​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​

សហភាពអ៊ឺរ៉ុបបានធ្វើប្រតិកម្មខ្លាំងៗ នៅចំពោះការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំង នៅកម្ពុជា កាលពីយប់រំលងអាធ្រាត ឈានចូលមកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយវាយតម្លៃទង្វើនេះថា បានបញ្ជាក់ពីការកើនឡើង នូវស្ថានភាពនយោបាយ«ដ៏គ្រោះថ្នាក់» នៅកម្ពុជា ហើយបានបង្កមន្ទិល ទៅដល់ភាពស្របច្បាប់ នៃការបោះឆ្នោតជាតិ ក្នុងឆ្នាំខាងមុខ។ 
​សហភាព​អឺរ៉ុប​៖ ការ​ចាប់​ខ្លួន កឹម សុខា បញ្ជាក់​ពី​កំណើន​ស្ថានភាព​នយោបាយ​ដ៏​គ្រោះថ្នាក់​
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៣ កញ្ញា ២០១៧
  • កែប្រែចុងក្រោយ: September 04, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទន្ទឹមគ្នានឹងប្រតិកម្មនានា ដែលកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ប្រៀបបាននឹងគ្រាប់ភ្លៀងនោះ សហភាពអ៊ឺរ៉ុប ដែលជាស្ថាប័នបណ្ដុំប្រទេសចំនួន២៨ នៅក្នុងទ្វីបអ៊ឺរ៉ុប ក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីល្ងាចថ្ងៃទី៣ ខែកញ្ញ ឆ្នាំ២០១៧នេះ ជុំវិញករណីចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា ដោយអាជ្ញាធររដ្ឋាភិបាលកម្ពុជានោះដែរ។

ប្រសិនជាប្រទេស ដែលមានទំនាក់ទំនង ប្រទេសនិងប្រទេស ជាមួយកម្ពុជា បានបង្ហាញជំហរបែបការទូត ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន នោះ តែសម្រាប់សហភាពអ៊ឺរ៉ុប ដែលជាម្ចាស់ជំនួយ និងជាលំហរ​​ទិសដៅ​នាំ​ចេញ​ធំជាង​គេ សម្រាប់ប្រទេសកម្ពុជានោះ មិនសូវជាប្រើប្រាស់ភាសាការទូតប៉ុន្មានទេ។

ដូចក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​ចេញពី «ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជា​ភាសាបារាំង SEAE)» ក្នុងរាជធានី ប្រ៊ុយសែល ប្រទេសប៊ែលហ្សិក បានប្រកាសឡើងថា៖ 

«ការ​ចាប់ខ្លួន​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ លោក​ កឹម សុខា ​កាលពី​យប់​ថ្ងៃ ទី២ ​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ ដោយ​រំលោភ​អភ័យឯក​សិទ្ធិសភា​ បាន​បញ្ជាក់​ពី​ការកើនឡើង នៃ​ស្ថានភាព​នយោបាយដ៏គ្រោះថ្នាក់ នៅកម្ពុជា។​ បន្ថែមពី​លើ​ទង្វើ​ របស់​អាជ្ញាធរ​រដ្ឋាភិបាល កាលពីពេល​ថ្មីៗ ​ប្រឆាំង​នឹង​អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គការ​សារព័ត៌មាន​នានា​ ការចាប់ខ្លួន​នេះ ​ជា​ការ​ចង្អុល​បង្ហាញ​ឲ្យ​ដឹង ​អំពី​ការ​ប៉ុនប៉ងរឹតត្បិត​លំហរ​ប្រជាធិបតេយ្យ​ ក្នុងប្រទេស​កម្ពុជា​ និង​លំហរ​អំពី​ការ​រាយការណ៍​ព័ត៌មាន ការ​បញ្ចេញមតិ​ និង​ការិះគន់​ ដោយភាព​ឯករាជ្យ‍។»។

សេចក្តី​ថ្លែងការណ៍​ដដែល​បាន​បញ្ជាក់​ថា៖

«ដំណើរការ​ប្រជាធិបតេយ្យ​ ដែល​គួរឲ្យ​ជឿជាក់​បាន​ ចំពោះ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ​ក្នុងខែ​កក្កដា​ ឆ្នាំ២០១៨ខាងមុខ​នោះ​  ចាំបាច់​ត្រូវមាន​បរិយាកាស ​ដែល​គណបក្ស​នយោបាយ​នានា​ អង្គការ​សង្គម​ស៊ីវិល ​និង​បណ្តាញ​ព័ត៌មាន ​អាច​អនុវត្ត​តួនាទី​ស្របច្បាប់ របស់ពួក​គេរៀងៗខ្លួន​​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច គ្មាន​ការ​គំរាម​កំហែង​ ឬ​ការរឹតត្បិត​ តាម​តែអំពើ​ចិត្ត​ឡើយ។»

«សហភាព​អឺរ៉ុប​ត្រៀម​ខ្លួន​រួច​ជាស្រេច ​ដើម្បី​បន្ត​ជួយ​កម្ពុជា ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។ ​យើងក៏​រំពឹងដែរ​ថា​ អាជ្ញាធរ​រដ្ឋាភិបាលកម្ពុជា ​គោរព​សិទ្ធិ​របស់ពលរដ្ឋ និងបណ្ដាអង្គការនានា នៅក្នុងប្រទេសកម្ពុជា ដែលត្រូវទទួល​បាន នូវនីតិវិធីការពារខ្លួន នៅចំពោះមុខច្បាប់។​ យើង​សង្ឃឹម​ថា​ អាជ្ញាធរ​នឹង​ដោះលែង​លោក​ កឹម សុខា​ ជា​បន្ទាន់‍ ដោយយោងពីអភ័យឯកសិទ្ធសភា នៅជាធរមាន របស់លោក។»។

លោក កឹម សុខា ប្រធានគណបក្សប្រឆាំងធំ តែមួយគត់នៅកម្ពុជា និងអង្គរក្សរបស់លោកចំនួន៨នាក់ ត្រូវបានកងកម្លាំងនគរបាល ចូលទៅចាប់ខ្លួន នៅវេលាម៉ោង ០០ និង៣៥នាទី យប់​រំលង​អាធ្រាត ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដល់ក្នុងគេហដ្ឋានរបស់លោក ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។ រហូតមកដល់ពេលនេះ អង្គរក្សទាំង៨រូបនោះ ត្រូវបានដោះលែងមកវិញហើយ ខណៈលោក កឹម សុខា ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅឯពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជិតព្រំដែនខ្មែរ-យួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...