ព្រះសង្ឃ ទេព វង្ស ជាប់ឈ្មោះចូលបញ្ជី«ខ្មៅ»មុនគេ?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៦ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 16, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមាននិន្នាការលំអៀង ទៅរកគណបក្សប្រឆាំង កំពុងប្រមូលគ្នីគ្នា ធ្វើបញ្ជី«ខ្មៅ» នៃជនដែលត្រូវកំហិត ផ្នែកទិដ្ឋាការ និងបង្កកទ្រព្យសម្បត្តិ ទៅតាមអ្វី ដែលជាសេចក្ដីសម្រេចថ្មីៗបំផុត របស់សហរដ្ឋអាមេរិក និងសភាអ៊ឺរ៉ុប ក្នុងការដាក់ទណ្ឌកម្ម ប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេស។
ក្នុងចំណោមនោះ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក៏ជាសង្ឃសកម្មមួយអង្គដែរ នៅក្នុងយុទ្ធនាការខាងលើ។ ព្រះតេជគុណបានអំពាវនាវ តាំងពីម្សិលម៉ិញ ឲ្យក្រុមអ្នកមានសមានចិត្តទាំងឡាយ ចូលរួមជាមួយនឹងព្រះអង្គ ដោយផ្ញើរជាឈ្មោះ របស់មន្ត្រីមានអំណាច នៃរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា រួមនឹងសមាជិកក្រុមគ្រួសារ របស់មន្ត្រីទាំងនោះផង ប្រគេនទៅព្រះអង្គ។ ព្រះសង្ឃ ប៊ុត ប៊ុនតិញ បានមានថេរដីកា ប្រកាសឲ្យដឹងថា៖
«យើងចាប់ផ្ដើមចូលរួមប្រមូលឈ្មោះ មន្រ្តីរដ្ឋាភិបាល ហ៊ុន សែន ដើម្បីដាក់ជូនព្រឹទ្ធសភាអាមេរិក។ សូមធ្វើតាមទម្រង់ និងអាន សេចក្ដីណែនាំ ដែលអាត្មាបានពន្យល់ នៅខាងក្រោមនេះ។ យើងត្រូវការគ្រប់ក្រសួងស្ថាប័នទាំងអស់ ព្រមទាំងសមាជិកក្រុមគ្រួសារជនផ្ដាច់ការទាំងនោះផងដែរ។»
ប៉ុន្តែជនទីមួយ ដែលស្ថិតនៅក្នុងទម្រង់ និងសេចក្ដីណែនាំ របស់ព្រះតេជគុណ ប៊ុនតិញ នោះ មិនមែនជាលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាបុរសដែលមានអំណាចខ្លាំងបំផុត នៅកម្ពុជានោះទេ។ គឺព្រះនាមរបស់ព្រះតេជគុណ ទេព វង្ស សម្ដេចអគ្គមហាព្រះសង្ឃរាជ គណៈមហានិកាយកម្ពុជា ដែលត្រូវបានចុះនៅក្នុងបញ្ជីនោះ មុនគេរួចជាស្រេចហើយ។
នៅក្នុងទម្រង់ដដែល គេឃើញមានការសរសេរពី «ទង្វើ» របស់ព្រះសង្ឃ ទេព វង្ស ដូច្នេះថា៖ «ចាប់ព្រះសង្ឃស្នេហាជាតិផ្សឹក ដោយគ្មានកំហុស ប្រើប្រាស់ស្ថាប័នព្រះពុទ្ធសាសនា ដើម្បីបម្រើគណបក្សកាន់អំណាច»។
ការដាក់ព្រះនាមរបស់ព្រះតេជគុណ ទេព វង្ស មុនគេ ទៅក្នុងបញ្ជី«ខ្មៅ»ខាងលើ ទំនងជាការឆ្លើយតបភ្លាមៗ ទៅនឹងថេរដីកា របស់សម្ដេចព្រះសង្ឃរាជអង្គនេះ ដែលបានអំពាវនាវ នៅក្នុងមហាសន្និបាតសង្ឃ កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ កន្លងមកនេះ ទៅកាន់ព្រះសង្ឃទូទាំងប្រទេស ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ព្រះសង្ឃ ទេព វង្ស បានមានថេរដីកា នៅពេលនោះថា៖ «សុំ សមាជិក សមាជិកា ពិចារណាទៅលើការបោះឆ្នោតថា តើនរណាឱ្យយើងរស់? នរណាឱ្យលោក ជីដូន ជីតាយើងបានរស់? នរណាឱ្យឪពុកម្តាយយើងបានរស់? ហើយបានយើងទាំងអស់គ្នា បានកើតនៅខាងក្រោយ។ នេះ យើងសុំពិចារណានៅត្រង់ចំណុចទំាងនេះឯង»។
សម្ដេចសង្ឃអង្គនេះ បានលើកអំពីគុណតម្លៃ និងស្មារតីនៃរណសិរ្សង្គ្រោះជាតិ២ធ្នូ និង ៧មករា ដែលព្រះអង្គយល់ថា បានជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។ ព្រះតេជគុណ មានថេរដីកាថា៖ «នរណាចេញទៅជាអាពតទីពីរ ក៏ខ្ញុំមិនជាបញ្ហានោះទេ! ប៉ុន្តែអ្នកណាមួយ ដែលគេហៅថាសាមគ្គីធម៌? ២ធ្នូកើតសាមគ្គី ហើយ៧មករា កើតព្រហ្មវិហារធម៌ បានរស់រានមានជីវិត។ មានសាមគ្គីបានសុខចម្រើន បាត់សាមគ្គីងាប់។»។
ព្រះសង្ឃ ទេព រង្ស មានថេរដីកាបន្តថា៖ «យើងគួរពិចារណា ឲ្យបានច្បាស់លាស់ មុននឹងគូសលើសន្លឹកឆ្នោត គាំទ្របក្សមួយនោះ ដូចយើងបានដឹងហើយថា ពីមួយអាណត្តិ ទៅមួយអាណត្តិរហូតដល់ ៥ អាណត្តិនេះ បក្សមួយនោះមិនដែលបានជាប់ឆ្នោតទេ ហើយក៏មិនបាច់ខំតទៅទៀតដែរ ព្រោះគេរៀបចំទុករួចហើយ អ្នកណាឈ្នះ អ្នកចាញ់ គេរៀបចំទុករួចហើយ»។
បន្ទាប់ពីសហរដ្ឋអាមេរិក សភាអ៊ឺរ៉ុបបានអនុម័ត កាលពីថ្ងៃទី១៤ ខែធ្នូនេះ នូវដំណោះស្រាយមួយ លេខ «P8_TA(2017)0497» មាន១៣ចំណុច ដើម្បីដាក់ប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញការរំលាយគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង ទទួលបានសម្លេងគាំទ្រពីពលរដ្ឋ ជិតកន្លះប្រទេសកម្ពុជា។ នៅក្នុងចំណុចទី១២ នៃដំណោះស្រាយនោះ មានសរសេរថា៖
«សភាអ៊ឺរ៉ុបអញ្ជើញ "ការិយាល័យអ៊ឹរ៉ុប ដើម្បីកិច្ចការខាងក្រៅ (The European External Action Service ហៅកាត់ EEAS - ហៅកាត់ជាភាសាបារាំង SEAE)" និងគណៈកម្មការអ៊ឺរ៉ុប ឲ្យរៀបចំបញ្ជីឈ្មោះ នៃមន្ត្រីកម្ពុជាទាំងឡាយណា ដែលទទួលខុសត្រូវ ចំពោះការរំលាយគណបក្សប្រឆាំង និងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរដទៃទៀត នៅក្នុងប្រទេសកម្ពុជា ដើម្បីឈានទៅដាក់កំហិត ផ្នែកទិដ្ឋាការ (ហាមឃាត់ចូលទឹកដីអ៊ឺរ៉ុប) និងការបង្កកទ្រព្យសម្បត្តិរបស់ពួកគេ»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចំអកតប ទៅនឹងចំណាត់ការនោះថា វានឹងមិនប៉ះ«ក្បាល ហ៊ុន សែន» ឡើយ។ បុរសខ្លាំងកម្ពុជា បានថ្លែងពន្យុះ នៅក្នុងជំនួបជាមួយក្រុមកីឡាករ កីឡាការិនី នាវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលម៉ិញថា៖ «មនុស្សណាខ្លះ ដែលត្រូវហាមឃាត់ មិនឲ្យចូលប្រទេសអ្នកឯង។ បានតើ! នៅពេលដែលគេមិនហាមឃាត់ សួរថាមន្ត្រីទាំងអស់ហ្នឹង ត្រូវការទៅនៅស្រុកគេឬអី? នៅស្រុកឯងវាងាប់ឬអី? នៅស្រុកឯងមួយជីវិតហើយ ម៉េចក៏ចាំបាច់ ទៅនៅស្រុកគេធ្វើអី?»៕