ជូង ជូងី៖ «យើងនិយាយពីបរិបទជាក់ស្តែង ថាមិនត្រូវ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 21, 2015
- ប្រធានបទ: យុត្តិធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ជូង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនរបស់ គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណរ៉ា ហាក់បង្ហាញនូវចម្ងល់ និងភាពគ្មានជំនឿ លើសំណុំរឿងក្ដី ដែលលោកកំពុងកាន់នេះ បើទោះមានភស្តុតាងដោះបន្ទុក យ៉ាងច្រើនក៏ដោយ។ មេធាវីរូបនេះ បានត្រឹមតែនិយាយ ទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «និយាយពីបរិបទជាក់ស្តែង យើងពិបាកព្យាករណ៍។ (...) យើងនិយាយពីបរិបទជាក់ស្តែង ថាមិនត្រូវ។»
កាលពីរសៀលថ្ងៃទី១៩ ខែឧសភានេះ ក្នុងចំណោមកូនក្តី របស់លោក ចំនួនប្រាំនាក់ មានតែពីនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការ ធ្វើការសាកសួរ។ ឯបីនាក់ផ្សេងទៀត រួមទាំបលោក មាជ សុវណ្ណរ៉ា ផង ត្រូវបានលើកពេល សវនាការទៅថ្ងៃទី២៦ ខែឧសភាវិញ។ នេះបើតាមការអះអាង របស់លោកមេធាវី នៅខាងមុខសាលាដំបូង រាជធានីភ្នំពេញ។ ប៉ុន្តែបើតាមការគ្រោង របស់សាលាដំបូងរាជធានីភ្នំពេញ សកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន១១ នាក់ ត្រូវបានកោះហៅ នៅក្នុងថ្ងៃតែមួយ ដើម្បីធ្វើការសាកសួរបន្ថែម ពាក់ព័ន្ធនឹងការបង្ក ឲ្យមានហិង្សាមួយ កើតឡើងនៅស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤កន្លងមក។
យ៉ាងណាក៏ដោយ ក្នុងនាមលោកជាមេធាវី លោកនៅតែសង្ឃឹមថា ច្រៅក្រមទាំងបីរូបនឹងប្រើប្រាស់ នូវអំណាចឆន្ទានុសិទ្ធិរបស់ខ្លួន ក្នុងការសម្រេចសេចក្តី ក្នុងរឿងនេះ ដោយយោងតាមផ្លូវច្បាប់ ហើយក្នុងសវនាការនាថ្ងៃទី២៦ ខែឧសភាខាងមុខនេះ នឹងប្រព្រឹត្តិទៅដោយរលូន។ លោកបានសង្ឃឹមទៀតថា ទាំងកូនក្តីរបស់លោក ទាំងជនត្រូវចោទទាំងអស់ នឹងត្រូវបានឆ្លើយ នូវអ្វីដែលចង់ឆ្លើយ និងស្របតាមឆន្ទះរបស់ខ្លួន ដោយគ្មានការគាបសង្កត់ ពីតុលាការ។
លោកមេធាវី ជួង ជូងី បានបន្ថែមថា ទាក់ទងនឹងរឿងក្តីនេះ លោកបានមើលឃើញថា ការអវត្តមានរបស់ដើមបណ្តឹង ក្នុងតុលាការ មានន័យស្មើ នឹងការបោះបង់បណ្តឹង របស់ខ្លួនចោល។ លោកបានបញ្ជាក់ តាមផ្លូវច្បាប់ថា ការមិនចូលរួម របស់ដើមបណ្តឹង វាហាក់ដូចជា ពួកគាត់សម្រេចបោះបង់ចោល ការប្តឹងរបស់ពួកគាត់។ លោកថា បើពិចារណាតាមផ្លូវច្បាប់ ការដែលមិនចូលរួម របស់ដើមបណ្តឹងនេះ វាជាប្រយោជន៍ សម្រាប់កូនក្តីរបស់លោក ទៅវិញទេ។
ករណីហិង្សានៅជិតស្ពាននាគ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នោះត្រូវបានសង្គមស៊ីវិលមួយចំនួន បានធ្វើការចោទប្រកាន់ថា មានការពាក់ព័ន្ធ ជាមួយនឹងរឿងនយោបាយច្រើនជាង។ តែសម្រាប់ខាងរដ្ឋាភិបាលវិញ តែងបានបដិសេធថា មិនមានពាក់ព័ន្ធ នឹងរឿងនយោបាយឡើយ តែជារឿងរបស់បុគ្គល ឬបក្សប្រឆាំង ដែលមានចេតនា ក្នុងការបង្កឡើងប៉ុណ្ណោះ៕