សួន សេរីរដ្ឋា ថា​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​«អង្វរ»​សុំ​គេ​រស់

ការប្រកាសជំហរ«សុំអង្វរ» របស់គណបក្សសង្គ្រោះជាតិ ទៅកាន់គណបក្សប្រជាជនកម្ពុជា ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ចរចា​ណា​មួយ​នោះ បាន​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ ពីសំណាក់មេដឹកនាំ របស់គណបក្ស​ក្រៅ​សៃវៀន​​មួយ​​ចំនួន។ ប្រធាន​​​គណបក្ស​សម្ព័ន្ធ​​ដើម្បី​​ប្រជាធិបតេយ្យ បាន​ចាត់​ទុក​ការ​អង្វរក​នេះ ជា​នយោបាយ​«មិន​ថ្លៃ» ខណៈ​ប្រធាន​គណបក្ស​អំណាចខ្មែរ បាន​បន្ថែម​ថា ជា​ការ​«សុំ​គេ​រស់» សម្រាប់​បក្ខពួក​ខ្លួន។
សួន សេរីរដ្ឋា ថា​បក្ស​ប្រឆាំង​ធ្វើ​នយោបាយ​«អង្វរ»​សុំ​គេ​រស់
លោក សម រង្ស៊ី និងលោក ហ៊ុន សែន ថតរូបជាមួយគ្នា នៅក្នុងការទទួលទានអាហារជុំគ្នាមួយ ជា​លក្ខណៈ​គ្រួសារ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៥។ (រូបថត​លើ​ហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 18, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកាសសុំមេត្តា ឬអង្វរគូប្រជែងរបស់ខ្លួន ពីសំណាក់គណបក្សប្រឆាំង ដែលធំជាងគេ​​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​​ជា​​ការ​​លុតជង្គង់ សុំគេរស់ ដើម្បីបក្ខពួកខ្លួន ហើយទុកជាតិឲ្យរលាយ។ នេះជាការថ្លែងឡើង របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅនឹងការប្រកាសជាសាធារណៈមួយ របស់មន្ត្រីជាន់​ខ្ពស់​​គណបក្ស​​សង្គ្រោះ​​ជាតិ ដើម្បីស្វែងរកការចរចាផ្នែកនយោបាយមួយ ជាមួយគណបក្សប្រជាជនកម្ពុជា។

ជំហរសុំមេត្តា ឬអង្វរនោះ ត្រូវបានលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស​សង្គ្រោះជាតិ ថ្លែង​ឡើង​នៅ​ចំពោះ​យុវជន​គណបក្សជាច្រើនសិបនាក់ ដែលបានមកជួបជុំគ្នា នៅទីស្នាក់ការកណ្ដាល​របស់គណបក្ស កាលពី​ថ្ងៃ​សៅរ៍​ម្សិលម៉ិញ។ លោកបានថ្លែងឡើងដូច្នេះថា៖ «ខ្ញុំសូមអំពាវនាវ ក្នុងនាមគណបក្សសង្គ្រោះជាតិ សូមឲ្យថ្នាក់ដឹកនាំ​​គណបក្ស​​នយោបាយ​មេត្តា - ខ្ញុំប្រើពាក្យមេត្តានេះ គឺខ្ញុំអង្វរ - អង្វរដោះស្រាយបញ្ហាតែបន្តិច»។

អ្នកនាំពាក្យ និងជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ របស់គណបក្ស​សម្លេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា​រូបនេះ បាន​ថ្លែង​បន្ត​ថា៖ «បញ្ហានោះ គឺបញ្ហាអី? (១) សុំឲ្យលោកប្រធាន សម រង្ស៊ី វិលចូលក្នុងប្រទេស ចូលរួមក្នុង​សកម្មភាព​​ឃោសនា​​​បោះឆ្នោត ក្នុង​ពេល​ខាងមុខ (...) (២) អ្នកជាប់ពន្ធនាគារ ដោយសារហេតុផល​នយោបាយ​ទាំង​ប៉ុន្មាន សូម​អញ្ជើញ​​ដោះ​លែង​​គាត់មកវិញ (...) និងបញ្ហាទី៣ គឺលោកប្រធានស្ដីទី កឹម សុខា»។

» នេះជាការថ្លែងឡើង របស់លោក យឹម សុវណ្ណ នៅក្នុងពិធី៖

សម្រាប់លោក សួន សេរីរដ្ឋា បានចាត់ទុកការលើកឡើងនេះ ថាជាដំណោះស្រាយដើម្បីតែ «ជីវិតនយោបាយ​បក្ខពួក​ខ្លួន តែមិនស្រណោះជីវិតជាតិ ដែលកំពុងរងគ្រោះ ដោយពួកផ្ដាច់ការបំផ្លាញជាតិ»។ ប្រធាន​គណបក្ស​អំណាច​ខ្មែរ បានថ្លែងឡើងថា ជំហរនយោបាយខាងលើ របស់គណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា «មិនអាច​យក​ឈ្នះ​សត្រូវ ដែលចូលចិត្ត ប្រើល្បិចថោកទាបបានទេ»។

ប៉ុន្តែយ៉ាងហោចណាស់ ក៏ការប្រកាស«អង្វរក» របស់គណបក្សសង្គ្រោះជាតិ បានទទួលចម្លើយតបវិញ មាន​លក្ខណៈ​ជា​វិជ្ជមានខ្លះៗ ពីសំណាក់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន លោក សុខ ឥសាន និងពីសំណាក់​​អ្នកនាំ​ពាក្យ​​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ដែរ។

ថ្លែងទៅកាន់​សារព័ត៌មានក្នុងស្រុក អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច បានអះអាងថា គណបក្សប្រជាជន​កម្ពុជា​អាចនឹងជួបចរចា ជាមួយគណបក្សសង្គ្រោះជាតិ នៅក្រោយការបញ្ចប់​នីតិវិធី​​របស់​តុលាការ និងជាការ​ចរចា​មួយ ដើម្បីដោះស្រាយ​បញ្ហា​នយោបាយ តែមិនមែនដោះស្រាយ​បញ្ហា​បុគ្គល​ឡើយ។ ដោយឡែកលោក ផៃ ស៊ីផាន វិញ លោកបានបើកផ្លូវមួយផ្សេង សម្រាប់​ការចរចា​ជាមួយ​គណបក្ស​ប្រឆាំង ក្នុងពេលនេះ​ភ្លាមៗ​តែម្ដង។ តែការ​​ចរចា​នោះ នឹងត្រូវធ្វើក្នុង​ក្របខណ្ឌសភា រវាងគណបក្សមានអសនៈទាំងពីរ ក្រោម​របៀបវារៈ​ស្ដីពី​«បញ្ហាជាតិ»។

បើតាមជំហរទាំងនេះ របស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជានោះ បានសេចក្ដីថាការអង្វរក របស់​គណបក្សសង្គ្រោះជាតិ ទទួលបានផ្លែផ្កាខ្លះដែរ ហើយបណ្ដា​គណបក្ស​ក្រៅ​សៃវៀន​ទាំង​ឡាយ ទំនង​ជា​ត្រូវ​​នៅ​ឈរ​មើល (យូរ)ជាបន្តទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...