បក្សខ្មែរក្រោកប្ដឹង សុខ ទូច ទៅតុលាការពីបទចោទចំនួន៣
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 07, 2018
- ប្រធានបទ: កោះត្រល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទចោទទាំងបីនោះ រួមមាន ការជ្រៀតជ្រែកដោយខុសច្បាប់ នៅក្នុងការបំពេញមុខងារសាធារណៈ ការញុះញង់ឲ្យមានការរើសអើង និងការរំលោភលើអំណាចតុលាការ។ នេះ បើតាមពាក្យបណ្ដឹង របស់គណបក្សខ្មែរក្រោក ដែលត្រូវបានចែកផ្សាយជាសាធារណៈ កាលពីពេលមុននេះ ប្ដឹងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឡើងទៅសាលាដំបូងរាជធានី ភ្នំពេញ។
បណ្ដឹង ដែលប្ដឹងដោយអគ្គលេខាធិការរងគណបក្ស លោក ខែម ស៊ីឡេង បានសរសេរថា លោក សុខ ទូច បានផ្ដល់កិច្ចសម្ភាស ទៅឲ្យសារព័ត៌មានក្នុងស្រុកចំនួនពីរ និងបានបង្ហោះវីដេអូមួយ នៅលើគណនីរបស់លោក ដែលមានអត្ថន័យគម្រាមកំហែង និងញុះញង់ឲ្យរដ្ឋាភិបាល ចាប់ខ្លួនបញ្ចូលគុក នូវបណ្ដាអ្នកផ្ដួចផ្ដើមគំនិតធ្វើញត្តិ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងដោះស្រាយឡើងវិញ លើសន្ធិសញ្ញាបំពេញបន្ថែម ខ្មែរ-វៀតណាម ឆ្នាំ២០០៥។
គណបក្សខ្មែរក្រោក បានស្នើឲ្យតុលាការ ចាត់ការលើលោក សុខ ទូច តាមច្បាប់ និងទាមទារ ឲ្យមានសំណងជំងឺចិត្ត ១០០លានរៀល។
នៅក្នុងបទសម្ភាស ផ្ដល់ទៅឲ្យប្រព័ន្ធសារព័ត៌មានក្នុងស្រុក ក៏ដូចជាវីដេអូផ្សាយផ្ទាល់ នៅលើបណ្ដាញសង្គម លោក សុខ ទូច បានចាត់ទុកយុទ្ធនាការប្រមូលស្នាមមេដៃ ទាមទារកោះត្រល់ ពីវៀតណាមមកវិញនេះ គឺជាសកម្មភាព ក្នុងទិដ្ឋភាពនយោបាយសុទ្ធសាធ ហើយអះអាងថា កោះត្រល់មិនមែនបាត់ក្នុងដៃរដ្ឋាភិបាលលោក ហ៊ុន សែន បច្ចុប្បន្ននេះទេ តែកោះត្រង់ ត្រូវបានបាត់បង់ តាំងពីមុនសង្គមរាស្ត្រនិយម ពោលគឺជំនាន់អាណានិគមបារាំង។
ប្រតិកម្មតបនឹងបណ្ដឹងខាងលើ លោក សុខ ទូច បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា លោកមិនបានគំរាមអ្នកណាទេ ហើយក៏មិនបានខ្វល់ខ្វាយចំពោះពាក្យបណ្ដឹងនេះដែរ។ លោកថា ការដាក់ពាក្យបណ្តឹង របស់គណបក្សខ្មែរក្រោក ជាសិទ្ធិរបស់គណបក្សសាមី ហើយលោកនឹងបញ្ជូនមេធាវី ទៅចាត់ការជាធម្មតា ប្រសិនជាមានការកោះហៅ ពីតុលាការ។
ប្រធានរាជបណ្ឌិត្យសភារូបនេះ បានបន្ថែមទៀតថា បណ្ដាមេដឹកនាំគណបក្សខ្មែរក្រោក ដែលទើបនឹងបង្កើតឡើងថ្មីថ្មោង គ្រាន់តែធ្វើរឿងទាំងអស់នេះ ដើម្បីចង់ល្បី និងដើម្បីផ្សាយពាណិជ្ជកម្ម ឲ្យគណបក្សពួកគេប៉ុណ្ណោះ។
រីឯគម្រោងប្ដឹងទាមទារកោះត្រល់មកវិញនោះ ត្រូវបានប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសារប៊ុង ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «William Guang» អះអាងថា នឹងនៅតែបន្តធ្វើដដែល ដោយធ្វើក្នុងជំហានដំបូង តាមយន្តការជាតិ ហេីយនឹងឈានដល់យន្តការអន្តរជាតិ បេីយន្តការជាតិមិនបានផល។
អ្នកច្បាប់មួយរូប បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ក្នុងដំណាក់កាលនេះ ទោះក្នុងជំហានណា ក៏មិនអាចធ្វើទៅរួចដែរ ជាពិសេសយន្ដការតុលាការអន្តរជាតិ។ អ្នកច្បាប់រូបនោះ បានពន្យល់ថា ក្នុងរឿងជម្លោះទឹកដី ស្ថាប័នសាលាក្ដីយុត្តិធម៌អន្តរជាតិ (ហៅកាត់តាមភាសាអង់គ្លេស ICJ ឬភាសាបារាំង CIJ) ទទួលយកបណ្ដឹង តែពីសំណាក់រដ្ឋាភិបាល ដែលតំណាងឲ្យរដ្ឋប៉ុណ្ណោះ៕