ហ៊ុន សែន បង្ខំ សម រង្ស៊ី ឲ្យ​ងាក​មក​«លេង​បែប​ផ្លូវ​ងងឹត​វិញ​ម្ដង»

ពាក្យថា «ផ្លូវងងឹត» មានន័យច្រើនយ៉ាង! តែអ្វី ដែលលោក ហ៊ុន សែន ចង់និយាយ​នៅពេលនេះ គឺការបង្ខំឲ្យលោក សម រង្ស៊ី ងាកមកប្រើ «ការស្បថ» ជាមធ្យោបាយ ក្នុងការផ្ទៀងផ្ទាត់ភាពយត្តិធម៌ និងការទទួលយកបាន នៃការ​បោះឆ្នោត​ជាតិ​កន្លងទៅនេះ ម្ដងវិញ។ ហើយវា ក៏ជាប្រតិកម្ម​ភ្លាមៗ តាមរយៈប្រដាប់​ឃោសនារបស់លោក ទៅនឹងចម្លើយរបស់មេដឹកនាំប្រឆាំង ដែលអះអាងថា ការស្បថ ជាវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។
ហ៊ុន សែន បង្ខំ សម រង្ស៊ី ឲ្យ​ងាក​មក​«លេង​បែប​ផ្លូវ​ងងឹត​វិញ​ម្ដង»
ពីឆ្វេងមកស្ដាំ៖ លោក ហ៊ុន សែន និងលោក សម រង្ស៊ី។ (រូបថតឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 07, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នយោបាយស្បថ - ចម្លើយរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏លេចធ្លោ របស់ប្រទេសកម្ពុជា មិនបានធ្វើឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បង្អង់យូរ ក្នុងការធ្វើប្រតិកម្ម តបមកវិញនោះទេ។ សម្រាប់បុរសខ្លាំងកម្ពុជា ទោះជាលោក សម រង្ស៊ី រៀបរាប់បែបណា ជុំវិញការបបួលស្បថ ពីសំណាក់លោក ហ៊ុន សែន នោះក៏ដោយ ក៏ចង់មិនចង់ លោក សម រង្ស៊ី ត្រូវទទួលការ​«លេង​បែប​ផ្លូវ​ងងឹត»​នោះ​រួចហើយ។

ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងតាម​រយៈ​​ប្រដាប់​ឃោសនា​របស់លោក តែប៉ុន្មាននាទី ក្រោយពីចម្លើយ របស់លោក សម រង្ស៊ី ត្រូវបានបង្ហោះ នៅលើ​បណ្ដាញ​សង្គមរួច។ លោក ហ៊ុន សែន បង្ខំលោក សម រង្ស៊ី ឲ្យចូលរួម «លេងបែបផ្លូវងងឹត» ជាមួយលោកដូច្នេះថា៖ «ឥឡូវយើងងាក មកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯង មិនហ៊ានស្បថ ក៏សម្បថនេះ ធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោក ជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ ទៅកាន់អ្នកឯងផង»។

នៅក្នុង​ពិធី​ជួបជុំ​អត្ដពលិក​ ​និង​កីឡាករ​ ​កីឡាការិនី​ ​គ្រូបង្វឹក​ ​និង​ប្រតិភូ​កីឡា​ជាង​៧០​នាក់​ ​មុន​ពេល​ពួកគេ​ចេញ​ទៅ​ប្រកួត​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​ ​(Asian Games)​ ​លើក​ទី​១៨ កាលពីថ្ងៃទី ៦ ខែសីហាម្សិលម៉ិញ ក្នុងវិមានសន្តិភាព លោក ហ៊ុន សែន បានចាប់ផ្ដើម​បបួល​​លោក​ ​សម រង្ស៊ី ​ឲ្យស្បថ​ជាមួយលោកថា៖​

«តើ​ពួក​អ្នកឯង​ហ៊ាន​ស្បថ ​ឲ្យ​រន្ទះ​បាញ់​ ​ឲ្យ​ងាប់​ ដោយសារ​អ្វី​ក៏​ដោយ ​ឲ្យ​តែ​ងាប់​ ​ហ៊ាន​ឬ​អត់?​ ​ឬ​ក៏​អន្តរាយ ​ហ៊ាន​ឬ​អត់? ដែល​អ្នក​ឯង​ហ៊ាន​ចោទ​ថា ​ប្រជាពលរដ្ឋ​ត្រូវ​បាន​គេ​បំប៉ោង បំភិត​បំភ័យ​ត្រូវ​គេ​ ស្អី​អ៊ី​ចេះ​អ៊ី​ចុះ​ ហ៊ាន​ស្បថ​ឬ​អត់? ហ៊ាន​ស្បថ​ទេ? បើ​ហ៊ាន​ ឥឡូវ​បង្ហោះ​តាម​ហ្វេសប៊ុក​ទៅ។​ ​ខ្ញុំ​ក៏​ហ៊ាន​ស្បថ​ឲ្យ​ងាប់​តៃ​ហោង​ ​ឲ្យ​ងាប់​គ្រប់​ប្រភេទ តាម​ដែល​ងាប់​ទៅ​បាន​ ឲ្យ​តែ​យមរាជ​ចង់​ខ្ញុំ​ងាប់​ តាម​របៀប​ណា​ក៏​បាន»។

នៅចំពោះការបបួលស្បថ ពីសំណាក់បុរសខ្លាំងកម្ពុជា ប្រធានចលនាសង្គ្រោះជាតិ បាន​បង្ហោះ​សារឆ្លើយ​តប​វិញ នៅលើបណ្ដាញសង្គម ដោយហៅ ​ការ​បបួល​ស្បថ​របស់​លោក​ ​ហ៊ុន សែន​ ​ថា​​ជា​វិធី​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ជាក់ស្តែង។​ ​លោក​ ​សម រង្ស៊ី​ ​អះអាង​ថា​ ​លោក​នឹង​ស្បថ​ជាមួយ​លោក​ ​ហ៊ុន សែន​ ​តែ​លោកថា ​សូម​ឲ្យ​មាន​វិទ្យាស្ថាន​ស្ទង់​មតិ​អន្តរជាតិ និង​ឯករាជ្យ​មួយ ​ដើម្បីស្ទង់មតិ​ប្រជាពលរដ្ឋ​ ពីការ​ចូលរួម​បោះ​ឆ្នោត​ ​និងមាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ ដោយភាព​ត្រឹមត្រូវ ​ជា​មុន​សិន។

មេដឹកនាំប្រឆាំង បានសរសេរ​ថា៖​

«សូម​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​ ​គ.ជ.ប.​ ​កុំ​បំផ្លាញ​ចោល​សន្លឹក​ឆ្នោត​ ដែល​ប្រមូល​បាន​ នៅ​តាម​ការិយាល័យ​បោះឆ្នោត​ ទូទាំង​ប្រទេស​ ​ដើម្បី​យក​មក​ពិនិត្យ​ ​និង​រាប់​ឡើងវិញ​ទាំងអស់​គ្នា ក្នុង​គោល​បំណង​ ឃើញ​ឲ្យ​ច្បាស់​ថា សន្លឹកឆ្នោត​មោឃៈ ​ដែល​ប្រជា​ពលរដ្ឋ​ខ្វែង​ចោល​ មាន​ចំនួន​ប៉ុន្មាន​ភាគរយ ហើយ​សន្លឹក​ឆ្នោត​ ដែល​គេ​អះអាង​ថា ​ជា​សន្លឹក​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពជា តើ​មាន​លក្ខណៈ​ជឿជាក់​បាន ឬ​ក៏​ក្លែង​បន្លំ។ ពេល​ពិនិត្យ និង​រាប់​សន្លឹក​ឆ្នោត​ឡើងវិញ​បែប​នេះ ខ្ញុំ​សូម​អំពាវនាវ​ ឲ្យ​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ​ មក​ចូលរួម​ផងដែរ ក្នុងនោះ​មាន​ទាំង​អ្នក​សង្កេតការណ៍​មក​ពី​ចលនា​​សង្គ្រោះជាតិ​​ផងដែរ។»

ប៉ុន្តែការលើកឡើង របស់លោក សម រង្ស៊ី ពីវិធីសាស្ត្រ តាមបែបវិទ្យាសាស្ត្រ និងបច្ចេកទេសនោះ ត្រូវបានលោក ហ៊ុន សែន បដិសេធ ដោយអះអាងថា រូបលោក និងលោក សម រង្ស៊ី បានលេងតាម​បែបវិទ្យាសាស្ត្រនេះ អស់រយៈពេល ជាង២០ឆ្នាំហើយ។ នាយករដ្ឋមន្ត្រីផុតអាណត្តិរបស់កម្ពុជា បានអះអាងថា៖ 

«មិនបាច់លើកហេតុផលស្រាវជ្រាវ បែបវិទ្យាសាស្ត្រអ្វីនោះទេ។ លោកឯងឆ្លើយមក តើលោកឯងហ៊ានស្បថ ឲ្យងាប់តៃហោង ទាំងប្រពន្ធ ទាំងកូន ទាំងចៅ ទាំងចៅទួត និងមនុស្សជិតសិ្នទ្ធ យ៉ាងតិច១០០នាក់ដែរឬទេ ? ព្រោះយើងទាំងពីរនាក់ ធ្លាប់បានលេង បែបវិទ្យាសាស្រ្តនេះ ជាមួយគ្នា អស់ជាង២០ឆ្នាំ មកហើយ។»

បន្ទាប់ពីបង្ខំលោក សម រង្ស៊ី ឲ្យត្រូវតែលេង «បែបងងឹត» ជាមួយលោករួច លោក ហ៊ុន សែន បន្តហៅពលរដ្ឋខ្មែរទាំងអស់ ឲ្យចួលរួមធ្វើសាក្សី​ថែមទៀត។ លោកថា៖ «ខ្ញុំសូមឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងអស់ ជួយធ្វើសាក្សី និងរង់ចាំ​មើល តើ សម រង្ស៊ី ក្លាហានហ៊ានស្បថ ជាមួយខ្ញុំដែរឬទេ? បើមិនហ៊ានស្បថទេ នោះអ្នកឯង ជាជនកំសាក ក្បត់ជាតិ ខ្លាចងាប់ ដូចខ្មោចឪពុកចោលឆ្អឹង នៅក្រៅប្រទេស និងទង្វើដែលអ្នកឯងបានធ្វើ ពិតជាបោកប្រាស់យ៉ាងពិតប្រាកដ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...