អ្នកបូរីកីឡា ថាអំពើពុករលួយនៅពីក្រោយការបង្រ្កាបរបស់អាជ្ញាធរ
ក្រោយពីជួបចរចា ប្រជាពលរដ្ឋបុរីឡាមិនព្រមចុះចេញ ពីអាការថ្មីទី៩ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ កងកម្លាំងសន្តិសុខខ័ណ្ឌ៧មករា បានបើកការបង្រ្កាជាថ្មីទៅលើប្រជាពលរដ្ឋ ធ្វើឲ្យមានមនុស្សរងរបួសដោយបែកក្បាល ៤នាក់ និងសន្លប់ចំនួន៣នាក់ ក្នុងនោះមានស្ត្រីសឹងតែទាំងអស់។ ជាការបង្ក្រាបថ្មីមួយទៀត ដែលពលរដ្ឋរងគ្រោះនឹងការបណ្ដេញដោយបង្ខំចេញពីដីធ្លី ហៅថាបាន«រងឥទ្ធិពលពីអំពើពុករលួយ»។
ការប្រឈមមុខរវាងកងកម្លាំងសន្តិសុខ និងពលរដ្ឋអ្នករងគ្រោះនៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)
ដីធ្លី - នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៤ នេះកម្លាំងសន្តិសុខខ័ណ្ឌបានធ្វើការវាយបង្រ្កាប ទៅលើប្រជាពលរដ្ឋនៅតំបន់បូរីកីឡា ដើម្បីបណ្តញប្រជាពលរដ្ឋចេញពីអាគារថ្មីទី៩ ដែលពលរដ្ឋនៅកីឡាតវ៉ាចូលទៅរស់នៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤។
តាមការដឹងអោយរបស់តំណាងប្រជាពលរដ្ឋបូរីកីឡា លោក ពេជ្រ លឹមឃួន បានបញ្ជាក់ថា ការបង្រ្កាបនៅព្រឹកនេះមានរបួសបែកក្បាល៤នាក់ សន្លប់៣នាក់ក្នុងនោះស្រ្តីមានផ្ទៃពោះម្នាក់ និងស្រ្តីទើបសំរាលកូនម្នាក់។ លោកបានអះអាងទៀតថា កងកម្លាំងបង្រ្កាបសន្តិសុខ៧មករា ប្រហែល២០នាក់ និងប៉ូលីសប្រដាប់ដោយខែលប្រហែល១០០នាក់នេះក្រោមការបញ្ជាផ្ទាល់ ពីប្រធានសន្តិសុខខ័ណ្ឌឈ្មោះហាក់ និងលោក សោម សុវណ្ណ អភិបាលខណ្ឌ៧មករា។
លោកបានពន្យល់ថា មូលហេតុដែលមានថាបង្រ្កាបនេះ បណ្តាលមកពីអំពើពុករលួយ។ តំណាងរូបនេះ អះអាងថាលោក សោម សុវណ្ណ អភិបាលខ័ណ្ឌ៧មករា ខុបខិតជាមួយឈ្មួញលក់អាគារថ្មីនេះ ទៅអោយឈ្មួញទុចរិត។ ហើយនៅថ្ងៃម្សិលមិញប្រជាពលរដ្ឋបានរងចាំនៅអាគារទី៩ ដើម្បីជួបម្ចាស់អាគារ ដែលសាលាខ័ណ្ឌបានប្រាប់ថាអាគារទី៩នេះជារបស់គេ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបំភ្លឺពីលោក សោម សុវណ្ណ នៅព្រឹកនេះបានទេ។ តែក្រោយពីការទាមទារចូលទៅរស់នៅអាគារថី្មទី៩ កាលពីថ្ងៃទី១២ ខែកុម្ភៈ សាលារាជធានីភ្នំពេញបានហៅតំណាងប្រជាពលរដ្ឋបូរីកីឡា ចូលជួបចរចាកាលពីថ្ងៃទី១៣ ខែកុម្ភៈម្សិលមិញនេះ តែមិនទទួលបានការយល់ព្រមពីប្រជាពលរដ្ឋក្នុងការចុះចេញពីអាគារថ្មីនោះឡើយ។
យ៉ាងណាក៏ដោយ បើទោះជាការបង្រ្កាបពីកងកម្លាំងរបស់អាជ្ញាធរ នៅតែកើតមានជាធម្មតា តែតំណាងប្រជាពលរដ្ឋរូបនេះនៅតែរក្សាជំហរមិនចុះចាញ់ដែល។ លោកនៅតែរក្សាជំហរថា «ខ្ញុំមិនដកថយ ខ្ញុំនៅតែទាមទាររកការពិតអោយឃើញ»៕
-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៤