ផែង វណ្ណៈ ថាប្រតិកម្មរបស់ ផៃ ស៊ីផាន ជាការ«លាបពណ៌»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី៣១ កក្កដា ២០១៧
- កែប្រែចុងក្រោយ: August 01, 2017
- ប្រធានបទ: ជម្លោះមន្ត្រី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសំដីលើកនេះ មិនមែន រវាងមន្ត្រី និងមន្ត្រី នៅក្នុងក្រសួងមហាផ្ទៃតែមួយទេ តែកំពុងបែកធ្លាយ ចេញពីក្រសួងមហាផ្ទៃ រាលដាលទៅដល់ ទីស្ដីការគណៈរដ្ឋមន្ត្រីម្ដងវិញ។ នោះ គឺដោយសារការលើកឡើង របស់លោក ផែង វណ្ណៈ មន្ត្រីក្រសួងមហាផ្ទៃ ដែលស្និតគណបក្សកាន់អំណាច ទាក់ទងនឹងរថយន្ដរាប់សិបគ្រឿង ចតនៅលើកទីធ្លាចំណត មុខអាគារទីស្តីការគណៈរដ្ឋមន្ត្រី ដែលភាគច្រើន ជារថយន្ដបិទកញ្ចក់ខ្មៅ។
ការលើកឡើងនេះ ជាការឆ្លើយឆ្លង ជាមួយនឹងមន្ត្រីចរាចរណ៍ផ្លូវគោករាជធានី ដែលលោក ផែង វណ្ណៈ បានបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក កាលពីថ្ងៃទី២៨ ខែកក្កដាកន្លងមក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរនៅពេលនោះ ភ្ជាប់ចំណាត់ការ «ចាប់ឡានបិទកញ្ចក់ខ្មៅ» ទៅនឹង«រថយន្ដទំនើបៗ ដែលចតតរៀបជួរគ្នា» នៅក្នុងចំណត មុខអាគារទីស្ដីការគណៈរដ្ឋមន្ត្រី ដែលមានរូបថត បង្ហោះមកជាមួយ ដូច្នេះថា៖ «រថយន្តទំនើបៗ ដែលចតតំរៀបជួរគ្នា នៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺ ៩០% បិតកញ្ចក់ខ្មៅទាំងអស់ ដូច្នេះបើចង់ចាប់ សូមអញ្ជើញឲ្យលឿនផង ខ្ញុំនឹងផ្សាយសរសើរ សកម្មភាពចាប់បកផ្លាស្ទឹកកញ្ចក់ខ្មៅ លើរថយន្តនេះជូន រយៈពេល ៣ខែ»។
ចេតនា ឬអចេតនាក៏ដោយ ក៏សំណេរខាងលើនេះ ត្រូវតែប៉ះពាល់ ដល់ទីស្ដីការគណៈរដ្ឋមន្ត្រី ហើយចាំបាច់ ត្រូវមានការពន្យល់មួយ ត្រឡប់មកវិញ។ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ របស់ស្ថាប័ននេះ បានចេញលិខិតចំហររបស់លោក កាលពីថ្ងៃទី៣១ ខែកក្កដា ហៅការភ្ជាប់រឿងរ៉ាវ របស់លោក ផែង វណ្ណៈ ថាមិនត្រឹមតែ ជាការវាយប្រហារ ដោយផ្ទាល់ ទៅលើមន្ត្រីបំពេញការងារ នៅទីនោះប៉ុណ្ណោះទេ ប៉ុន្តែវាជាការប្រមាថ និងវាយប្រហារ ទៅលើស្ថាប័នរដ្ឋ មួយទាំងមូលតែម្ដង។
លោក ផៃ ស៊ីផាន បានបង្ហាញ«ការសោកស្តាយ» និង«ការហួសចិត្ត» ចំពោះការលើកឡើងខាងលើ របស់លោក ផែង វណ្ណៈ ដែលមន្ត្រីអ្នកនាំពាក្យចាត់ទុកថា ជាការ«ប្រឌិត»មួយ។ លោកថា៖ «ការលើកឡើងរបស់លោក (ផែង វណ្ណៈ) នេះ អាចចាត់ទុកបានថា មិនត្រឹម តែការវាយប្រហារផ្ទាល់ ចំពោះតែ មន្រ្តីបំពេញការងារទាំងអស់នោះទេ ក៏ប៉ុន្តែជា ការប្រមាថ និងវាយប្រហារ មកលើស្ថាប័នរដ្ឋ (ទីស្តីការគណៈរដ្ឋមន្រ្តី) ដែលធ្វើអោយមតិសាធារណៈយល់ខុស ថាទីស្តីការគណៈរដ្ឋមន្រ្តី ចូលរួមជាមួយនឹងជនប្រព្រឹត្ត និងបំពានច្បាប់»។
មន្ត្រីអ្នកនាំពាក្យ បានយកឱកាសនេះ ដើម្បីពន្យល់ចូលជ្រៅ ទៅដល់រឿងរ៉ាវ របស់នគរបាលចរាចរណ៍ថា៖ «ទីស្តីការគណៈរដ្ឋមន្រ្តី ជាស្ថាប័ន ក៏ដូចជាចំណាត់ការរបស់ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជារដ្ឋមន្រ្តីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដាច់ខាតមិនចូលរួមគាំទ្រ និងការពារដល់ជនទាំងឡាយណា ដែលប្រព្រឹត្តរំលោភច្បាប់នោះទេ។ យើងសូមគាំទ្រដោយឥតលក្ខខណ្ឌ ចំពោះមន្រ្តីនគរបាលចរាចរណ៍អនុវត្តច្បាប់ ក្នុងកិច្ចចាត់វិធានការ ប្រឆាំងរាល់បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តផ្ទុយ និងច្បាប់ជាធរមាន។»។
សម្រាប់លោក ផែង វណ្ណៈ វិញ លិខិតចំហររបស់លោក ផៃ ស៊ីផាន មានលក្ខណៈ ជាការ«បកស្រាយចោទ» និងបង្ហាញ ពី«វប្បធម៌លាបពណ៌ របស់អ្នកធំ»នៅកម្ពុជា ទៅលើរូបលោក។ មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បានសរសេរតបវិញថា៖ «អ្នកនាំពាក្យ អាចក្លាយជាអ្នកនាំរឿងបាន បើអ្នកនាំពាក្យមិនបានមើលខ្លឹមសារអត្ថបទ សំណៅដើមរបស់ខ្ញុំ ហើយយកទៅសរសេរ តាមអារម្មណ៍ស្អប់។ (...) ខ្ញុំអានអត្ថបទរបស់ខ្ញុំ អានហើយអានទៀត អត់ឃើញមានចំណុចណា ដែលខ្ញុំចោទមន្ត្រីទីស្ដីកាគណ:រដ្ឋមន្ត្រី សោះ។ តែគេយកទៅបកស្រាយចោទខ្ញុំទៅវិញ នេះហើយដែលជាវប្បធម៌លាបពណ៌ របស់អ្នកធំស្រុកខ្ញុំ។»។
ប្រតិកម្មរបស់លោក ផែង វណ្ណៈ បណ្ដាលឲ្យមានប្រិយមិត្តរបស់លោកខ្លះ សំដែងការយល់ទាស់ ដោយពន្យល់ទៅលោក ផែង វណ្ណៈ ជំនួសលោក ផៃ ស៊ីផាន ថាមន្ត្រីអ្នកនាំពាក្យទំនងជា ចង់និយាយដល់ពាក្យ «រថយន្តទំនើបៗ ដែលចតតំរៀបជួរគ្នា នៅទីស្ដីការគណៈរដ្ឋមន្ត្រី គឺ ៩០% បិតកញ្ចក់ខ្មៅទាំងអស់»។ នៅត្រង់នេះ លោក ផែង វណ្ណៈ បានពន្យល់វិញថា៖ «បើមិនយល់ដូចគ្នា គួរតែសួរគ្នាមុន មុននឹងប្រតិកម្ម»។
តែប្រិយមិត្តខ្លះទៀត បានគាំទ្រការលើកឡើង របស់លោក ផែង វណ្ណៈ។ ដូចលោក ឡុង ឧត្ដមសុខា បានសរសេរថា៖ «លោកផៃ សុីផាន (...) គាត់និយាយពេលខ្លះក៍ខុសដែរ» ហើយត្រូវលោក ផែង វណ្ណៈ សរសេរត្រឡប់មកវិញថា៖ «កុំនិយាយអញ្ចឹងប្អូន គាត់ជាថ្នាក់ដឹកនាំ ប្រយ័ត្នប្អូនមានបញ្ហា។ ប្អូននិយាយថា មានគេស្រលាញ់ច្រើនទៅ ទើបបានសុខ។»៕