អ្នក​ជំនាញ អ.ស.ប ប្រាប់​កម្ពុជា​ឲ្យ​ចាប់​យក​សិទ្ធិ​មនុស្ស ជាជាង​របប​ផ្ដាច់ការ

អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា បានប្រាប់ប្រទេសកម្ពុជា ដែលកំពុងមកដល់«ផ្លូវបំបែកមួយ» ដ៏សំខាន់នោះ ឲ្យជ្រើសចាប់យក មាគ៌ាសិទ្ធិមនុស្សវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព។
អ្នក​ជំនាញ អ.ស.ប ប្រាប់​កម្ពុជា​ឲ្យ​ចាប់​យក​សិទ្ធិ​មនុស្ស ជាជាង​របប​ផ្ដាច់ការ
អ្នកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៤ មីនា ២០១៨
  • កែប្រែចុងក្រោយ: March 14, 2018
  • ប្រធានបទ: សិទ្ធិមនុស្ស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ប្រទេសកម្ពុជាមកដល់ផ្លូវបំបែកមួយ ដ៏សំខាន់ ហើយត្រូវតែចាប់យកសិទ្ធិមនុស្ស ដែលចាំបាច់មិនអាចខ្វះបាន ក្នុងការទ្រទ្រង់ដល់ការអភិវឌ្ឍ និងសន្តិភាព ដែលរកបានដោយពិបាក» នេះ ជាការលើកឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ស្ដីពីបញ្ហាសិទ្ធិមនុស្ស នៅកម្ពុជា នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចលើកទីប្រាំ របស់អ្នកស្រី មកកាន់ប្រទេសកម្ពុជា ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ។

ដំណើរទស្សនកិច្ចរបស់អ្នកជំនាញ របស់អង្គការសហប្រជាជាតិ ធ្វើឡើងនៅខណៈ ដែលប្រទេសកម្ពុជា បានឆ្លងកាត់ព្រឹត្តិការណ៍នយោបាយជាច្រើន រាប់ចាប់តាំងពីខែសីហាកន្លងមក ដែលរួមមាន ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការចាប់ឃុំខ្លួន ប្រធានគណបក្សប្រឆាំង មុននឹងគណបក្សប្រឆាំង ត្រូវបានរំលាយ ដោយសាលដីកា របស់តុលាការកំពូល ការបែងចែកអាសនៈ របស់គណបក្សនេះ និងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយគណបក្សប្រជាជនកម្ពុជា ឈ្នះកៅអី១០០%។

ចំណាត់ការទាំងអស់ខាងលើ ពីសំណាក់រដ្ឋាភិបាល ត្រូវបានអ្នកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត សំដែងការព្រួយបារម្ភ យ៉ាងជ្រាលជ្រៅ ដោយអំពាវនាវ ឲ្យមានការផ្លាស់ប្ដូរ ឬលើកចេញ នូវវិធានការទាំងនេះ។

អ្នកស្រីថ្លែងថា៖ «ការរឹតត្បិតសំឡេងប្រជាជនកម្ពុជា នៅទីបំផុតអាចគំរាមកំហែង ដល់ស្ថិរភាពពិតប្រាកដ ដែលរដ្ឋាភិបាល និងប្រជាជន បានខិតខំកសាងឡើង ដោយលំបាក។ សេរីភាពក្នុងការបង្កើតសមាគម ការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី គួរតែត្រូវបានការពារ និងបង្កើតឡើង មិនត្រូវធ្វើការរិតត្បិតឡើយ នៅក្នុងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលត្រូវបានធានាការពារ ដោយរដ្ឋធម្មនុញ្ញកម្ពុជា។»។

អ្នកស្រីបន្តថា៖ «ចំពោះប្រជាជនកម្ពុជា ដែលបានបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២០១៣ និងបោះឆ្នោតឃុំ/សង្កាត់ ក្នុងឆ្នាំ២០១៧ អាសនៈតំណាងរបស់ពួកគេ បច្ចុប្បន្ននេះ ត្រូវបានកាន់កាប់ ដោយអ្នកដែលពួកគេមិនបានបោះឆ្នោតឲ្យ ឬសូម្បីតែស្គាល់ ក៏គេមិនស្គាល់ផង»។

អ្នកជំនាញខាងសិទ្ធិមនុស្សរូបនេះ បានមានប្រសាសន៍ថា បញ្ហាខាងលើនេះ បាននាំឲ្យមានកង្វល់យ៉ាងខ្លាំង អំពីសិទ្ធិចូលរួម ក្នុងសកម្មភាពនយោបាយ របស់ប្រជាជនកម្ពុជា ហើយអ្នកស្រីបានស្នើឲ្យអាជ្ញាធរ «បង្វែរជាបន្ទាន់ នូវចំណាត់ការនានាពេលថ្មីៗនេះ» និងព្រមទាំងដកចេញ នូវ«ការហាមប្រាមអ្នកនយោបាយ ចំនួន ១១៨ រូប មិនឲ្យចូលរួម ក្នុងសកម្មភាពនយោបាយ»។

នៅចំពោះព្រឹត្តិការណ៍ បាញ់បង្ក្រាបពលរដ្ឋ កាលពីថ្ងៃទី៨ ខែមីនា នៅខេត្តក្រចេះ ទាក់ទងនឹងទំនាស់ដីធ្លី អ្នកស្រី រ៉ូណា ស្មីត បានសំដែង«កង្វល់»យ៉ាងខ្លាំង និងបានថ្លែងឡើងថា៖ «ខ្ញុំបាន និងកំពុងតាមដានស្ថានភាពនេះ យ៉ាងយកចិត្តទុកដាក់ ដោយលើក ពីកង្វល់របស់ខ្ញុំ​ដោយផ្ទាល់ នៅពេលជួបប្រជុំ ជាមួយមន្រ្តីរដ្ឋាភិបាល ហើយបានអំពាវនាវ ឲ្យមានការស៊ើបអង្កេត​ជាបន្ទាន់ និងដោយឯករាជ្យ»។

 

នៅក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន មកប្រទេសកម្ពុជាលើកនេះ អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ក៏សូមស្វាគមន៍ផងដែរ ចំពោះការបង្កើនការបែងចែកថវិកា សម្រាប់វិស័យសង្គម ដើម្បីលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

អ្នកស្រី រ៉ូណា ស្មីត បានមានប្រសាសន៍ថា៖ «ខ្ញុំលើកទឹកចិត្តដល់រដ្ឋាភិបាល សូមបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងវិស័យសុខាភិបាល សន្ដិសុខសង្គម ការអប់រំ និងសូមធ្វើការងារ តាមរយៈក្រសួងនានា និងរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីធានាថា សេវាកម្មទាំងនេះ អាចរកបាន មានលទ្ធភាពប្រើប្រាស់បាន មានលក្ខណៈសមរម្យ និងមានគុណភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។ មិនគួរទុកនរណាម្នាក់ចោលឡើយ ដូចដែលបានសន្យា នៅក្នុងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព និងរបៀបវារៈ ឆ្នាំ២០៣០។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...