បក្ស​សង្រ្គោះ​ជាតិ អំពាវនាវ​ឲ្យ​ជួយ​ចិន​ដែល​ភៀស​ខ្លួន​ពី​វៀតណាម

ក្រោមហេតុផលមនុស្សធម៌ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើការ​អំពាវ​នាវ​ជាផ្លូវការ ដល់ពលរដ្ឋកម្ពុជា ឲ្យជួយជ្រោមជ្រែង តាមលទ្ធភាព ដល់ជនជាតិចិនដែលភៀសខ្លួន ពីអំពើហិង្សា​នៅ​ប្រទេសវៀតណាម ចូលមកកម្ពុជា។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោមហេតុផលមនុស្សធម៌ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ធំជាងគេនៅកម្ពុជា បានធ្វើការ​អំពាវ​នាវ​ជាផ្លូវការ ដល់ពលរដ្ឋកម្ពុជា ឲ្យជួយជ្រោមជ្រែង តាមលទ្ធភាព ដល់ជនជាតិចិនដែលភៀសខ្លួន ពីអំពើហិង្សា​នៅ​ប្រទេសវៀតណាម ចូលមកកម្ពុជា។


បណ្ដា​ជនវៀតណាមច្រើនពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងចិនកាលពីថ្ងៃ១១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត REUTERS/Kham)

---------------------
ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ឧសភា ២០១៤
---------------------

ជនភៀសខ្លួន - «គណបក្សសង្រ្គោះជាតិ សង្ឃឹមលើសន្តានចិត្តសប្បុរសធម៌ និងមនុស្សធម៌របស់បងប្អូនជនរួមជាតិ ដែល​តែងតែមានមេត្តាធម៌ ករុណាធម៌ និងចេះជួយសម្រាលទុក្ខធុរៈ និងយកអាសាគ្នា ក្នុងគ្រាមានអាសន្ន ដោយមិន​ប្រកាន់​ជាតិសាសន៍អ្វីឡើយ»។ នេះជាការបញ្ជាក់ ក្នុងសេចក្តីអំពាវនាវ ដែលបានបង្ហោះឡើង នៅលើ​គេហទំព័រ​គណបក្ស និងនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកសម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៤ នេះ។

ក្នុងសេចក្តីអំពាវនាវដដែលនោះ បានពន្យល់ថា បងប្អូនជនរួមជាតិអាចជួយយកអាសាដល់ជនជាតិដើមកំណើតចិន ដែលកំពុងភៀសខ្លួនគេចចេញពីអំពើហិង្សា ដែលកើតឡើងដោយសារភាពតានតឹង បណ្តាលមកពីជម្លោះ លើដែន​សមុទ្រ រវាងប្រទេសចិននិងវៀតណាម ទៅតាមលទ្ធភាព ដូចជាជួយផ្តល់ជម្រកស្នាក់នៅ ម្ហូបអាហារ ថ្នាំពេទ្យជាដើម សម្រាប់ជួយសម្រាលបន្ទុក ដែលជនភៀសខ្លួនទាំងនោះ មកជ្រកកោននៅក្នុងប្រទេសកម្ពុជា។

កំណត់ទូតចិនមកក្រសួងការបរទេសកម្ពុជា

សេចក្តីអំពាវនាវរបស់គណបសង្រ្គោះជាតិ ត្រូវបានគេកត់សម្គាល់ឃើញថា គឺបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយ​ក្រសួងការបរទេស របស់ប្រទេសចិន បានផ្ញើកំណត់ទូតមកក្រសួងការបរទេសកម្ពុជា ដោយស្នើ ឲ្យភាគីកម្ពុជា ជួយ​សម្រួល និងថែរក្សាសុវត្ថិជនជាតិចិន មានទាំងអ្នកទេសចរណ៍ និងពាណិជ្ជករជាដើម ដែលបានភៀសខ្លួនគេចពី អំពើ​​ហិង្សា មនោសញ្ចេតនាជាតិនិយម នៅប្រទេសវៀតណាម។

កុបកម្មតាំងពីថ្ងៃទី១៣ ខែឧសភា មក នៅក្នុងប្រទេសវៀតណាម ដែលកើតចេញពីមនោសញ្ចេតនាជាតិនិយម លើ​ដែនអធិបតេយ្យភាព រវាងចិន និងវៀតណាម នៅតំបន់សមុទ្រចិនខាងត្បូង បានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ ហេតុការណ៍នោះ បានធ្វើឲ្យអ្នកវិនិយោគ កម្មករនយោជិក និងអ្នក​ទេសចរណ៍​ចិន ជាច្រើនរយនាក់ បានចាកចេញពីវៀតណាម ភៀសខ្លួនមកជ្រកកោន នៅក្នុងប្រទេសកម្ពុជា។

​លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា​បាន​ថ្លែងប្រាប់ សារព័ត៌មាន​ក្នុង​ស្រុកមួយថា ស្ថានទូត​ចិន​បានធ្វើ​កំណត់​ទូត​ មក​ក្រសួងការបរទេស​កម្ពុ​ជា ដោយបាន​ផ្តោតទៅលើ ​បញ្ហា​សុវត្ថិភាព​របស់​ជនជាតិ​ចិនទាំងនោះ ក៏ប៉ុន្តែ​កម្ពុជា​បាន​ចាត់វិធានការ​នេះ​រួចហើយ មុននឹង​កំណត់​ស្ថានទូត​ចិន​ផ្ញើមក​ដល់​កម្ពុ​ជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា​។​

​លោក​បាន​បន្តថា ភាគី​កម្ពុជា​បាន​ជួយ​សម្រួល​ដល់​ការឆ្លងកាត់ ​របស់​ជន​ជាតិចិន​ពី​វៀតណាម​មក​កម្ពុជា ដោយ​ផ្អែក​ទៅលើ​មូលដ្ឋាន​មនុស្សធម៌​។ មិនត្រឹមតែប៉ុណ្ណោះ សមត្ថកិច្ច​កម្ពុជា ក៏​នឹង​ខិតខំ​ការពារ​សុវត្ថិភាព​ ដល់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ផងដែរ។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ក្នុង​កិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានបញ្ជាក់ថា កម្ពុជា​ប្រកាន់ជំហរអព្យាក្រិត្យ ចំពោះជម្លោះរវាង​ប្រទេសចិន និងប្រទេសវៀតណាម និង​ជម្លោះផ្សេងៗទៀតនៅជុំវិញ​ពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...