ហ៊ុន សែន ចោទ សម រង្ស៊ី កាត់ដីឲ្យយួន និងបញ្ជាឲ្យចាត់ការ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 14, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រដ្ឋមន្ត្រីយុត្តិធម៌ ត្រូវចាត់ចែងរឿងហ្នឹង ជាមួយនឹងមហាផ្ទៃ រឿងក្ដីមួយនេះ រឿងធំណាស់ ហើយនេះ អំពើក្បត់ជាតិ ចេញមកច្បាស់ក្រឡែត» នេះ ជាបញ្ជារបស់លោក ហ៊ុន សែន ទៅកាន់រដ្ឋមន្ត្រីពីររូប នៃរដ្ឋាភិបាលរបស់លោក ឲ្យបើកការស៊ើបអង្កេត ប្រឆាំងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងសព្វថ្ងៃ ជាប្រធានចលនាសង្គ្រោះជាតិ ជុំវិញការថ្លែងរបស់លោក សម រង្ស៊ី នៅក្នុងពិធីចុះហត្ថលេខមួយ កាលពីអំឡុងឆ្នាំ២០១៣។
ប្រព័ន្ធផ្សព្វផ្សាយ ដែលស្និតនឹងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលលោក ហ៊ុន សែន បានហៅវីដេអូឃ្លីប នៃការថ្លែងរបស់លោក សម រង្ស៊ី និងឯកសារចុះហត្ថលេខានោះ ថាជាការបែកធ្លាយ។ ប៉ុន្តែនៅលើបណ្ដាញចែកផ្សាយវីដេអូ យូធូប (Youtube) គេអាចរកឃើញវីដេអូ បែបនេះជាច្រើន នៅក្នុងការបង្ហោះ ជាសាធារណៈ ដោយមិនមានការលាក់លៀម។
ខណៈការបង្ហោះ «បែកធ្លាយ» នៅពេលនេះ ត្រូវបានធ្វើឡើងជាដំបូង ដោយគណនីហ្វេសប៊ុកមួយ ឈ្មោះ «Rithy Eing» នោះ ប៉ុន្តែវីដេអូដដែលនេះ ធ្លាប់ត្រូវបានទំព័រហ្វេសប៊ុក ឈ្មោះ «សីហា» ដ៏ល្បីល្បាញ យកមកបង្ហោះរួចម្ដងហើយ កាលពីច្រើនខែមុន។
នៅក្នុងវីដេអូនោះ ជាការថ្លែងរបស់លោក សម រង្ស៊ី នៅក្នុងពិធីចុះហត្ថលេខាមួយ រវាងរូបលោក ដែលកាលនោះ ជាប្រធានគណបក្សសង្គ្រោះជាតិ ជាមួយលោក កុក ស ប្រធានចលនាជនជាតិភាគតិច ម៉ុងតាញ៉ា ដែលរស់នៅភាគច្រើន នៅក្នុងប្រទសវៀតណាម។ ឯកសារចុះហត្ថលេខានោះ ក៏ត្រូវបានបង្ហោះមកជាមួយដែរ ដោយដាក់ឈ្មោះថា «កិច្ចព្រមព្រៀង ស្តីពីសិទ្ធិជនជាតិដើមភាគតិច "Degar" នៅកម្ពុជា» និងមានចែង ៣ មាត្រា ដែលមាត្រាទាំងនេះ ត្រូវបានសរសេរឡើង បង្ហាញពីសិទ្ធិនានា ដោយផ្អែកលើសេចក្តីប្រកាស របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច។
ថ្លែងនៅក្នុងពិធីសម្ពោធស្ពាន ឆ្លងទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការចុះហត្ថលេខានោះ ថាជាការកាត់ដីខ្មែរ ចំនួនបួនខេត្ត ទៅឲ្យវៀតណាម។ លោកថ្លែងឡើងថា៖ «មិនតូចទេរឿងនេះ ចោទ ហ៊ុន សែន កាត់ដីឲ្យវៀតណាម ដល់ឥឡូវរកឃើញ ចេញមុខមកហើយ សន្យាបើគេឈ្នះ គេកាត់ដីបួនខេត្តឲ្យ។ ដល់ទៅភ័យពេក ហៅមនុស្សចេញមក ធ្វើជាវីដេអូឃ្លីបមួយ អានេះបញ្ជាក់ថា កុក ស ជាខ្មែរ (...) អញ្ចឹងសុំឲ្យលោក កុក ស ធ្វើការបញ្ជាក់ ស្រាប់តែលោក កុក ស អត់ចេះខ្មែរមួយម៉ាត់។»។
នៅក្នុងវីដេអូឃ្លីបនោះ គេឮសូរលោក សម រង្ស៊ី ប្រកាសជាភាសាខ្មែរ ឡើងថា៖ «ម៉ុងតាញ៉ា គឺគាំទ្រសង្គ្រោះជាតិពេញទំហឹង»។
បន្ទាប់មក គេឮសូរមេដឹកនាំប្រឆាំង និយាយជាភាសាអង់គ្លេស ដែលមានខ្លឹមសារថា៖ «Kok Ksor គឺជាមេដឹកនាំចលនាម៉ុងតាញ៉ា ជាភាសាបារាំងថា Montagnard ប៉ុន្តែពួកគេហៅខ្លួនឯង ថា Degar។ ពួកគេ គឺជាផ្នែកមួយ នៃជាតិកម្ពុជា ពួកគេរស់នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ក្រចេះ។ ដូច្នេះយើងដឹងគុណ ដល់ពលរដ្ឋ Degar ហើយ Degar គាំទ្រគណបក្សសង្គ្រោះជាតិ។ ដូច្នេះនៅពេលយើងបង្កើតរដ្ឋាភិបាលថ្មី យើងនឹងធានាថា ម៉ុងតាញ៉ា មនុស្សជនជាតិ Degar នឹងរស់នៅជាពលរដ្ឋរបស់កម្ពុជា។ ដីរបស់ពួកគេ ព្រៃរបស់ពួកគេ និងភ្នំរបស់ពួកគេ នឹងប្រគល់ទៅឲ្យពួកគេវិញ ក្នុងនាមជាម្ចាស់ដី ដូចដែលពលរដ្ឋកម្ពុជាទូទៅ ជាម្ចាស់របស់ដីនោះដែរ។»។
នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាងរបស់កម្ពុជា បានបញ្ជាឲ្យរដ្ឋមន្ត្រីទាំងពីរក្រសួង ត្រូវ«ចាត់ចែងរឿងនេះ» ខណៈក្រសួងមហាផ្ទៃ«កំពុងចាត់ការ»រួចហើយ។ លោក ហ៊ុន សែន ថ្លែងឡើងថា៖ «រឿងនេះមិនតូចទេ ក្រសួងមហាផ្ទៃកំពុងតែធ្វើកិច្ចការងារនេះ ស្រាវជ្រាវលើសំនុំរឿង ក្បត់ជាតិ មួយថែមទៀត។ ខ្ញុំករុណា មួយតឹក មួយផឹង នៅចរចាជាមួយគ្នា នៅហ្នឹង ទាំងជាមួយថៃ ជាមួយវៀតណាម ជាមួយឡាវ នៅចរចា ជាមួយគ្នានៅហ្នឹង ឯគេកាត់យ៉ាងស្រួលបួនខេត្ត។ ទៅ! រកឃើញមុខហើយ អ្នកឯងចោទ[ខ្ញុំ] ឥឡូវផុតពីចោទ[ខ្ញុំ] ក្បត់ជាតិខ្លួនឯងរហូត។»។
លោក ហ៊ុន សែន បានបញ្ជាទៀតថា៖ «អត់ត្រូវធ្វើទទឹងទិសទេ ព្រោះត្រូវស៊ើបអង្កេតឲ្យបានម៉ត់ចត់ នូវដំណើការ តាមយន្ដការផ្លូវច្បាប់។ គ្មាននរណាមានសិទ្ធិ កាត់ដីកម្ពុជា ឲ្យជនបរទេសនោះទេ។ ហើយយើងកាន់តែមិនយល់ រឿងអីខ្មែរនិងខ្មែរ ចុះហត្ថលេខាកាត់ដីឲ្យគ្នា ចែកដីឲ្យគ្នា ប្រគល់ដីឲ្យគ្នា រួចហើយតាំងខ្លួនជាខ្មែរ ហើយបើខ្មែរ ចាំបាច់ចុះហត្ថលេខាខ្មោចយក៏អី?»។
ការលើកឡើងរបស់លោក ហ៊ុន សែន សំដៅលើការចេញមុខ មកបកស្រាយ របស់លោក កុក ស កាលពីចុងសប្ដាហ៍មុន ដែលអះអាងថា រូបលោកជាជនជាតិខ្មែរ និងមិនមែនជាជនជាតិវៀតណាមនោះឡើយ។ តែការថ្លែងនោះ ត្រូវបានលោក កុក ស ធ្វើឡើងជាភាសាអង់គ្លេស។
ការចេញមុខមកអះអាងនេះ ត្រូវបានលោក ហ៊ុន សែន ហៅថា ជាការភ័យស្លន់ស្លោរ របស់លោក សម រង្ស៊ី និងក្រុមរបស់លោក។ លោកនាយករដ្ឋមន្ត្រីបានថ្លែងខ្លាំងៗថា៖ «អានេះបានហៅថា ឆ្កួតលើគោក បង្ហាញនូវចំណុចខ្សោយ អានេះដល់វាភ័យពេក គឺវាបាត់ម្ចាស់ការ អានោះនិយាយចេញមក អានោះនិយាយអង់គ្លេសទាំងអស់។ អញ្ចឹងវៀតណាម ក៏វាចេះអង់គ្លេស ខ្មែរក៏វាចេះអង់គ្លេស ប៉ុន្តែរឿងអីអ្នកឯងចង់បកស្រាយ ឲ្យខ្មែរស្ដាប់ បែរជានិយាយអង់គ្លេស អត់ចេះខ្មែរ រឿងហ្នឹងមិនតូចទេ។ ហើយបានទទួលស្គាល់ហើយទេតើ កាត់ដីឲ្យគេបួនខេត្ត។»។
នៅចំពោះការចោទប្រកាន់នេះ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានផ្ញើរសារអេឡិចត្រូនិកបដិសេធ ថាលោកមិនបានចុះហត្ថលេខា កាត់ដី ឲ្យទៅវៀតណាមឡើយ។ សាររបស់មេដឹកនាំប្រឆាំង ដែលអ្នកសារព័ត៌មានទទួលបាន នៅថ្ងៃទី៧មីនា បានបញ្ជាក់ថា ឯកសារដែលលោកចុះហត្ថលេខាជាមួយលោក កុក ស នៅឆ្នាំ២០១៣នោះ គ្រាន់តែមានខ្លឹមសារ ចង់ឲ្យមានការទទួលស្គាល់សិទ្ធិស្របច្បាប់ របស់ជនជាតិភាគតិចម៉ុងតាញ៉ា ដែលរស់នៅខេត្តភាគឦសានប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែងប៉ុណ្ណោះ។
លោក សម រង្ស៊ី បានពន្យល់ ចំពោះការលើកឡើង ពី«សិទ្ធិស្វ័យភាព នៃជនជាតិដើមភាគតិច» នៅក្នុងឯកសារនោះ ថា វាគឺជាការអនុវត្តជាក់ស្ដែង នៃអំណាចវិមជ្ឈការ។ ការផ្ទេរអំណាចនេះ ត្រូវបានលោក សម រង្ស៊ី អះអាងថា ជាផ្នែកមួយនៃដំណើរការលទ្ធិប្រជាធិបតេយ្យ ដែលមិនដែលមាន នៅក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ហ៊ុន សែន ឡើយ៕