កម្ពុជា​​ថា​​ជា​«នយោបាយនីយកម្ម» តែ​អាមេរិក​ថា​​ជា​​«ឧបសគ្គ»

បើ​តាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មានកម្ពុជា៖ គេ​​កំពុង​​ធ្វើ​«នយោបាយនីយកម្ម»​ លើ​បញ្ហា​ព្រហ្មទណ្ឌ​ នៅ​ពេល​​គេ​​លើក ​ពីបញ្ហាលោក ម៉ម សូណង់ដូ ​នាយក​​វិទ្យុ​សំបុក​ឃ្មុំ ថាជា​អ្នកទោស​នយោបាយ​។ តែ​សម្រាប់​ទីប្រឹក្សា​សន្តិសុខ​​ជាតិ​​អាមេរិក លោក ប៊េន រ៉ូដេស វិញ បានអះអាងថាការរំលោភសិទ្ធិមនុស្ស ជា​«ឧបសគ្គ» នៃ​ជម្រៅ​ទំនាក់ទំនង​ទ្វេភាគី អាមេរិក និង​កម្ពុជា។
កម្ពុជា​​ថា​​ជា​«នយោបាយនីយកម្ម» តែ​អាមេរិក​ថា​​ជា​​«ឧបសគ្គ»
ជំនួបចាប់ដៃរវាងប្រធានាធិបតីអាមេរិកាំង បារ៉ាក់ អូបាម៉ា និងនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន នៅភ្នំពេញ។ (រូបថត៖ AP/Vincent Thian)
Loading...
  • ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ វិច្ឆិកា ២០១២
  • កែប្រែចុងក្រោយ: November 20, 2012
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ បាន​និយាយរម្លឹកឡើងវិញ នា​ព្រឹក​ថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ​២០១២ បន្ទាប់ពីសន្និសិតកាសែត ស្ដីពី​ជំនួបទ្វេ​ភាគី កម្ពុជា-អាមេរិក ត្រូវបានធ្វើម្ដងរួចមកហើយ ដោយ​លោក ប្រាក់ សុខុន កាលល្ងាចម្សិលម៉ិញ នៅមណ្ឌល​ព័ត៌មាន​ដដែលនេះ។  លោក ខៀវ កាញារីទ្ធ បានស្រង់​សម្ដី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយតបទៅនឹង ការលើកឡើង របស់លោកប្រធានាធិបតី​​ អាមេរិក បារ៉ាក់ អូបាម៉ា ​ទាក់ទង​សំនុំ​រឿង​នាយកវិទ្យុសម្បុកឃ្មុំ  យ៉ាងដូច្នេះថា «លោក ម៉ម  សូណង់ដូ មិន​មែនជាប់ទោស​ ក្នុង​នាម​​ជា​អ្នក​​សារព័ត៌មាន​​ទេ»។

លោក​រដ្ឋមន្ត្រី ​បានបញ្ជាក់ជាថ្មី ពីការជួបគ្នា​រវាង លោក បារ៉ាក់ អូ​បា​ម៉ា និង​លោក ហ៊ុន សែន ថា​បាន​​ស្វែង​យល់ ​ពី​គ្នា​​ទៅវិញ​ទៅមក ដែល​នេះ​ជា​ចំណុច​ចាប់ផ្តើម ​ទំនាក់ទំនង​គ្នា​មួយ​ដ៍​ល្អ​ សម្រាប់​ឆ្ពោះ ទៅ​​ថ្ងៃ​​អនាគត។ លោក​បាន​ពន្យល់​ថា «គឺ​ល្អ​ណាស់ មិន​ដូច​ក្រុម​ប្រឆាំង​ខ្លះ បាន​លើកឡើងថា លោក អូ​បា​ម៉ា មកជួប​​តែ​២០​នាទី​​ប៉ុណ្ណោះ​ នោះ​ទេ។ តាមពិត​​ជំនួប​នេះ​ មាន​​ដល់​​ទៅ ៤០នាទី (...) ចំណែក ឯ​​បញ្ហា​​សិទ្ធិ​មនុស្ស គ្រាន់​តែ​​​ជា​​បញ្ហា​​តូច​​មួយ​​​ប៉ុណ្ណោះ។»

ការលើកឡើងរបស់លោក ខៀវ កាញារីទ្ធ មានលក្ខណៈផ្ទុយ នឹងការលើកឡើងរបស់ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក លោក ប៊េន រ៉ូដេស (Ben Rhodes) ដែលថាលោក បារ៉ាក់ អូបាម៉ា បាន​បញ្ជាក់ ក្នុង​«ជំនួប​ដ៏​តឹងតែង» ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន សែន ថា​ការ​រំលោភ​សិទ្ធិ​មនុស្ស ជា​«ឧបសគ្គ» ទៅ​ដល់​ជម្រៅ នៃ​ទំនាក់​ទំនង​ទ្វេ​ភាគី អាមេរិក និង​កម្ពុជា។

ជំនួបទ្វេភាគី ទល់មុខ រវាងលោកប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រីខ្មែរ បានធ្វើ​ឡើង ក្នុង​ដណើរ​មក​ចូល​រួម ក្នុងជំនួបកំពូល នៅរាជធានីភ្នំពេញ រៀបចំដោយប្រទេសកម្ពុជា នៅក្រោយ តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ពី​ដំណើរ​ទស្សនកិច្ច របស់​លោកប្រធានាធិបតី នៅទីក្រុងរ៉ង់ហ្គូន ប្រទេសភូមា។ ឆ្លើយតប នឹង​ការ​សាក​សួរ របស់​ទីភ្នាក់ងារ​ពត៌មាន​បារាំង (AFP) លោក ប៊េន រ៉ូដេស បាន​លើក​ឡើង​ថា លោក​ប្រធានាធិបតី​អាមេរិក បាន​សង្កត់​ធ្ងន់​យ៉ាង​សំខាន់ ទៅលើ «បញ្ហាសិទ្ធិមនុស្ស» ជាមួយ​នឹង​ដៃគូ​សន្ទនា របស់​លោក។

ប្រធានាធិបតី​អាមេរិក បានលើកបញ្ជាក់ ទៅលោកហ៊ុន សែន ពីសារសំខាន់ នៃការបោះឆ្នោត ត្រឹមត្រូវ​និង​សេរី និង​ការ​ដោះ​​លែង​ អ្នក​ទោស​នយោបាយ។ តែ​ភាគី​កម្ពុជា បាន​ច្រាន​ចោល ពីរាល់​ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយ​ថា ខ្លួន​កំពុង​​រងគ្រោះ នឹង​​«យុទ្ធនាការ​មូល​បង្កាច់​ការពិត»។

ទាក់ទង នឹងអ្នកទោសនយោបាយ លោក អូបាម៉ា បានលើកយកករណី ចំឈ្មោះ​មួយ មក​និយាយ គឺ​លោក ម៉ម សូណង់ដូ នាយក​​វិទ្យុ​ក្នុង​ស្រុក​​ឈ្មោះ​«សំបុកឃ្មុំ» ដែលត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ កាត់​ទោស​​អោយ​ជាប់​ពន្ធនាគា ចំនួន២០ឆ្នាំ ពីបទបង្កើត​​តំបន់​​អប្បគមន៍ ក្នុង​ខេត្តក្រចេះ។

» សូមអានរបាយការណ៍ របស់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ជុំវិញករណីលោក ម៉ម សូណង់ដូ ដោយ​ចុច​លើ​ទីនេះ

លោក ប៊េន រ៉ូដេស បានបញ្ជាក់ថា នៅពេលចាប់ផ្ដើមជំនួប លោក បារ៉ាក់ អូបាម៉ា បាន​និយាយ​ទៅ​កាន់​លោក​ ហ៊ុន សែន ពី​ដំណើរទស្សនកិច្ច របស់លោក នៅប្រទេសភូមា ដើម្បីជាឧទាហរណ៍មួយ ដែល​ថា​ប្រទេស​នេះ កំពុង​ស្ថិត​ក្នុង​ដំណើរ​ដើរ​​ទៅ​មុខ នៃការ​កែ​ទម្រង់​នយោបាយ និង​បង្កើន​ការ​គោរព​សិទ្ធិ​មនុស្ស ដែល​គូរ​តែ​យក​គំរូ​តាម។ តែក្នុង​សន្និសីទ​កាសែត ក្រោយ​​ជំនួប​ល្ងាច​ថ្ងៃទី១៩វិច្ឆិកា​នោះ​ដដែល លោក ប្រាក់​ សុខុន បានថ្លែង ដោយ​ទំនង​ជា​ចង់​តប​ទៅ​នឹង ការ​លើក​ឡើង​ខាង​លើ​​របស់​​លោក អូបាម៉ា​ យ៉ាង​​ដូច្នេះ​ថា «ប្រទេសធំៗ​មួយ​ចំនួន បាន​មក​ពឹង សុំ​សម្ដេច​តេជោ ទៅនិយាយ​ជាមួយ រដ្ឋាភិបាលមីយ៉ានម៉ា អោយ​​ធ្វើការ​កែទម្រង់ (...) ដោយ​ឥឡូវ​នេះ តាម​រយៈយុទ្ធនាកា​រមួល​បង្កាច់នេះ ហាក់​ដូចជា​​កម្ពុជា  ឥឡូវ​​ក្លាយ​ទៅ​ជា​កូន​សិស្ស ដែលអាក្រក់​ជាង​​មីយ៉ាន់ម៉ា​ទៅវិញ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...