ជន​គម្រាម​សម្លាប់ សុខ ទូច អាច​គ្មាន​ទោស​បើ​តាម សុខ សំអឿន

ក្រោយការចាប់ខ្លួនយុវជន ដែលគម្រាមសម្លាប់ លោក សុខ ទូច តាមបណ្ដាញសង្គម កាលពីពេលថ្មីៗនេះ អគ្គ​ស្នងការ​នគរបាល​ជាតិ បានកសាងសំណុំរឿង ដើម្បីធ្វើការចោទប្រកាន់ជននោះ ទៅកាន់តុលាការ។ ប៉ុន្តែ​បើ​តាម​លោក​មេធាវី សុខ សំអឿន បានថ្លែងថា យុវជនរូបនេះ អាចនឹងត្រូវគ្មានទោស បើសិនជាសមត្ថកិច្ច​រក​មិន​ឃើញ នូវ​ភស្តុតាង​ដែល​ស៊ី​ចង្វាក់ និង​ការសរសេរ តាម​ហ្វេសប៊ុកនោះទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៧ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 15, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនដែលគម្រាមសម្លាប់ លោក សុខ ទូច ប្រធានក្រុមអ្នកស្រាវជ្រាវ បញ្ហាព្រំដែន របស់រាជបណ្ឌិតសភា តាម​បណ្ដាញសង្គមនោះ អាច«មានទោស ឬគ្មានទោស» នៅក្នុងលក្ខខណ្ឌ ដែលអាជ្ញាធរ ត្រូវរកឲ្យឃើញ នូវ​«ចេតនាពិត»ប្រាកដមួយ, រកឲ្យឃើញ នូវ«សម្ភារៈ នៃគម្រោង»ការ របស់ខ្លួន និងព្យសនកម្ម (ការខូចខាត) មួយ បានកើតឡើងហើយ។ នេះជាការថ្លែងពន្យល់ តាមផ្លូវច្បាប់ របស់លោកមេធាវី សុខ សំអឿន ដែលជា​អ្នក​ជំនាញខាងច្បាប់ ដ៏ល្បីឈ្មោះ នៅកម្ពុជា។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ លោក សុខ សំអឿន ដែលជាអតីត នាយកប្រតិបត្តិ នៃ​អង្គការ មិនមែនរដ្ឋាភិបាលមួយនោះ បានទទួលស្គាល់ថា ការគម្រាមសម្លាប់ជនណាម្នាក់ ដោយបុគ្គល​មួយ​ផ្សេងទៀត ទោះតាមរូបភាពណាក៏ដោយ តាមច្បាប់ខ្មែរត្រូវតែមានទោស។ លោកបានថ្លែងថា ដូចករណីការ​គម្រាមសម្លាប់ តាមរយៈហ្វេសប៊ូកជាដើម ត្រូវតែមានទោស គ្រាន់តែទោស ដែលត្រូវទទួលនោះ មាន​កម្រិត​ស្រាល ហើយប្រឈម នឹងការជាប់ពន្ធនាគារ ត្រឹមពីរខែប៉ុណ្ណោះ។

ជាគោលការណ៍ «ច្បាប់ព្រហ្មទណ្ឌ» ជនណាម្នាក់ ដែលអាចកំណត់ថា «មានទោសបាន» ត្រូវតែមានធាតុផ្សុំ​បីរួមគ្នា ជាចាំបាច់។ ធាតុទីមួយ ទោសដែលត្រូវចោទ ត្រូវតែមានច្បាប់ចែង។ ទីពីរ ត្រូវមានគំនិតផ្តើមឡើង ដោយគ្មានការបញ្ឈប់ ដោយស្ម័គ្រចិត្ត និងទីបី ត្រូវមានការបង្ក នូវភាពខូចខាតជាក់ស្តែង ដល់សង្គម។ លោក​មេធាវី បានបន្ថែមថា ការកំណត់ទោស ទៅលើយុវជនម្នាក់ ដែលបានគម្រាមសម្លាប់លោក សុខ ទូច តាម​បណ្តាញសង្គមនោះ វាអាស្រ័យលើភាពជាក់ស្តែង នៃការស្វែងរកភស្តុតាងនានា និងការសាកសួរជាក់ស្តែង របស់សមត្ថកិច្ចជំនាញ។

ជាមួយនឹងការបកស្រាយនេះ លោក សុខ សំអឿន បានលើកជាចំណោទសួរថា ចំពោះមតិ និងគំនិតរបស់​យុវជននោះ តាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «តើ (នោះ ជាការ) គម្រាបមែនទែន ឬយ៉ាងណា។ តើពិត​ជា​ចង់បាញ់សម្លាប់ដែរ ឬអត់ទេ? តើគាត់នោះ ជាអ្នកណា? មានកាំភ្លើងមែនដែរ ឬទេ?។ គាត់មានលទ្ធភាព ដូច​អ្វី​ដែលគាត់បាននិយាយ ដែរទេ?»

លោកមេធាវីបានពន្យល់ទៀតថា បើអ្វីជាចំណោទរបស់លោក មិនត្រូវបានរកឃើញ ដោយក្រុមសមត្ថកិច្ចទេ នោះការពោលរបស់យុវជន តាមបណ្តាញសង្គមហ្វេសប៊ូក អាចគ្រាន់តែជាការ «បញ្ចេញមតិ»ប៉ុណ្ណោះ មិន​មែនជា«បទល្មើស»ទេ។ លោក សុខ សំអឿន បានថ្លែងថា៖ «បើកូនក្មេង គ្រាប់ចេះតែថា នោះខុសដែរឬទេ? យើងមើលទៅ ក្រែងការថានោះ ព្រោះតែវាខឹង នោះវាក្លាយជាការ “និយាយ” ទៅវិញហើយ។ (...) ពិនិត្យមើល​ថា តើមាន(យុវជន)នោះ មានលទ្ធភាពដែរអត់? ធ្វើចឹងមែនអត់ មានកាំភ្លើងមែនទេ?»

សូមបញ្ជាក់ថា យុវជនដែលបានគម្រាមសម្លាប់លោក សុខ ទូច កាលបីថ្មីៗនេះ ត្រូវបានកម្លាំងសមត្ថកិច្ច​នគរបាល បានឃាត់ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៥ នៅព្រំដែនប៉ោយប៉ែត។ ការចាប់ខ្លួននេះ បន្ទាប់​ពី​យុវជនរូបនោះ ត្រូវបានអាជ្ញាធរថៃ បណ្តេញចេញពីប្រទេស ព្រោះបានចូលទៅធ្ចើការ ដោយខុសច្បាប់។ តាម​គេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ យុវជនគម្រាមសម្លាប់លោក សុខ ទូច នោះមានឈ្មោះ ផង់ សីហា ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកន្លែងកំណើតភូមិព្រៃកន្ទ្រង់ ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង។

សម្រាប់អ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន វិញ បានសរសេរតាមទំព័រហ្វេសប៊ុក ចាត់ទុក​ការចាប់ខ្លួនយុវជននោះ ដើម្បីសេចក្តីសុខសាន្តជាតិ និងឯកភាពជាតិ។ លោកថា សកម្មភាពរបស់​យុវជន​រូប​នោះ ជាការបង្ហាញភាពជាក់ស្តែ ងនូវការរៀបចំដោយព្រៀងទុក និងមធ្យោបាយ ក្នុងការសម្លាប់ លោក សុខ ទូច។ លោក ផៃ ស៊ីផាន បានសរសេរទៀតថា៖ «ជាការប៉ុនប៉ងយ៉ាងច្បាស់ នៃការបំផ្លាញឯកភាពជាតិ សន្តិសុខ​ជាតិ ឬការបំភិតបំភ័យ មិនឲ្យការងារផ្ទៀងផ្ទាត់ផែនទី អាចដំណើរការទៅមុខបាន ដែលអាចចាត់​ទុក​ផង​ដែរ ថាជាសកម្មភាពបំផ្លាញការងារជាតិ។ (...) ការឃាត់ខ្លួន ជាការងាររបស់តុលាការ... ដែលជា​ដែន​សមត្ថកិច្ច នៃអំណាចរដ្ឋ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...