អ្នកវិភាគថា ការបបួលស្បថរបស់ ហ៊ុន សែន ជាការបង្វែរចំណាប់អារម្មណ៍
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ សីហា ២០១៨
- កែប្រែចុងក្រោយ: August 07, 2018
- ប្រធានបទ: បោះឆ្នោតជាតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើនិយាយពីពាក្យសម្បថ ឬការសន្យានោះ មិនមានអ្នកនយោបាយណាផ្សេង ធ្វើរឿងស្បថស្បែនេះ ច្រើនជាងលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជានោះទេ។ ពាក្យសម្បថ ឬពាក្យសន្យាទាំងនោះ មានដូចជា ប្រកាសកាត់កខ្លួនចោល បើកាលណាបទល្មើសព្រៃឈើ មិនត្រូវបានទប់ស្កាត់ ឬប្រកាសថា ខ្លួនឈប់និយាយរាប់រក ជាមួយក្រុមគណបក្សប្រឆាំងជាដើម។ ហើយកាលពីម្សិលម៉ិញ លោក ហ៊ុន សែន បានប្រកាសហៅមេដឹកនាំប្រឆាំង ឲ្យស្បថជាមួយលោកសារជាថ្មីទៀត ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ និងការទទួលយកបាន ទៅលើលទ្ធផល នៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។
សម្រាប់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល បញ្ហានយោបាយខ្មែរ បានហៅសកម្មភាពចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ថាគ្រាន់តែជា «ការលោតល្ខោន» ដើម្បីបង្វែរបរិយាកាសនយោបាយ និងលើកទឹកចិត្ត ក្រុមអ្នកគាំទ្រលោក ឲ្យងាកចេញ ពីប្រតិកម្មអន្តរជាតិ ចំពោះការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាសនោះប៉ុណ្ណោះ។
អតីតមន្ត្រីច្បាប់ បានលើកឡើងថា៖ «ការបបួលគេឯងស្បថ នៅពេលនេះ មានលក្ខណៈ ជាការបង្វែបរិយាកាសនយោបាយ និងដើម្បីលើកទឹកចិត្ត ទៅដល់ក្រុមអាម៉ីអាថោង នៅចំពោះប្រតិកម្ម មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោតជាតិ ពីសំណាក់ប្រទេសធំៗ រួមទាំងជប៉ុន ដែលធ្លាប់ស្និតស្នាលពីមុន។ គប្បីដឹងថា លោក ហ៊ុន សែន ពូកែបង្កើតល្ខោន ហើយក៏ពូកែលោតល្ខោនខ្លួនគាត់ ណាស់ដែរ។ ដូច្នេះ បើគាត់លោតតែឯង មិនគប្បីទៅលោត តាមគាត់នោះឡើយ។»។
ការបបួលស្បថ ដែលមានទិសដៅ សម្រាប់លោក សម រង្ស៊ី នោះ ទទួលបានការឆ្លើយតបមកវិញ ពីមេដឹកនាំប្រឆាំង ដោយហៅការបបួលស្បថ របស់លោក ហ៊ុន សែន គឺវិធីមួយឃ្លាតឆ្ងាយពីវិទ្យាសាស្ត្រ និងបច្ចេកទេសជាក់ស្តែង។ ប្រធានចលនាសង្គ្រោះជាតិ បានឆ្លើយបន្ថែមទៀតថា លោកនឹងស្បថ ជាមួយលោក ហ៊ុន សែន តែលោកថា សូមឲ្យមានវិទ្យាស្ថានស្ទង់មតិអន្តរជាតិ និងឯករាជ្យមួយ ដើម្បីស្ទង់មតិប្រជាពលរដ្ឋ ពីការចូលរួមបោះឆ្នោត និងមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយភាពត្រឹមត្រូវ ជាមុនសិន។
រីឯលោក គល់ បញ្ហា នាយកអង្គការខុមហ្វ្រែល បានសំដែងភាពចម្លែក ដែលលោក ហ៊ុន សែន យកការស្បថស្បែ មកធ្វើជា«មធ្យោបាយ» ដើម្បីដោះស្រាយការជឿជាក់ លើលទ្ធផលនៃការបោះឆ្នោត។ លោកថា៖ «ម៉្យាងដែរ ដោះស្រាយការជឿ លើលទ្ធផលបោះឆ្នោត ដោយប្រើមធ្យោបាយ សម្បថបែបអបិយជំនឿ។ ទោះបីយ៉ាងណានេះក្តី ការមាននជំនឿ លើលទ្ធផលបោះឆ្នោត គឺមានគោលការណ៍ របៀប និងវិធីសាស្ត្រ ដើម្បីចាត់ចែងការបោះឆ្នោតបែបប្រជាធិបតេយ្យ សេរីពហុបក្ស សេរី និងយុត្តិធម៌។»។
ភាពចម្លែករបស់លោក គល់ បញ្ហា ជាចម្ងល់របស់អ្នកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។ អ្នកស្រីឆ្ងល់ថា៖ «តើអត្ថន័យនៃយុត្តិធម៌ ស្ថិតលើការស្បថស្បែ ឬយ៉ាងណា»?
ការបោះឆ្នោតជាតិ ថ្ងៃទី២៩ កក្កដា ដែលមិនមានវត្តមានគណបក្សសង្គ្រោះជាតិ បានរងការរិះគន់ខ្លាំងក្លា ពីសំណាក់ស្ថាប័ន និងសហគមន៍អន្តរជាតិមួយចំនួន។ សហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា នូវែលសេឡង់ បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បានចោទសួរ អំពីភាពស្របច្បាប់នៃការបោះឆ្នោត ដែលបានកើតមាន ជាមួយនឹងការរំលាយគណបក្សសង្គ្រោះជាតិ និងការបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនានា នៅមុនការបោះឆ្នោត។
តែក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និងគ.ជ.ប តែងច្រានចោល ការរិះគន់ទាំងនោះ ដោយហៅការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាស ថាបានឆ្លុះបញ្ចាំង ពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោក ហ៊ុន សែន ខ្លួនលោក នៅបានការពារការបបួលស្បថនោះថា គឺដោយសារលោក ធ្លាប់បានលេងតាមបែបវិទ្យាសាស្ត្រ ជាមួយលោក សម រង្ស៊ី អស់រយៈពេល «ជាង២០ឆ្នាំ មកហើយ»។
យ៉ាងណា ក៏ការអះអាងរបស់លោក ហ៊ុន សែន ទទួលបានប្រតិកម្ម ពីមជ្ឈដ្ឋាននយោបាយមួយចំនួន ផ្សេងពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិដែរ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចោទជាសំនួរថា អ្វីទៅដែលអាចនឹងកើតឡើង បន្ទាប់ពីការស្បថនេះ? ប្រមុខបក្ស «ជួង» បានបន្តសំនួរថា៖ «បើស្បថហើយ គ្មានអ្វីបានបញ្ចប់ឲ្យភាគីទាំងសងខាង យល់ស្របគ្នាផង តើការស្បថនោះ បានជាការអ្វី? បើនិយាយថា បើអ្នកហ៊ានស្បថ ខ្ញុំនឹងព្រមបោះឆ្នោតឡើងវិញ នោះការស្បថនោះមានប្រយោជន៍ គួរតែនាំគ្នាទៅស្បថហើយ។ តែបើស្បថហើយ មកផ្ទះវិញនៅតែប្រកែកគ្នាដដែល មិនដឹងថាត្រូវនាំគ្នាស្បថ ដើម្បីអ្វីទេ។»។
ខណៈប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «William Guang» នោះវិញ បានចាត់ទុកការស្បថស្បែ របស់លោក ហ៊ុន សែន ជាការដឹកនាំដើរថយក្រោយ ត្រឡប់ទៅក្នុងបូរាណកាល។ លោកថា៖ «បិទតុលាការចោល លុបច្បាប់ចោល មិនបាច់បង្កេីតស្ថាប័ន វែកញ៉ែកហេតុផលទេ នាំគ្នាអង្គុយតែស្បថទៅ។ ខ្ញុំមានអារម្មណ៍ថា សម្ដេចបែបចង់ដឹកនាំប្រទេសថយក្រោយ ទៅរកសម័យជាងមួយពាន់ឆ្នាំមុនហេីយ ព្រោះអារឿងស្បថនេះ ជាការវែកញ៉ែករកយុត្តិធម៌ កាលពីសម័យបូរាណទេ។»៕