រដ្ឋាភិបាលអនុម័តសេចក្តីព្រាងច្បាប់ NGO ខណៈសង្គមស៊ីវិលស្នើបញ្ឈប់
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី៥ មិថុនា ២០១៥
- កែប្រែចុងក្រោយ: June 07, 2015
- ប្រធានបទ: ច្បាប់ NGO
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល កាលពីថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០១៥នេះរួចហើយ ក្រោមការដឹកនាំអង្គប្រជុំ ដោយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួចគ្រោងនឹងបញ្ជូនច្បាប់នេះ ទៅរដ្ឋសភា នៅសប្ដាហ៍ក្រោយ។ នេះជាការថ្លែង របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ទៅកាន់សារព័ត៌មានក្នុងស្រុក។
លោក ស៊ីផាន បានថ្លែងបន្តថា ការបញ្ជូនច្បាប់ដ៏ចម្រូងចម្រាស់នេះ ទៅកាន់រដ្ឋសភា អាចនឹងត្រូវប្រើពេល១ឬ២ថ្ងៃទៀត ដើម្បីអាចឲ្យអ្នកជំនាញ អាចធ្វើការកែសម្រួល នូវមាត្រា និងពាក្យពេជ្យមួយចំនួន ដែលមិនចាំបាច់ និងធ្វើឲ្យមានការស្មុគ្រស្មាញ។ លោក បានបញ្ជាក់ថា៖ «ច្បាប់នេះ (...) នឹងត្រូវបញ្ជូនទៅរដ្ឋសភា នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារសប្ដាហ៍ក្រោយ ពីព្រោះយើងចាំបាច់ ត្រូវលុបមាត្រាចំនួនពីរចេញ និងកែប្រែពាក្យពេចន៍មួយចំនួន។ មាត្រាទាំងពីរនេះ ត្រូវបានលុបចោល ដោយសារតែមាត្រាទាំងនោះ ហាក់ដូចជាធ្វើឲ្យរឿងស្មុគស្មាញ។ ដូច្នេះហើយសម្ដេចនាយករដ្ឋមន្ត្រី ចង់ធ្វើឲ្យវាមានលក្ខណៈសាមញ្ញ និងងាយស្រួល សម្រាប់អង្គការ មិនមែនរដ្ឋាភិបាលចុះបញ្ជី មានន័យថា លុបបំបាត់បញ្ហាការិយាធិបតេយ្យ។»
នាពេលកន្លងមក សង្គមស៊ីវិល ចំនួនជាង៣០០អង្គការសមាគម បានសម្ដែងការ«មិន»គាំទ្រ របស់ពួកគេ ទៅលើ«សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល»នេះឡើយ។ ពួកគេបានលើកឡើងថា សម្រាប់បរិបទកម្ពុជា ក្នុងពេលបច្ចុប្បន្ន សេចក្តីព្រាងច្បាប់នេះ មិនចាំបាច់ត្រូវមាននោះទេ ហើយពួកគេបានស្នើររដ្ឋាភិបាល ឲ្យបញ្ឈប់ការធ្វើសេចក្តីព្រាងច្បាប់នេះ ជាបណ្តោះអាសន្ន និងអនុញ្ញាត ឲ្យមានការចូលរួច ពិភាក្សា និងផ្តល់យោបល់ពីសង្គមស៊ីវិល និងភាគីពាក់ព័ន្ធមួយចំនួនទៀត។ អង្គការសង្គមស៊ីវិលទាំងនោះ បានសម្ដែងការព្រួយបារម្ភថា សេចក្តីព្រាងច្បាប់នេះ នឹងដាក់ការរឹតត្បិតសេរីភាព ទៅលើពួកគេ។
តបនឹងការលើកឡើង របស់ក្រុមសង្គមស៊ីវិលខាងលើ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការពិគ្រោះយោបល់លើ«សេចក្តីព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល»នេះ មានច្រើនពេកមកហើយ។ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ពិគ្រោះយោបល់ហ្នឹង វាច្រើនពេកហើយ។ ឥឡូវធាតុចូលថ្មីៗ បន្ថែមទៀត ក៏ត្រូវបានយកចិត្តទុកដាក់។ (…) ឥឡូវសំឡេងហាក់ដូចជាមិនជំទាស់ នឹងមិនឲ្យចេញច្បាប់ទេ ប៉ុន្តែសុំពិគ្រោះយោបល់។ (…) យោបល់នេះ យើងបានយកចិត្តទុកដាក់ពេញទំហឹង អ្វីដែលយើង អាចទទួលបាន អ្វីដែលយើង មិនអាចទទួលបាន។»
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានធានាអះអាងថា ច្បាប់នេះ នឹងមិនជ្រៀតជ្រែក ប្រតិបត្តិការរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ នៅក្នុងប្រទេសកម្ពុជាឡើយ។ ខាងក្រោមនេះ ជាការដកស្រង់ នូវមាត្រាមួយចំនួន ដែលមានចែង នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលបានអនុម័ត ត្រៀមបញ្ជូនទៅរដ្ឋសភា និងដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន៖