ពលរដ្ឋ​ខេត្ត​ក្រចេះ ថា​ស៊ូ​ស្លាប់​នៅ​ភ្នំពេញ ប្រសិន​បើ​គ្មាន​យុត្តិធម៌

«ខ្ញុំស៊ូស្លាប់ មិនទៅវិញទេ បើរដ្ឋាភិបាលមិនដោះស្រាយឱ្យប្រជាពលរដ្ឋ» នេះជាការប្តេជ្ញារបស់ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ ដែលបានមកភ្នំពេញជិត១០ថ្ងៃមកហើយ ដើម្បីស្វែងដំណោះស្រាយ ករណីដីធ្លីដ៏ចម្រូងចម្រាស់របស់ពួក​គាត់ ដែលត្រូវក្រុមហ៊ុនវៀតណាមរំលោភយក។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 17, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំស៊ូស្លាប់ មិនទៅវិញទេ បើរដ្ឋាភិបាលមិនដោះស្រាយឱ្យប្រជាពលរដ្ឋ» នេះជាការប្តេជ្ញារបស់ប្រជាពលរដ្ឋ នៅ​ខេត្ត​ក្រចេះ ដែលបានមកភ្នំពេញជិត១០ថ្ងៃមកហើយ ដើម្បីស្វែងដំណោះស្រាយ ករណីដីធ្លីដ៏ចម្រូងចម្រាស់របស់ពួក​គាត់ ដែលត្រូវក្រុមហ៊ុនវៀតណាមរំលោភយក។


ក្រុមពលរដ្ឋអ្នកតវ៉ាដីធ្លី មកពីខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

--------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ១៦ ឧសភា ២០១៤
--------------------------------

ដីធ្លី - បន្ទាប់ពីបានដើរដាក់ញត្តិ នៅតាមបញ្ហាស្ថាប័នធំៗដូចជាព្រឹទ្ធសភា និងស្ថាប័នរបស់រដ្ឋាភិបាលមួយចំនួន ដូចជា ក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងមហាផ្ទៃ រួមទាំងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាដើមនោះ ក្រុមប្រជាពលរដ្ឋមកពីភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះដែលអះអាងថា ក្រុមហ៊ុនវៀតណាម​រំលោភយកដីរបស់ខ្លួន បានបន្តរស់នៅទីក្រុងភ្នំពេញ ដើម្បីរងចាំដំណោះស្រាយ។

ដោយសារស្រមោល នៃដំណោះស្រាយរបស់ស្ថានប័នរដ្ឋទាំងនោះ នៅមិនទាន់មានសង្ឃឹមទាំងស្រុងនោះ ក្រុម​ពលរដ្ឋ​ដែលសព្វថ្ងៃ សុំវត្តសាមគ្គីរង្សីដើម្បីស្នាក់អាស្រ័យ បានបន្តយុទ្ធនាការរបស់ខ្លួនបន្ថែមទៀត ដោយដើរដាក់​ញតិ​នៅតាមស្ថានទូតធំៗមួយចំនួន នៅក្នុងប្រទេសកម្ពុជា មានដូចជា ស្ថានទូតអាមេរិក បារាំង អង់គ្លេស អូស្ត្រាលី ជប៉ុន អាល្លឺម៉ង់ វៀតណាម និងសហគន៍អឺរ៉ុបជាដើម។

ព្រះតេជគុណ ថាច់ហា សំអាង គ្រូសូត្រស្តាំនៃវត្តសាមគ្គីរង្សី មានសង្ឃដីការបញ្ជាក់ថា ប្រសិនបើនៅតែគ្មាន​ដំណោះ​ស្រាយពីអាជ្ញាធរ ព្រមទាំងគ្មានការអន្តរាគមន៍ពីបណ្តាស្ថានទូត ដែលប្រជាពលរដ្ឋបានដាក់ញតិ នៅព្រឹកថ្ងៃទី១៦ ខែមេសានេះទេ ក្រុមប្រជាពលរដ្ឋនឹងនៅតែបន្ត ស្វែងរកអន្តរាគមន៍តទៅទៀត លុះណាតែមានដំណោះស្រាយ និង​ការអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។  នៅថ្ងៃស្អែកនេះ ប្រជាពលរដ្ឋនឹងមានគម្រោង ទៅដាក់នៅ​កាកបាទ​ក្រហមបន្តទៀត។

ព្រះតេជគុណ មានសង្ឃដីការបន្តថា ពលរដ្ឋទាំងនោះ បានប្តេជ្ញាថាប្រសិនណា បើមិនមានដំណោះស្រាយណាមួយ ដែលផ្តល់យុត្តិធម៌ដល់ពួកគាត់ នោះពួកគាត់មិនត្រលប់ទៅវិញជាដាច់ខាត ដោយពួកគាត់លើកឡើងថា ទោះបីជា​វិលទៅស្រុកវិញ ក៏គ្មានផ្ទះសម្បែងសម្រាប់រស់នៅដែរ ។

ប្រជាលរដ្ឋម្នាក់ ដែលមកពីតំបន់ជាមួយគ្នា លោក សុខ ខន បានរៀបរាប់ថាទីលំនៅស្ថាន ព្រមទាំងដីដាំដំណាំ​របស់​លោក ត្រូវបានក្រុមហ៊ុន ឈូសឆាយ និងដុតបំផ្លាញទាំងអស់ ហើយថែមទាំងមិនឱ្យខាងលោក ចូលទៅកាន់កាប់​ទៀត។

ប្រជាពលរដ្ឋមួយរូបទៀតឈ្មោះ អ្នកស្រី ស៊ុំ ផុន ប្តេជ្ញាយ៉ាងដូច្នេះថា ប្រសិនបើគ្មានដំណោះស្រាយ ពីលើករណី​ដី​របស់អ្នកពីរដ្ឋាភិបាលទេនោះ អ្នកស្រី នឹងបន្តនៅរាជធានីភ្នំពេញរហូត អ្នកស្រីស៊ូស្លាប់នៅទីនេះ។ ពលរដ្ឋរូបនេះ​បានសំណូមពរ ទៅកាន់ភាគីពាក់ព័ន្ធទាំងអស់ថា៖ «ខ្ញុំចង់សំណូមពរទៅទាំងអស់គ្នា ទាំងពិភពលោកទាំងមូល ឱ្យជួយប្រជាពលរដ្ឋទាំង៥០៤គ្រួសារ និងសូមឱ្យសម្តេច ហ៊ុន សែន ជួយដោះស្រាយបញ្ហាប្រជាជន ដែលកំពុងរង​ទុក្ខ​វេទនាផង»។

ស្រ្តីជាជនជាតិភាគតិចម្នាក់ទៀតបាន រៀបរាប់ពីទុក្ខលំបាកដូចគ្នាដែរថា ចំការដំឡូង និងដំណាំផ្សេងរបស់អ្នកស្រី ត្រូវបានក្រុមហ៊ុនបាញ់ថ្នាំពុលបំផ្លាញចោលទាំងអស់ រីឯចានឆ្នាំងស្រូវអង្ករនិងផ្ទះក៏ត្រូវបានដុតចោលដែរ។ អ្នកស្រី​បន្តថា «ឥលូវនេះខ្ញុំសំណូមពរ (...) សូមឱ្យជួយដោះស្រាយដីធ្លី ឱ្យពួកខ្ញុំមក។ (...) ពួកខ្ញុំត្រូវការដាំដុះ ត្រូវការធ្វើស៊ី បើខ្ញុំគ្មានដីធ្លី គ្មានផ្ទះសម្បែងទីជំរកទេ ពួកខ្ញុំមិនដឹងរស់នៅយ៉ាងម៉េចទេ។ រាល់ថ្ងៃខ្ញុំប្រៀបធៀបដូចជាឆ្កែ ជាឆ្មាទៅ​ទៀត សូម្បីតែខោអាវស្លៀកពាក់ ភួយមុងក៏គ្មានដែរ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...