ជូន​កម្មករ​ថែម​ទៀត។

តាមការបញ្ជាក់របស់ប្រធានគណៈកម្មការដដែលនេះ បានលើកឡើងថា ទឹកប្រាក់ចំនួន ១២៣ដុល្លានេះ កម្ពុជា​នៅមានការប្រកួតប្រជែង ជាមួយប្រទេសជិតខាងនៅឡើយ ពោលគឺនៅអាចទាក់ទាញនិយោជកបាន ព្រោះថាប្រាក់ឈ្នួលកម្មកររបស់ប្រទេសជិតខាង មានចំនួនប្រហាក់ប្រហែល នឹងប្រាក់ឈ្នួលប្រទេស​កម្ពុជា​ដែរ។ ម្យ៉ាងវិញទៀត កត្តាគិតគូរពីសុខុមាលភាពរបស់កម្មករ នឹងអាចជាកត្តាទាក់ទាញធំ សំរាប់អ្នក​វិនិយោគ។

ការអនុវត្តកិច្ចចរចារប្រាក់ឈ្នួលកម្មករនេះ បានប្រព្រឹតទៅអស់រយៈពេល ៤ខែកន្លងទៅហើយ ដែលក្រុម​សហជីពនឹង គណៈកម្មការប្រឹក្សាការងារ បានខិតខំទាមទារឲ្យមានការតំឡើងប្រាក់ឈ្នួលជូនកម្មករ។ ហើយ​ថវិការចំនួន ១២៣ដុល្លារ ដែលបានសម្រេចនេះ នឹងនៅមានការពិចារណាម្តងទៀត ពីប្រមុខរាជរដ្ឋាភិបាល។

សម្រាប់លោក លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា បានថ្លែងថា ប្រាក់ឈ្នួល ១២៣ដុល្លា​ជាតួរលេខមួយ មិនទាន់សមស្របទៅនឹងជីវភាពពិតប្រាកដ របស់កម្មករនោះទេ លោកបានសំណូមពរទៅ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងសម្តេចនាយករដ្ឋមន្ត្រី គួរពិនិត្យឲ្យអស់ពីលទ្ធភាពដើម្បីបន្ថែមទៅលើ ប្រាក់​ឈ្នួល ១២៣ដុល្លាបន្ថែម និងជួយទប់ស្កាត់អតិផរណាទំនិញ មធ្យោបាយធ្វើដំណើរ និងថ្លែផ្ទះស្នាក់នៅ។

រីឯលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាវិញ រួមជាមួយ​មេដឹកនាំ​សហជីពដទៃចំនួន៧ផ្សេងទៀត បានចេញសេចក្ដីថ្លែងការណ៍ភ្លាមៗមួយ បដិសេធមិនទទួលយក តួរលេខ ១២៣ដុល្លារនេះ។ លោក អាត់ ធន់ បានថ្លែងថា «យើងនឹងធ្វើការតវ៉ាបន្តទៀត»។

គួរបញ្ជាក់ថាតាមការលើកឡើងរបស់លោក អ៊ិត សំហេង ប្រាក់ខែអប្បរមារបស់កម្មករទាំងអស់ ប្រហែល​ជា​មិនមានជាប់ពន្ធនោះទេ ព្រោះរដ្ឋាភិបាលសម្រេចយកពន្ធ ចំពោះអ្នកដែលមានប្រាក់ខែចាប់ពី ៨០ម៉ឺនរៀល​ឡើងទៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...