ហ៊ុន សែន ថា​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ ម៉ម សូណង់ដូ បាន

គណបក្សតែមួយ នៅក្នុងចំណោមគណបក្ស​នយោបាយ​ជាច្រើន នៅកម្ពុជា ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកមកធ្វើជាឧទាហរណ៍ នៅក្នុងការចុះកិច្ចព្រមព្រៀងនយោបាយណាមួយ ដែលអាចមាន ក្នុងពេលខាងមុខ។ គណបក្សនោះ គឺគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ដែលទើបទទួលលោក ម៉ម សូណង់ដូ ឲ្យមកមកដឹកនាំឡើងវិញ។
ហ៊ុន សែន ថា​អាច​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ ម៉ម សូណង់ដូ បាន
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ។ (រូបថត MONOROOM.info)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 14, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ ត្រូវបានលោក ហ៊ុន សែន ជ្រើសរើស យកមកថ្លែងជាសាធារណៈ ក្នុងថ្ងៃនេះ តាមរយៈឧទាហរណ៍មួយ ដែលបុរសខ្លាំងកម្ពុជា អះអាងថា អាចនឹងមានកិច្ចព្រមព្រៀងនយោបាយ ជាយថាហេតុណាមួយ នៅក្នុងពេលខាងមុខ។ ការថ្លែងរបស់នាយករដ្ឋមន្ត្រីកម្ពុជា ចង់បញ្ជាក់ថា ការចុះហត្ថលេខា​រវាងលោក សម រង្ស៊ី មេដឹកនាំប្រឆាំង និងលោក កុក ស មេដឹកនាំចលនាជនជាតិភាគតិច ម៉ុងតាញ៉ា មិនមានភាពចាំបាច់ទេ ប្រសិនជាលោក កុក ស ជាជនជាតិខ្មែរនោះ។

ថ្លែងនៅក្នុងពិធីសម្ពោធស្ពាន ឆ្លងទន្លេពីក្រុងកំពង់ចាម ទៅកាន់កោះប៉ែន នៅព្រឹកថ្ងៃពុធ ទី១៤ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទ​ជាសំនួរ​ឡើងថា៖ «បើទោះជាអ្នកឯងជាខ្មែរ ខ្មែរនិងខ្មែរ ម៉េចបានអ្នកឯង ចាំបាច់ចុះហត្ថលេខា?»។ បន្ទាប់មក បុរសខ្លាំងកម្ពុជា បានលើកយកឧទាហរណ៍មួយ មកបញ្ជាក់ តាមការដកស្រង់ទាំងស្រុង ដូចខាងក្រោម៖

«ឬជាមួយ ម៉ម សូណង់ដូ ប្រធានគណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលគាត់នឹងក្លាយជាបក្សមួយ នៅពេលខាងមុខ ព្រោះទើបនឹងសន្និបាត។ ខ្ញុំជាមួយគាត់ ចាំបាច់អីត្រូវចុះហត្ថលេខាអី រឿងដីរឿងស្អី បើចុះហត្ថលេខា គ្រាន់តែសន្យាជាមួយគ្នាអញ្ចេះ បោះឆ្នោតឲ្យត្រឹមត្រូវ ហើយបោះរួចហើយ ត្រូវទទួលស្គាល់លទ្ធផលទាំងអស់គ្នា។ អាណ្នឹងជាកិច្ចសន្យានយោបាយ រវាងគណបក្សនយោបាយ ខ្ញុំអាចធ្វើបាន។ ប៉ុន្តែ ម៉ម សូណង់ដូ អត់មានសិទ្ធិ ហើយខ្ញុំក៏អត់មានសិទ្ធិ ទៅចុះហត្ថលេខាថា កាត់ចែកដីគ្នាយ៉ាងម៉េច ឬក៏បក្សនយោបាយខ្លះទៀត ដែលទើបនឹងបង្កើតថ្មី ឬបក្សចាស់ ដែលមានរួចមកហើយ ចាំបាច់អីទៅចុះហត្ថលេខា រវាងខ្មែរនិងខ្មែរ រឿងដីរបស់ជាតិ?»

កាល​ពី​ថ្ងៃ​អាទិត្យ ទី១១ ខែមីនានេះ គណបក្សសម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសន្និបាត បោះឆ្នោតជ្រើសតាំងលោក ម៉ម សូណង់ដូ ឲ្យមកដឹកនាំគណបក្សឡើងវិញ បន្ទាប់ពីម្ចាស់វិទ្យុសំបុកឃុំរូបនេះ បានលាលែង ​​ឈប់​ធ្វើ​ជា​ប្រធាន​គណបក្ស​ កាល​ពី​ខែ​សីហា ឆ្នាំ​មុន។ ក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​​ ខែ​មិថុនា ឆ្នាំ​២០១៧ គណបក្ស​សំបុក​ឃ្មុំ​​ ដឹកនាំដោយលោក សូណង់ដូ ទទួល​បានការគាំទ្រតិចតួច។

ប៉ុន្តែការត្រឡប់ មកធ្វើប្រធានគណបក្សឡើងវិញនេះ ត្រូវបានលោក ម៉ម សូណង់ដូ អះអាងថា ដើម្បីធ្វើជាគណបក្សប្រឆាំងដ៏ខ្លាំងមួយ នៅក្រោយពេលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយចោល ដោយតុលាការកំពូល កាលពីពាក់កណ្ដាលខែវិច្ឆិកា មកនោះ។ លោកថា៖ «​​ខ្ញុំ​ពិត​ជា​​ជឿ​ជាក់​​យ៉ាង​វិជ្ជ​មាន ​​​នៅក្នុង​ការ​ចូល​រួម ​ក្នុង​ការ​បោះ​ឆ្នោត ​​នា​ពេល​ខាង​មុខ។​ ​ហើយ​​​ខ្ញុំ​ទទួល​បាន​ជោគ​ជ័យ​​ ឬ​អត់ វា​អាស្រ័យ​ទៅ​លើ​ប្រជា​ពល​រដ្ឋ​​។ ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ ធ្វើ​ឲ្យ​ប្រាកដ​ថា ប្រជា​ពល​រដ្ឋ​​យល់​ អំពី​ស្ថាន​ភាព​នយោបាយ​បច្ចុប្បន្ន។​»។

លោក ម៉ម សូណង់ដូ បាននិយាយថា ប្រជាពលរដ្ឋកម្ពុជា គ្មានជំរើសអ្វីផ្សេង ក្រៅពីគណបក្សរបស់លោកនោះឡើយ។ ការអះអាង ដែលអាចធ្វើឲ្យគណបក្សជាច្រើនផ្សេងទៀត ខកបំណង។ ម្ចាស់វិទ្យុសំបុកឃ្មុំ ថ្លែងដូច្នេះថា៖ «​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​​ ត្រូវ​បាន​រំលាយ​ ប្រជា​ពល​រដ្ឋ​ដឹង ​ហើយ​ពួក​គេ​នឹង​គាំ​ទ្រ​គណបក្ស​​សំបុក​ឃ្មុំ​ ​ព្រោះ​ពួក​គេ​មាន​ផ្លូវ​តែ​មួយ​​»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...