ការដោះលែងស្រ្តី ក្នុងថ្ងៃ៨មីនា ជារឿងនយោបាយ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី៩ មីនា ២០១៥
- កែប្រែចុងក្រោយ: March 09, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បញ្ជាឲ្យដោះលែងអ្នកទោស ជាស្ត្រីដែលមានកូនក្រោមអាយុ៤ឆ្នាំ និងស្រ្តីមានផ្ទៃពោះ របស់លោក ហ៊ុន សែន ត្រូវបានទទួលការអបអរជាទូទៅ ជាពិសេស ពីសំណាក់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។ ប៉ុន្តែ ក្រុមមន្ត្រីទាំងនោះ នៅបង្ហាញនូវមន្ទិលមួយចំនួន ដែលពាក់ព័ន្ធនឹងការដោះលែង ស្ត្រីទណ្ឌិតទាំងនោះ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការលីកាដូ លោក អំ សំអាត បាននិយាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ធ្វើយ៉ាងណា ឲ្យការដោះលែងនោះ ត្រូវធ្វើឡើងជាលក្ខណៈទូទៅ មិនចំពោះ និងត្រូវបានពិនិត្យ ឲ្យបានជាក់លាក់ ចំពោះស្រ្តីទាំងនោះ នូវបទល្មើសរបស់ពួកគាត់ ដែលបានទទួល។ ពិសេសចំពោះស្រ្តី ដែលជាបទឧក្រិដ្ឋ យ៉ាងណាការដោះលែង អាចធ្វើទៅបាន លុះត្រាតែស្រ្តីនោះ បានទទួលទោសចំនួន២ភាគបី នៃទោសទាំងមូលជាមុនសិន ឬមួយយោងតាមសភាពជំងឺ នៃស្រ្តីដែលត្រូវដោះលែង ជាកិច្ចចាំបាច់។
លោក សំអាត បានថ្លែងឲ្យដឹងថា៖ «ការដោះលែង ត្រូវធ្វើឡើងជាទូទៅ មិនថាស្រ្តីខាងជំលោះដីធ្លី ស្រ្តីមានពិរុទ្ធ ត្រូវតែធ្វើឡើង បានគ្រប់បុគ្គលទាំងអស់ និងធ្វើឡើងគ្រប់ពេលវេលា ដែលមានការលើកលែងទោសនេះ និងត្រូវធ្វើឡើងគ្រប់ឆ្នាំ ដោយមិនចាំបាច់ មានការស្រែកជាថ្មី ដោយលោកនាយករដ្ឋមន្រ្តីនោះទេ។»
នៅថ្ងៃទី១២ ខែកុម្ភៈថ្មីៗនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើដល់ក្រសួងយុត្តិធម៌ ឲ្យធ្វើការគិតគួរពីបញ្ហានេះ ប្រកបដោយភាពស្មោះត្រង់ តម្លាភាពនិងមិនលំអៀង។ លោកថា ការស្នើឲ្យមានការលើកលែង របស់លោកនាយករដ្ឋមន្ត្រី នាពេលនេះ បានធ្វើឡើង ចំពោះអ្នកទោសណា ដែលមានសាលក្រមស្ថាពរប៉ុណ្ណោះ។ តែលោក ហ៊ុន សែន នឹងមិនអាចស្នើ ឲ្យលើកលែងទោស សម្រាប់ជនជាប់ចោទណា ដែលនៅកំពុងដំណើរការរឿងក្តី នៅតុលាការនោះឡើយ។
សម្រាប់ លោក នី ចរិយា ប្រធានស៊ើបអង្កេត និងជាមេធាវីតំបន់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តី មិនបានធ្វើការបកស្រាយអ្វីទេ ចំពោះបញ្ជាដ៏មានឥទ្ធិពល របស់លោកនាយករដ្ឋមន្រ្តី ដែលបង្គាប់ឲ្យមានការពិនិត្យ និងដោះលែងស្រ្តីមានកូន និងស្រ្តីមានផ្ទៃពោះ ពីពន្ធនាគារនោះទេ។ តែលោកបានបញ្ជាក់យ៉ាងខ្លីថា៖ «ករណីនេះ ជារឿងនយោបាយ»។
សូមរំលឹកថា នាវិមានសន្តិភាព ក្នុងទិវាសិទ្ធិនារីអន្តរជាតិលើកទី១០៤ កាលពីថ្ងៃទី៨ ខេមីនា ម្សិលម៉ិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពី ដោយក្តីមេត្តាពីបណ្តាអ្នកច្បាប់ សង្គមស៊ីវិល និងបុគ្គលមួយចំនួនទៀត កុំធ្វើការទិទៀន ចំពោះសេចក្តីស្នើរបស់លោក ក្នុងការដោះលែងស្រ្តី និងការលើកលែងទោសស្រ្តីមានគភ៌ និងមានកូនពីក្នុងពន្ធនាគារនោះ។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «សូមអ្នកច្បាប់ទាំងឡាយ និងអ្នកចូលចិត្តទិទៀននាយករដ្ឋមន្រ្តី មេត្តាយោគយល់។ ខ្ញុំមិនបានបំពានអំណាចទេ។ (…) ខ្ញុំបានប្រើប្រាស់អំណាចរបស់ខ្ញុំ ត្រឹមត្រូវតាមច្បាប់។ នោះគឺច្បាប់ ស្តីពីពន្ធនាគារ ដែលបើកច្រកឱ្យនាយករដ្ឋមន្រ្តី ស្នើសុំព្រះរាជទានទោស នៅពេលណាក៏បាន ឲ្យតែសាលក្រមចេញជាស្ថាពរហើយ ធ្វើបានហើយ។»
អង្គការការពារសិទ្ធិមនុស្ស លីកាដូ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ដែលបានដាក់ទៅកាន់នាយករដ្ឋមន្រ្តី នាពេលកន្លងមក បានបង្ហាញថា កុមារដែលស្ថិតក្នុងពន្ធនាគារ ជាមួយម្តាយរបស់ខ្លួន ដែលកំពុងមានទោសនោះ បាននឹងកំពុងប្រឈមមុខពីបញ្ហាសុខភាព ជាមយយនឹងការលូតលាស់ ផ្នែកបញ្ញាស្មារតី។ សេចក្តីថ្លែងការណ៍នោះ បានសរសេរបន្តថា កុមារដែលមានអាយុក្រោមបួនឆ្នាំ កង្វះខាតផ្នែកអប់រំ ការថែរទាំ ភាពយឺតយ៉ាវ នៃការលូតលាស់ផ្នែកស្មារតី និងរាងកាយជាដើម។
ស្ត្រីទាំង២២នាក់ ដែលត្រូវបានធ្វើការដោះលែង ក្នុងថ្ងៃសិទ្ធិនារីនោះ ស្រ្តី១៣នាក់ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន។ ស្រ្តី៣នាក់ ពាក់ព័ន្ធនឹងបទចោរកម្ម។ ស្រ្តី ២នាក់ពាក់ព័ន្ធ នឹងអំពើឃាតកម្ម ការប៉ុនប៉ងធ្វើមនុស្សឃាត។ ២នាក់ពាក់ព័ន្ធ នឹងបទប្រព្រឹត្តិអំពើហិង្សា និងជះទឹកអាស៊ីត។ រីឯ២នាក់ចុងក្រោយ ពាក់ព័ន្ធនឹងបទសញ្ចារកម្ម និងបង្ករបួសស្នាម។ លោក អំ សំអាត បានអះអាងថា ស្រ្តីចំនួន៣៨នាក់ ផ្សេងទៀត ដែលមានផ្ទៃពោះ និងមានកូននៅជាមួយនាក់ក្នុងពន្ធនាគារនោះ ក៏នឹងធ្វើការដោះលែងជាបន្តទៀត ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ។ ការងារនេះ លោកនឹងបន្តការតាមដាន និងឃ្លាំមើលពីតម្លាភាព និងអព្យាក្រិត្យភាព នៃការដោះលែងជាបន្ត មិនថាក្នុងពន្ធនាគារ នៅក្រុង ឬខេត្តឡើយ។
តាមព្រះរាជក្រិត្យ ដែលគ្មានហត្ថលេខាង និងមានឈ្មោះលោក ជា ស៊ីម នោះ បានសរសេរបញ្ជាក់ថា ស្រ្តីចំណោម២២នាក់ ដែលត្រូវធ្វើការដោះលែងនោះ មានអាយុចន្លោះ ពី១៧ឆ្នាំ ទៅ៤០ឆ្នាំ រួមមានម្នាក់ដែលមានទោស តិចជាងគេ គឺដប់ខែ និងបីនាក់ មានទោសខ្ពស់ជាងគេ ដល់ទៅ១៥ឆ្នាំ។ ក្រៅពីនោះ សុទ្ធសឹងតែជាស្ត្រីមានទោស ចន្លោះពី១ឆ្នាំ ទៅ៥ឆ្នាំ។
តាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបង្ហាញថា ស្ត្រីអ្នកទោសមានកូនរស់នៅជាមួយ ក្នុងពន្ធនាគារ ចំនួន២១នាក់ និងស្ត្រីមានផ្ទៃពោះ០១នាក់ ដែលទទួលបាន ការលើកលែងទោស៕