រដ្ឋាភិបាលកម្ពុជាចេញសារាចរហាមលក់ ឬជួលដីនៅតាមព្រំដែន
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 20, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បីថ្ងៃក្រោយការប្រកាស នៅតាមបណ្ដាញសង្គម លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញលិខិតផ្លូវការ ដាក់ផ្សាយជាសាធារណៈ។ សារាចរមួយ ដែលមានចុះហត្ថលេខារបស់លោក នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ បានប្រកាសជូនទៅដល់ប្រជាពលរដ្ឋ និងក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដែលជាប់ព្រំដែន មិនឲ្យជួលឬលក់ដី ដោយគ្មានឯកសារស្របច្បាប់។
សរាចរណ៍នេះ ក៏បានបញ្ជាក់ផងដែរថា ដើម្បីកុំឲ្យការរៀបចំ របស់គណៈកម្មាធិកាចំរុះព្រំដែន មានភាពស្មុគស្មាញ ក្នុងការរៀបចំការងារ បោះបង្គោលព្រំដែន ប្រជាជននៃប្រទេសកម្ពុជា មិនត្រូវអនុញ្ញាតឲ្យជួលដី ឬលក់ដីស្រែចំការរបស់ខ្លួន ដោយគ្មានកិច្ចសន្យាជួល តាមផ្លូវច្បាប់នោះឡើយ។ បញ្ហាទាំងនេះ ជាហេតុធ្វើឲ្យម្ចាស់ដី ជាជនជាតិខ្មែរបាត់បង់ប្រយោជន៍ នៅពេលមានវិវាទកើតឡើង។
យោងតាមសារាចរ របស់រដ្ឋាភិបាលខាងលើ ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានព្រំដី ឬដីចំការដែលនៅជាប់ព្រំដែនប្រទេសជិតខាង មេត្តាជ្រាបរាល់បញ្ហានេះជាព័ត៌មាន។ ម្យ៉ាងវិញទៀតមិនត្រូវបន្តការជួល ឬលក់ដី ស្រែ ចំកា ណាមួយដោយគ្មានលិខិតស្នាមស្របច្បាប់នោះទេ ដើម្បីកុំឲ្យមានករណីបាត់បង់ ឬខាតប្រយោជន៍ របស់ភាគីម្ចាស់កម្មសិទ្ធដីទាំងនោះ (ប្រជាពលរដ្ឋខ្មែរ) នៅតាមព្រំដែន។
សារាចរផ្សាយជាសាធារណៈ របស់រដ្ឋាភិបាលកម្ពុជា ត្រូវបានអបអរសាទរ នឹងសម្ដែងការគាំទ្រ ជាទូទៅ ដោយក្រុមអ្នកតាមដានស្ថានការណ៍ នយោបាយនិងសង្គម ក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើការអបអរនេះ មន្រ្តីជាន់ខ្ពស់មួយរូប នៃគណបក្សសង្គ្រោះជាតិ ដែលថ្លែងក្នុងករណីមិនបញ្ចេញឈ្មោះ បានទាមទារ សុំឲ្យមានការអនុវត្តជាក់ស្តែង ជៀសជាងចេញតែលិខិតស្នាម ដើម្បីគ្រាន់តែល្អមើលនោះ។ លោកថា បើមានការអនុវត្ត ឲ្យបានកាន់តែឆាប់ នោះនឹងកាន់តែល្អ។
ប៉ុន្តែសម្រាប់មន្រ្តីគណបក្សប្រឆាំងរូបនេះ បានពន្យល់ពីការលក់ ឬជួលដី ទៅឲ្យជនបរទេសជិតខាង ដោយប្រជាពលរដ្ឋខ្មែរ នៅតាមបណ្ដោយព្រំដែន ថាដោយសារ «គ្មានជម្រើស»។ លោកបានដាក់ការទទួលខុសត្រូវមួយផ្នែក ថានោះមកពីរដ្ឋាភិបាល ដែលមិនយកចិត្តទុកដាក់ និងគិតគូរ ដល់ជីវភាពរបស់ពលរដ្ឋ តាមព្រំដែន ហើយ ក៏មិនដែលមាន កិច្ចអភិវឌ្ឈន៍ណាមួយ ច្បាស់លាស់តាមព្រំដែនដែរ៕