កាណូតបុកកំពង់នៅថៃ ស្លាប់យ៉ាងតិច១៣នាក់
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 18, 2016
- ប្រធានបទ: គ្រោះលិចកាណូត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សយ៉ាងតិច១៣នាក់ បានស្លាប់ នៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងទន្លេចៅប្រាយ៉ា ប្រទេសថៃ បន្ទាប់ពីកាណូតចម្លងមួយ បានជ្រុលទៅបុកកំពង់របស់ខ្លួន ហើយបានលិច។ នេះបើតាមការប្រកាសឲ្យដឹង របស់អ្នកទទួលខុសត្រូវម្នាក់ ក្នុងផ្នែកសង្គ្រោះបន្ទាន់ ប្រចាំក្រុងអយុធ្យា។
លោក «Udomsak Khaonoona» ដែលតំណាងឲ្យក្រុមអ្នកជួយសង្គ្រោះ បានថ្លែងថា៖ «មនុស្ស១៣នាក់ ពិតជាបានលាចាកលោក ហើយ៣៣នាក់ទៀត បានរងរបួស។ នេះជាតួលេខ ដែលអាចរាប់ដឹង មកដល់ពេលនេះ។»។
ហេតុការណ៍បានកើតឡើង នៅក្នុងទន្លេចៅប្រាយ៉ា នៃក្រុងអយុធ្យា ដែលស្និតនៅចំងាយ៨០គីឡូម៉ែត្រ ខាងជើងរាជធានីបាងកក។ លោក «Khaonoona» បានបន្តពន្យល់ថា៖ «កាណូតបានព្យាយាមបើកគេស ពីកាណូតមួយទៀត តែបានជ្រុលមកបុកសរសរមួយដើម របស់កំពង់ចម្លង»។
លោកបានអះអាងទៀតថា អ្នកដំណើរនៅលើកាណុត សុទ្ធសឹងជាប្រជាជនថៃ ដែលជាអ្នកស្រុកក្នុងតំបន់នោះ។
» ខាងក្រោមនេះ ជារូបថតនៃការលិចកាណូត ដែលត្រូវបានថតនៅពេលយប់៖
អ្នកទទួលខុសត្រូវ ផ្នែកជួយសង្គ្រោះដដែល បានថ្លែងឲ្យដឹងថា ទំនងជាមានមនុស្សជាង១០០នាក់ នៅលើកាណូតនោះ ខណៈពេលនេះ មនុស្សបួននាក់ កំពុងបាត់ខ្លួននៅឡើយ។
ដូចរូបភាព នៅក្នុងវីដេអូ(ខាងលើ) បានបង្ហាញស្រាប់ ថាការព្យាយាមជួយសង្គ្រោះ យ៉ាងស្វិតស្វាញ និងតាមគ្រប់មធ្យោបាយ ពីសំណាក់ក្រុមអ្នកជួយសង្គ្រោះ ដើម្បីជួយសង្គ្រោះអ្នកដំណើរ។ ពួកគេបានប្រើខ្សែ ដើម្បីជួយឲ្យជនរងគ្រោះតោង ហើយហែងសំដៅច្រាំង៕