ហ៊ុន សែន ព្រមាន មាស នី ឲ្យ«ឆ្កួតតែឯងទៅ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៤ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 04, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គ្មានទេ ជំនួបចរចារវាង ហ៊ុន សែន - សម រង្ស៊ី នៅលើទឹកដី នៃលោកខាងលិច ជាពិសេសនៅក្នុងអំឡុងពេល ដែលលោក ហ៊ុន សែន ធ្វើដំណើរទៅកាន់សហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិក ក្នុងប៉ុន្មានសប្ដាហ៍ខាងមុខ។ នេះ ជាការអះអាង របស់លោក ហ៊ុន សែន ដោយប្រើភាសាខ្លាំងៗ ហៅអ្នកវិភាគបញ្ហាសង្គម និងនយោបាយ លោក មាស នី ដែលចង់ឃើញការចរចាបែបនេះ ថាជាមនុស្ស«ឆ្កួត - ល្ងង់» និងឲ្យឈប់ធ្វើជា «អ្នកវិភាគ» តទៅទៀត។
នៅក្នុងកិច្ចសម្ភាសមួយ ផ្ដល់ទៅឲ្យប្រព័ន្ធឃោសនារបស់លោក នាយករដ្ឋមន្ត្រីចាំផ្ទះកម្ពុជា បានអះអាងថា គ្មានការចរចាណាមួយ រវាងរូបលោក និងដៃគូបដិបក្ខផ្នែកនយោបាយ លោក សម រង្ស៊ី ទេ ហើយកម្ពុជា ក៏គ្មានវិបត្តិនយោបាយ អ្វីនោះដែរ។
លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «គ្មានការចរចាណាមួយរវាងខ្ញុំ ជាមួយនឹងទណ្ឌិត សម រង្ស៊ី នោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ ទៅក្រៅប្រទេសទាំងអាមេរិក និងនៅអឺរ៉ុប។ ខ្ញុំសូមប្រាប់ថា កម្ពុជាគ្មានវិបត្តិនយោបាយ ដូចការវិភាគឆ្កួតលេលា ដូច មាស នី នោះឡើយ មានតែអ្នកនយោបាយ អនុវត្តន៍ទោស តាមច្បាប់របស់កម្ពុជា តែប៉ុណ្ណោះ។»។
កាលពីថ្ងៃអាទិត្យ ទី២ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក មាស នី បានផ្តល់បទសម្ភាសន៍មួយ ដល់សារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ដោយបង្ហាញឆន្ទៈចង់ឃើញលោក ហ៊ុន សែន ជួបចរចាជាមួយលោក សម រង្ស៊ី នៅលើទឹកដីលោកខាងលិច ដោយមានការសម្របសម្រួល ពីអន្តរជាតិ ស្របពេលដែលមេដឹកនាំនយោបាយកំពូល ទាំង ២ មានវត្តមាន នៅសហរដ្ឋអាមេរិក និងនៅក្នុងទ្វីបអឺរ៉ុប នាចុងខែកញ្ញានេះ ឬអំឡុងខែតុលា។
បុរសខ្លាំងកម្ពុជា បានបន្តប្រើពាក្យសំដីធ្ងន់ៗ តបទៅអ្នកវិភាគថា៖ «មាស នី បើឆ្កួត ឆ្កួតតែឯងទៅ កុំមកនាំគេឆ្កួតជាមួយ។ បើ មាស នី ឯងល្ងង់មិនយល់ផ្នែកនយោបាយទេ កុំមកធ្វើជាអ្នកវិភាគបន្តទៅទៀត។»។
ប៉ុន្តែលោក មាស នី មិនបានឆ្លើយតប ទៅនឹងភាសាគ្រោតគ្រាតខាងលើទេ។ លោកបានបន្ធូរបរិយាកាសមកវិញ ដោយចាត់ទុកប្រតិកម្មរបស់លោក ហ៊ុន សែន ថាគ្រាន់តែជារឿងធម្មតា។
អ្នកវិភាគបានលើកឡើងយ៉ាងខ្លីមួយ តាមរយៈសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ ដដែលថា៖ «ជួនកាល ការវិភាគហ្នឹង វាតែងតែមាន ភាពចន្លោះប្រហោងខ្លះ។ សម្រាប់ខ្ញុំ ខ្ញុំមិនគិតថា អាហ្នឹងវាជារឿងអី ដែលធំធេងទេ។ សម្រាប់ខ្ញុំ មិនមែនជាអ្នក ដែលត្រូវតែចេះអី ក្នុងរឿង [នយោបាយ] ហ្នឹងទេ ខ្ញុំគ្រាន់តែបន្តធ្វើអី ដែលខ្ញុំអាចធ្វើបាន ហើយខ្ញុំនឹងព្យាយាម មិនធ្វើអីឲ្យប៉ះពាល់ ដល់ប្រយោជន៍ជាតិ ឬប៉ះពាល់ដល់កិតិ្តយសបុគ្គល ណាមួយទេ។»៕