បើ ខឹម វាសនា ត្រឡប់​ទៅ​«ថត​កុន»​វិញ...

លោក ខឹម វាសនា អស់សង្ឃឹមក្នុងការតស៊ូ លើវិថីនយោបាយ ហើយចង់វិលត្រឡប់ ទៅរកអាជីព ជាអ្នកថតកុនឬ? បើតាមអ្វី ដែលលោកបានបង្ហាញ ក្នុងប៉ុន្មានម៉ោងចុងក្រោយនេះ លោកប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯង ថាបក្សជួង) ពិតជាបានធ្វើឲ្យ «ពល LDP» របស់លោក បង្កចំងល់ខ្វល់ខ្វាយ មិនតិចទេ។ ជាពិសេស នៅចំពោះឃ្លា ដែលលោកសរសេរ ថាឲ្យរង់ចាំមើល តែមួយអាណត្តិទៀត។
បើ ខឹម វាសនា ត្រឡប់​ទៅ​«ថត​កុន»​វិញ...
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង)។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ កុម្ភៈ ២០១៧
  • កែប្រែចុងក្រោយ: February 09, 2017
  • ប្រធានបទ: ជីវិតនិងនយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើវិថីនយោបាយ របស់គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (ហៅខ្លួនឯងថា បក្សជួង) អាចនឹងឈានមកដល់ទីបញ្ចប់ឬ? ហើយលោក ខឹម វាសនា អាចនឹងត្រឡប់ ទៅរកអាជីពចាស់របស់លោក នៅក្នុងវិស័យភាពយន្ដវិញឬ? ជាសំណួរ ដែលទាំងក្រុមអ្នកគាំទ្រ និងទាំងក្រុម​អ្នកសារព័ត៌មាន បានសំដែងចម្ងល់ នៅចំពោះការបង្ហោះផ្សាយ ជាបន្តបន្ទាប់ របស់លោក នៅលើបណ្ដាញសង្គម អះអាងថា លោកដូចជា​បាន​សង​បំណុល «ទឹកដីកំណើត​ និងជាតិសាសសន៍» របស់លោក​រួចរាល់ហើយ ហើយកិច្ចការរបស់លោក នៅ​ពេលនេះ នៅសល់តែការ «ជំពាក់» កូនចៅសមាជិកក្រុមគ្រួសារ «LDP» របស់លោកតែប៉ុណ្ណោះ។

លោក ខឹម វាសនា បានសរសេរនៅឃ្លាចុងក្រោយ នៃសំណេរមួយដូច្នេះថា៖ «ជីវិតពុកជាតិនេះ​ អស់មានជំពាក់អ្នកណាទៀតហើយ។​ ពុកសងជាតិសាសន៍នេះរួចរាល់អស់ហើយ។ ពុកសល់តែបំណុលរបស់ពុក ចំពោះពួកកូនតែប៉ុណ្ណោះ ដែលពុកមិនទាន់បានសង។​ កូនសងជាតិសាសន៍នេះ អោយអស់បំណុល​ និងអោយអស់កម្មពៀរ ដែលកូនមានចំពោះជាតិសាសន៍នេះ​ចុះ រួចហើយយើងនឹងរស់ជុំគ្នា ដោយក្តីសុខសាន្តនាជីវិតចុងក្រោយ របស់ពួកយើងណាកូន។​ (...)​ ពុកចាំមើល តែមួយអាណត្តិទៀតទេកូន។»។

បន្តិចក្រោយមក ប្រធានគណបក្ស«ជួង» បានបង្ហាញទៅដល់អ្នកគាំទ្រ នូវយោបល់មួយ ផ្ដល់ដោយអ្នកជិតដិតម្នាក់ ដែលមានបំណងជំរុញលោក ឲ្យងាកទៅរក«អាជីពថតកុន» ពីមុនរបស់លោកត្រឡប់មកវិញ។

នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ គណបក្សជួងរបស់លោក កំពុងប្រឈមនឹង «វិញ្ញាសារ» ដ៏ធំមួយ បន្ទាប់ពីអ្នកគាំទ្រ ដ៏ជិតដិតរបស់គណបក្ស ចំនួន១៣នាក់ ត្រូវបានអាជ្ញាធរខេត្តកំពតចាប់ខ្លួន និងបន្ទាប់មក ត្រូវសាលាដំបូងខេត្តបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងសំនុំរឿង ជម្លោះដីធ្លី ដ៏ចម្រូងចម្រាស់។ ខាងអាជ្ញាធរខេត្ត បានអះអាង លើចំណាត់ការរបស់ខ្លួន ថាត្រូវបានធ្វើឡើង តាមច្បាប់ តាមការស៊ើបអង្កេត ស្រាវជ្រាវដ៏ត្រឹមត្រូវ ខណៈខាងលោក ខឹម វាសនា ខ្លួនលោកវិញ បានលើកឡើង ពីការចាប់ខ្លួនដោយខុសច្បាប់ ដោយគ្មានដីកា និងបរិហារលើចំណាត់ការ ដែលគ្មានមូលដ្ឋានគ្រឹះច្បាស់លាស់ ក្នុងជម្លោះដីធ្លីនោះ។

នៅចំពោះការព្រមាន ថាគណបក្សលោក នឹងធ្វើបាតុកម្ម រហូតលុះត្រាមានការដោះលែង ជនទាំង១៣នាក់ និងគម្រាមយកសំនុំរឿងនេះ ឡើងទៅលោកនាយករដ្ឋមន្ត្រី នោះ ស្រាប់តែនៅថ្ងៃម្សិលម៉ិញ ចលនា«LDP»របស់លោក បែរជាបានទទួលចម្លើយ យ៉ាងជូរចត់មកវិញ ពីលោក ហ៊ុន សែន ដោយប្រាប់គណបក្សលោក ឲ្យរកមេធាវី ដើម្បីទៅដោះស្រាយរឿងនេះ តាមផ្លូវច្បាប់។

រូបលោក ខឹម វាសនា ផ្ទាល់ កំពុងត្រូវបានពលរដ្ឋមួយចំនួន នៅក្នុងជម្លោះដីធ្លីនេះ ប្ដឹងឡើងទៅ​តុលាការ​ខេត្ត​នោះ​ថែម​ទៀត។ ជាចម្បាំងមួយ នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលតែងរងការរិះគន់ មិន​មាន​គតិ​យុត្តិ​គ្រប់​គ្រាន់ និង​ស្ថិត​ក្រោម​ឥទ្ធិពល របស់​អ្នក​មាន​អំណាច។

ចន្លោះពេលនេះ គេឃើញលោកឧស្សាហ៍បង្ហូរទឹកភ្នែក ជាច្រើនដង ដែលទំនងជាការរំជួលចិត្ត យ៉ាងជ្រាលជ្រៅ សម្រាប់ក្រុមយុវជន កូនចៅរបស់លោក។ កាយវិការនេះ បានធ្វើឲ្យអ្នកផងជឿថា លោកគឺជាបុរសម្នាក់ ដែលមានពោរពេញ ដោយមនោសញ្ចេតនា ងាយទទួលអារម្មណ៍។ ហើយអ្នកស្គាល់លោកមួយចំនួនទៀត ក៏បានគិតដែរ ទៅដល់អាជីពរបស់លោក ក្នុងទសវត្សន៍ឆ្នាំ៩០ ដែលធ្លាប់ធ្វើជា សមិទ្ធិករភាពយន្ដ អ្នកដឹកនាំសំដែង និងជាតួសំដែងផ្ទាល់ (នៅក្នុងភាពយន្ដខ្លះ) ប្រកបដោយទេពកោសល្យ ដ៏ខ្ពង់ខ្ពស់។

តែបើសិនជាលោក ខឹម វាសនា បានក្លាយជា អ្នកនយោបាយថ្មី ដ៏លេចធ្លោមួយរូប នៅកម្ពុជានោះ វា​មិនមែន​ជារឿងចៃដន្យ​ទេ។ លោកមានជម្រើសនយោបាយដ៏ពិសេសជាងគេ នោះគឺការធ្វើបដិវត្តន៍ផ្នត់គំនិត ដែលចាក់ឬសយ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរ ដើម្បីឈាន​ទៅ​ទទួលបានអំណាច ដោយមិនប្រើពាក្យថា ចង់បានអំណាច។ ផ្ទុយទៅវិញ ការធ្វើបដិវត្តន៍ផ្នត់គំនិតនេះ ពិបាកនឹងឲ្យមនុស្សទូទៅ ទទួលយកបានណាស់ ជាពិសេស នៅចំពោះការប្រើភាសាខ្លាំងៗ របស់លោក បើទោះជាលោក និងគណបក្សលោក លើកឡើងជាច្រើនដង ថាការប្រើប្រាស់ភាសាទាំងនេះ មានទិសដៅសម្រាប់ តែមនុស្ស ឬអ្នកនយោបាយ ដែលស័ក្ដិសមដូច្នេះក៏ដោយ។

ចុះឯណាទៅ ការបើកចិត្តឲ្យទូលាយ ដើម្បីទទួលយក នូវភាពចម្រុះ​នៃគំនិតយោបល់ ដែលមិនមែន​ជា​គំនិត​ខ្លួន​​ឯង?

តាមពិតទៅ ជម្រើសនយោបាយ ក្នុង«ការកែប្រែសង្គម ១៨០ឌឺក្រ» ទាំងខ្លួនឯងគ្មានអំណាចនោះ ជាជម្រើសដ៏ពិបាកមួយ ហើយមានអ្នកនយោបាយតិចបំផុត ដែលបានដើរតាមវិថីបែបនេះ។ ជនបដិវត្តន៍ នៅក្នុងប្រទេសជាច្រើន​ក្នុង​លោក បានជ្រើសរើស ការសម្របខ្លួនទៅតាមសង្គម ឬការស្វែងរក​​អំណាច ជាដំបូង​សិន មុន​នឹង​ឈាន​ទៅ​ធ្វើ​កំណែទម្រង់ ជាពិសេសជនបដិវត្តន៍ ដែលមានជោគជ័យបំផុត គឺជាវីរជន​​ដែល​ចេះ​ទទួល​យក​មក​​ពិចារណា នូវភាព​ចម្រុះ​នៃ​គំនិត​យោបល់ ដែល​មិនមែន​ជា​គំនិត​របស់​ខ្លួន។ ប៉ុន្តែក៏មានអ្នកប្រាជ្ញ ទស្សនវិទូ សង្គម​វិទូ អ្នកសិក្សា​ស្រាវជ្រាវ អ្នក​និពន្ធ ឬ​សិល្បករ​ជា​ច្រើន​​នាក់ ផ្សេង​​ទៀត​​ដែរ ដែលបានធ្វើការរិះគន់សង្គម និង​បង្កើត​គំនិត ឬ«យន្ដការ» ឲ្យមានការផ្លាស់ប្ដូរ នៅ​ក្នុង​សង្គម ដោយ​ពួកគេ​មិន​ចាំបាច់​ក្លាយខ្លួន ទៅ​ជា​អ្នក​​នយោបាយ​​ឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...