RFA និង VOA អស់អង់តែនរលកធាតុអាកាសផ្សាយបន្ត នៅកម្ពុជា
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៤ កញ្ញា ២០១៧
- កែប្រែចុងក្រោយ: September 04, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) នឹងមិនមានរលកធាតុអាកាស FM ផ្សាយបន្ត នៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីបម្រាមចុងក្រោយបង្អស់ចំនួនពីរច្បាប់ ត្រូវបានក្រសួងព័ត៌មាន ផ្ញើរទៅកាន់ម្ចាស់ស្ថានីយ៍វិទ្យុទាំងពីរ គឺវិទ្យុមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ១០២ Mhz និងវិទ្យុសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ១០៥ MHz។
នៅក្នុងលិខិតហាមពីរសន្លឹក ដាច់ដោយឡែកពីគ្នា ដែលចុះហត្ថលេខាក្នុងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយលោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ក្រសួងព័ត៌មានបានពន្យល់ពីហេតុផល មិនឲ្យវិទ្យុទាំងនេះ ផ្សាយព័ត៌មានបន្ត ពីវិទ្យុបរទេសទាំងពីរថា គឺដោយសារក្រសួងរកឃើញថា វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ ពុំទាន់បានចុះបញ្ជី ការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាន។
លិខិតនោះបានបញ្ជាក់ថា ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពី «គោលការណ៍ច្បាប់» ក្រសួងព័ត៌មានតម្រូវ ឲ្យម្ចាស់ស្ថានីយ៍ បញ្ឈប់ការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ លិខិតដដែលបានសរសេរព្រមានថា ប្រសិនបើវិទ្យណាមួយ នៅតែបន្តផ្សាយព័ត៌មាន ពីវិទ្យុទាំងពីរខាងលើ នោះក្រសួងនឹងដកអាជ្ញាប័ណ្ណវិទ្យុនោះ ឲ្យបញ្ឈប់ការផ្សាយជាស្ថាពរ។
ស្រង់សំដីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ម្ចាស់ស្ថានីយវិទ្យុទាំងពីរ គឺអ្នកស្រី ជា ស៊ុនដាណែត និងលោក ម៉ម សូណង់ដូ មិនមានជម្រើសអ្វីផ្សេង ក្រៅពីត្រូវធ្វើតាមបម្រាមនោះ ដោយលែងចាក់ផ្សាយព័ត៌មានបន្ត ពីវិទ្យុអាមេរិក ដែលផ្សាយជាខេមរភាសាទាំងពីរ។
ការហាមប្រាមវិទ្យុចំនួនពីរចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មាន បានដកអាជ្ញាប័ណ្ណ ជាបន្តបន្ទាប់ តាំងពីថ្ងៃទី២៣ ខែសីហាមក បញ្ឈប់ការផ្សាយទាំងស្រុង របស់វិទ្យុក្នុងស្រុក ជាង១០ ផ្សេងទៀត ដែលធ្លាប់បានផ្សាយបន្ត នូវកម្មវិធីព័ត៌មាន របស់វិទ្យុអាស៊ីសេរី និងវិទ្យុសម្លេងសហរដ្ឋអាមេរិក រួមទាំងវិទ្យុសំឡេងដើម្បីប្រជាធិបតេយ្យ (VOD) និងកម្មវិធីគោលនយោបាយ របស់គណបក្សសង្គ្រោះជាតិ។ ក្រសួងព័ត៌មាន បានលើកហេតុផលថា ការផ្សាយកម្មវិធីវិទ្យុពីប្រភពខាងក្រៅ បានធ្វើឡើង ដោយមិនសុំការអនុញ្ញាត ពីក្រសួង។
បណ្ដាស្ថាប័នជាតិ និងអន្តរជាតិជាច្រើន ជាពិសេសអង្គការសហប្រជាជាតិផង បានសំដែងប្រតិកម្មឡើងថា យុទ្ធនាការខាងលើ របស់ក្រសួងព័ត៌មាន ធ្វើឡើងដើម្បីរឹតត្បិតសេរីភាព និងឈានទៅបំបាត់សម្លេង របស់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នៅមុនការបោះឆ្នោតជាតិ ដែលនឹងឈានចូលមកដល់ នៅខែកក្កដាឆ្នាំខាងមុខ៕