អ្នកច្បាប់បង្ហាញ ពីយន្តការ«លុបបំបាត់»ការធ្វើទារុណកម្មក្នុងពន្ធនាគារ
ស្របពេលដែលអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជាកំពុងសហការគ្នា ដើម្បីលុបបំបាត់ការធ្វើទារុណកម្មលើជនជាប់ឃុំ និងទទូចឲ្យមានការគាំទ្រពីអង្គការសង្គមស៊ីវិលផងដែរនោះ អ្នកច្បាប់កម្ពុជាក៏បានសាទរចំពោះយន្តការនេះ ហើយថែមទាំងបានបង្ហាញ ពីរបៀបទប់ស្តាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពផងដែរ។
អ្នកទោសដែលត្រូវបានមន្ត្រីពាក់ខ្នោះដៃ មុននឹងបណ្ដើរចេញទៅក្រៅ។ (រូបថត MONOROOM.info/ O.Vary)
ប្រព័ន្ធយុត្តិធម៌ - ជុំវិញបញ្ហានេះ លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣ បានលើកឡើងថា បើយោងលើការត្អូញត្អែររបស់ជនជាប់ចោទ រហូតមកដល់បច្ចុប្បន្ននេះ ករណីធ្វើទារុណកម្មលើជនជាប់ឃុំ ក្នុងពន្ធនាគារកម្ពុជា នៅតែមានកើតឡើងនៅឡើយទេ។ ហើយលើសពីនេះ ករណីមួយចំនួនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយទៀតផង។
ចំពោះដំណោះស្រាយបញ្ហានេះ លោក សុក សំអឿន បានពន្យល់ថា បើគ្រាន់តែមានអង្គភាពបង្កាអំពើទារុណកម្ម និងការសហការជាមួយដៃគូពាក់ព័ន្ធ វាជាការពិបាកជឿជាក់ណាស់ដែលថា ស្ថាប័ននេះនឹងមានសមត្ថភាព និងប្រសិទ្ធិភាពការងារគ្រប់គ្រាន់ សម្រាប់ការទប់ស្កាត់ ការធ្វើទារុណកម្មលើជនជាប់ឃុំ ខណៈចំណុចរសើបនៃបញ្ហានេះ មិនត្រូវបានលើកយកមកដោះស្រាយ។
លោក សុក សំអឿន បញ្ជាក់ថា គេត្រូវធ្វើកំណែទម្រង់លើចំណុចសំខាន់ៗមួយចំនួនទៀត ដូចជា៖
១. លុបមាត្រា៩៨ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលហាមមិនឲ្យមេធាវីជួបជនសង្ស័យពេលចាប់ខ្លួនភ្លាម។ ហើយក៏ត្រូវអនុញ្ញាតឲ្យជនជាប់ចោទ ជួបមេធាវីភ្លាមផងដែរ។
២. ផ្តល់ការហ្វឹកហ្វឺនមន្រ្តីនគរបាលឲ្យមានជំនឿថា ជនជាប់ចោទអាចមានទោស ដោយមិនចំបាច់មានចម្លើយសារភាព ឲ្យតែនគរបាល ឬព្រះរាជអាជ្ញាមានភស្តុតាងគ្រប់គ្រាន់ សម្រាប់ដាក់បន្ទុក។
៣. កែក្រមនីតិវិធីព្រហ្មទណ្ឌ ដោយអនុញ្ញាតឲ្យនគរបាល នៅតែមានសិទ្ធិបន្ថែមភស្តុតាងរហូតដល់ចៅក្រមស៊ើបចេញដីការដំណោះស្រាយ។
និងទី៤. ការសង់បន្ទប់ឃាត់ខ្លួននៅតាមស្ថានីយនគរបាល ឲ្យមានស្តង់ដាជាដើម។
ទាក់ទងបញ្ហានេះ នៅសណ្ឋាគារ អ៊ិនធើខន់ធីណិនថល(Intercontinental) ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៣ ក្នុងពិធីបិទសិក្ខាសាលាស្ដីពីការបង្កើតស្ថាប័នឯករាជ្យ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្មលើជនជាប់ឃុំ ដែលរៀបចំដោយការិយាល័យនៃឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក ស ខេង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា កម្ពុជាមិនទាន់អាចដំណើរការបានល្អប្រសើរនៅឡើយទេ ចំពោះការទប់ស្កាត់ការធ្វើទារុណកម្មលើជនជាប់ឃុំ ព្រោះកម្ពុជានៅខ្វះខាតនៅឡើយ ទាំងបច្ចេកទេស បទពិសោធន៍ និងធនធានសម្ភារៈជាដើម។
លោក ស ខេង បន្ថែមថា ហេតុនេះទាមទារឲ្យគ្រប់សមាសភាព មានអង្គការសង្គមស៊ីវិល និងដៃគូម្ចាស់ជំនួយដទៃទៀត គួរជួយជ្រោមជ្រែងកិច្ចការនេះ ដើម្បីឲ្យការអនុវត្តលើវិស័យសិទ្ធិមនុស្ស និងផ្នែកផ្សេងទៀតអាចប្រព្រឹត្តទៅប្រកបដោយថាមពល ឯករាជ្យ ប្រកាន់ខ្ជាប់វិជ្ជាជីវៈ សុចរិតភាព តម្លាភាព និងប្រសិទ្ធិភាពការងារផងដែរ៕
---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ