សម រង្ស៊ី ព្រលយសារផ្ញើរជូនរដ្ឋាភិបាលជប៉ុន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៥ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 15, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីសហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដល់វេនប្រទេសជប៉ុនម្ដង ដែលត្រូវបង្ហាញ ពីចំណាត់ការដ៏ជាក់លាក់របស់ខ្លួន នៅចំពោះវិបត្តិនយោបាយកម្ពុជាសព្វថ្ងៃ។ នេះ បើតាមការលើកឡើង របស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងជាគូបដិបក្ខនយោបាយដ៏សំខាន់ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែប៉ុន្មានម៉ោង ក្រោយការបោះឆ្នោតអនុម័ត របស់សភាអ៊ឺរ៉ុប ទៅលើសេចក្ដីសម្រេចដំណោះស្រាយមួយ ដែលមាន១៣ចំណុច ដើម្បីដាក់ទណ្ឌកម្ម ទៅលើរដ្ឋាភិបាលកម្ពុជា។
លោក សម រង្ស៊ី បានសរសេរពាក្យប៉ុន្មានម៉ាត់ នៅលើបណ្ដាញសង្គមទ្វីសធើរ ដូច្នេះថា៖ «ក្រៅពីសហភាពអឺរ៉ុប ជប៉ុនគឺជាម្ចាស់ជំនួយ ដ៏សំខាន់មួយទៀត ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ដំណើរការបោះឆ្នោតបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា។ គ្រប់ៗគ្នាគួរយល់ថា បើគ្មានគណបក្សប្រឆាំងទេ ការបោះឆ្នោតនីតិកាលបន្ទាប់ ដែលហ៊ុនសែនចង់បាន ក្នុងខែកក្កដាឆ្នាំ ២០១៨ នឹងគ្មានន័យនោះទេ។»។
អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានប្រកាសខ្លួន ក្លាយជាសមាជិកធម្មតាវិញ របស់គណបក្សនេះ បានផ្ញើរសារប៉ុន្មានម៉ាត់នេះ ប្រាប់ទៅរដ្ឋាភិបាលជប៉ុនដូច្នេះ៖ «ជប៉ុនក៏គួរឈប់មានទំនាក់ទំនងធម្មតា ជាមួយរបបដឹកនាំរបស់លោក ហ៊ុន សែន ដែរ។ ប្រទេសជប៉ុនមិនគួរគាំទ្រ ការបោះឆ្នោតមួយ ដែលមានលក្ខណៈបោកបន្លំ និងលទ្ធិប្រជាធិបតេយ្យមួយ ប្រកបដោយការលេងសើច តាមរយៈការផ្ដល់ហិរញ្ញវត្ថុ ដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតកម្ពុជាបច្ចុប្បន្ននោះទេ។»។
មេដឹកនាំប្រឆាំង ដែលគេចចេញ ពីការតាមប្រមាញ់ របស់របបក្រុងភ្នំពេញរូបនេះ បានបញ្ជាក់ទៀតថា៖ «ការគាំទ្ររបស់ជប៉ុន (ចំពោះដំណើរការបោះឆ្នោតបែបនេះ) គឺជាការខកចិត្តមួយ ចំពោះប្រជាជនកម្ពុជា ដែលប្រាថ្នាចង់បាន លទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយវានឹងក្លាយជាការប្រើប្រាស់ដោយមិនត្រឹមត្រូវ នូវជំនួយជាទឹកប្រាក់ ដែលបានមកពីពលរដ្ឋជប៉ុន ដែលជាអ្នកបង់ពន្ធ។»។
ក្នុងពេលកន្លងមក ជប៉ុន ជាប្រទេសម្ចាស់ជំនួយដ៏សំខាន់ ជាមួយនឹងសហភាពអ៊ឺរ៉ុប ដែលបានផ្ដល់ទឹកប្រាក់ ជាច្រើនសិបលានដុល្លារ ដើម្បីជួយដល់ដំណើរការបោះឆ្នោត នៅកម្ពុជា។ ប៉ុន្តែកាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៧នេះ សហភាពអ៊ឺរ៉ុបបានសម្រេចព្យួរជំនួយខាងលើ ដោយសំអាងហេតុផលថា ការបោះឆ្នោតមួយ ដែលគ្មានគណបក្សប្រឆាំងធំជាងគេចូលរួម នឹងមិនអាចទទួលយកបានទេ។
លិខិតរបស់អគ្គរដ្ឋទូត នៃសហភាពអ៊ឺរ៉ុប ប្រចាំនៅកម្ពុជា ដែលបានផ្ញើរ ទៅជូនប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតកម្ពុជា ក្នុងថ្ងៃដដែលនោះ បានសរសេរថា៖ «ដំណើរការបោះឆ្នោត ដែលគណបក្សប្រឆាំងដ៏សំខាន់មួយ ត្រូវបានរំលាយចោល តាមអំពើចិត្តនោះ ពុំអាចចាត់ទុកថា ជាការបោះឆ្នោតស្របច្បាប់ បាននោះទេ (...) នៅក្នុងកាលៈទេសៈបែបនេះ សហភាពអឺរ៉ុបមិនជឿ ទៅលើលទ្ធភាពណាមួយ ដែលអះអាងថា ដំណើរការបោះឆ្នោត នាពេលខាងមុខ នឹងមានភាពគួរឱ្យទុកចិត្តបាននោះឡើយ»។
ប៉ុន្តែការសម្រេចចិត្តរបស់សហភាពអ៊ឺរ៉ុប ត្រូវបានមន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ពន្យល់ថា មិនបានប៉ះពាល់ ទៅដល់ដំណើរការបោះឆ្នោត នាពេលខាងមុខនោះឡើយ។ លោក ផៃ ស៊ីផាន បានបញ្ជាក់ថា បើគ្មានជំនួយបរទេសទេនោះ រដ្ឋាភិបាលនឹងចំណាយលុយផ្ទាល់ របស់កម្ពុជា ដើម្បីរៀបចំការបោះឆ្នោតនេះ៕