សង្គមស៊ីវិល៖ បក្សប្រជាជនផ្តល់សំណូកដល់អ្នកគាំទ្រ តាមរូបភាពថ្មី
ដើមខែមេសានេះគណបក្សប្រជាជនកម្ពុជាកំពុងតែ បើកយុទ្ធនាការជះទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដល់សកម្មជនរបស់ខ្លួន ដូចដែលបានគ្រោងទុកកាលពីពាក់កណ្តាលខែកុម្ភៈ។ តែសម្រាប់អង្គការសង្គមស៊ីវិលមួួយចំនួន បានរិះគន់ថា គោលនយោបាយផ្តល់ប្រាក់ មិនមែនជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ លើផ្លូវវែងឆ្ងាយទេ តែជាការសណ្តំចិត្តអ្នកគាំទ្រ និងពលរដ្ឋ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា ត្រូវការការគាំទ្រពីពួកគេជាចាំបាច់។
សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)
អំពើពុករលួយ - មន្ត្រីសម្របសម្រួលបណ្ដាញរួបរួម ដើម្បីគណនេយ្យភាពសង្គម ប្រចាំអាស៊ីបូព៌ា លោក សន ជ័យ បានអត្ថាធិប្បាយថា វាមិនមែនជាដំណោះស្រាយល្អនោះទេ ការដែលគណបក្សនយោបាយមួយកំពុងគ្រប់គ្រងប្រទេស ហើយផ្តល់ប្រាក់បន្តិចបន្តួច ក្នុងកាលៈទេសៈកេងចំណេញ ដល់សកម្មជនខ្លួន ដោយបន្តទុកឲ្យសកម្មជន ឬមន្រ្តីទាំងនោះ រស់នៅក្នុងភាពក្រីក្រ ដោយមិនបានទទួលបា្រក់បៀវត្យសមរម្យ។
លោក សន ជ័យ បានពន្យល់ប្រាប់ទស្សនាវដ្តីមនោម្យ.អាំងហ្វូ នៅថ្ងៃទី០៩ មេសា ថា៖ «យើងចង់ឃើញ គាត់មានប្រាក់បៀវត្យសមរម្យ។ វាអត់មានអីផ្តល់ផលប្រយោជន៍វែងឆ្ងាយ ដល់មន្រ្តីរាជការ ឬអ្នកនយោបាយនៅមូលដ្ឋានទេ ហើយការផ្តល់ឲ្យបែបនេះ វាជារូបភាពមួយ ដូចជាការលួងលោមចិត្ត នៅមុនបោះឆ្នោត ក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ខណ្ឌ។ វាជាប្រភេទសំណូកបែបថ្មីមួយ ដែលយើងអាចមើលឃើញ ក្នុងសង្គមមួយ ដែលកំពុងពង្រឹងតម្លាភាព។»
កាលពីពាក់កណ្តាលខែកុម្ភៈ លោក សាយ ឈុំ ប្រធានគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឲ្យប្រធានគណៈកម្មាធិការគណបក្ស រាជធានី-ខេត្ត ឧបត្ថម្ភ ដល់ សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ក្នុងម្នាក់ៗ ចំនួន៥០ម៉ឺនរៀល ឬ១២៥ដុល្លារ។
សេចក្តីជូនដំណឹងដដែលនោះ បានឲ្យដឹងទៀតថា ថវិកានោះនឹងត្រូវផ្តល់ឲ្យសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់ គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៨.២៩២នាក់ ដែលសរុបទៅខ្ទង់ចំណាយប្រហែលជា ជាង១លានដុល្លារ នៅមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ។ ពោល គឺប្រហែលជា មានរយៈពេលជិត១ខែ មុនការបោះឆ្នោតក្រុមប្រឹក្សារាជធានី-ខេត្ត និងក្រុង-ស្រុក-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨ ខែឧសភា។
លោក គល់ បញ្ញា នាយកប្រតិបត្តិ គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (Comfrel) បានអត្ថាធិប្បាយថា នៅប្រទេសប្រជាធិបតេយ្យ និងមានការអភិវឌ្ឍន៍ខ្លាំង គឺសកម្មជន ឬអ្នកគាំទ្រជាអ្នកផ្តល់ប្រាក់ ក្នុងការទ្រទ្រង់ ដំណើរការរបស់គណបក្ស។ តែនៅកម្ពុជា គណបក្ស ឬមន្រ្តីជាន់ខ្ពស់របស់គណបក្ស ជាអ្នកផ្តល់ប្រាក់ដល់សកម្មជន និងអ្នកគាំទ្រនៅរដូវបោះឆ្នោតទៅវិញ នោះប្រហែលជាគណបក្សនយោបាយនៅកម្ពុជា «មាន»ជាងប្រជាពលរដ្ឋ ឬអ្នកគាំទ្រ។
នាយកប្រតិបត្តិរូបនេះបញ្ជាក់ថា៖ «បើផ្តល់ប្រាក់ ក្នុងពេលឃោសនា បោះឆ្នោត ឬពេលបោះឆ្នោត គឺត្រូវបានគេចាត់ទុកថា ទិញសន្លឹកឆ្នោត តែបើសម្រេចថាផ្តល់ និងផ្តល់ ឲ្យមុនពេលឃោសនា គឺមិនមានបញ្ហាអ្វីនោះទេ។ បើឲ្យមុនគេ មិនចាត់ទុកថា ទិញសន្លឹកឆ្នោតទេ តែក៏នូវតែមានបញ្ហា ដែរ កាលដែលឲ្យលុយ ជិតដល់ពេលបោះឆ្នោត គ្រាន់តែច្បាប់ មិនអាចចោទប្រកាន់បាន។»
មិនអាចទំនាក់ទំនងមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកទទួលខុសត្រូវរបស់គណបក្សប្រជាជន ដើម្បីបកស្រាយបន្ថែម ពីក្នុងករណីនេះបានទេ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ មេសា ២០១៤