ហ៊ុន សែន តែងតាំងកូនប្រុស-ស្រីលោក ជាអនុប្រធានគណៈកម្មការ«អន្តរក្រសួង»រៀបចំបុណ្យ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅពេលនេះ ពាក្យថា«អន្តរក្រសួង» បានសេចក្ដីថា ជា«ក្រសួង + ក្រសួង + ... + ក្រុមហ៊ុនឯកជន»។ នេះ បើតាមបញ្ជីឈ្មោះមន្ត្រី ទាំង២៨នាក់ មកពីស្ថាប័នចម្រុះ ដែលត្រូវបានចាត់តាំងឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្កើតគណៈកម្មការ«អន្តរក្រសួង»មួយ សម្រាប់រៀបចំពិធីបុណ្យអបអរសាទរ ការបញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គណៈកម្មការអន្តរក្រសួងមួយនេះ ត្រូវបានបង្កើតឡើង នៅយប់ថ្ងៃទី១២ ខែកក្កដានេះ ដោយមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទី ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី ជាប្រធាន ខណៈលោក ឈិន កេតនា អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ទទួលបន្ទុក ខាងការរៀបចំកម្មវិធីបុណ្យជាតិធំៗនោះ ទទួលថានៈបានត្រឹម តែជាសមាជិកប៉ុណ្ណោះ។
បន្ទាប់មក គេឃើញមានកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី មកពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ត្រូវបានតែងតាំង ឲ្យមានថានៈនៅក្នុងបញ្ជី ជា«អនុប្រធាន»។ ប៉ុន្តែយ៉ាងហោចណាស់ លោក ហ៊ុន ម៉ានី ជាតំណាងរាស្ត្រមួយរូប ដែលអាចត្រូវបានចាត់ទុក ជាមន្ត្រីរបស់រដ្ឋដូចមន្ត្រីដទៃដែរ។
ផ្ទុយទៅវិញ រឿងដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺមន្ត្រីពីរនាក់ មកពីស្ថាប័នឯកជន ត្រូវបានលោក ហ៊ុន សែន តែងតាំងឲ្យមានសមសភាព នៅក្នុងគណៈកម្មការ«អន្តរក្រសួង» ដែលជាផ្នែកមួយ នៃរដ្ឋាភិបាលរបស់លោក។ មន្ត្រីទាំងពីររូប មានម្នាក់ជាកូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា មកពីវិទ្យុនិងទូរទស្សន៍បាយ័ន ដែលមានថានៈនៅក្នុងបញ្ជី ជា«អនុប្រធាន» និងម្នាក់ទៀត គឺលោក ទិត្យ ថាវរិទ្ធ មកពីទូរទស្សន៍បាយ័ន ដែលមានថានៈ នៅក្នុងបញ្ជី ជា «សមាជិក»។
ដោយឡែក ក្នុងគណៈកម្មការថ្មីនេះ គ្មានសមាសភាពណាម្នាក់ មកពីក្រសួងព័ត៌មាន ឬពីវិទ្យុ និងទូរទស្សន៍ជាតិ ដែលជាសេនាធិការរបស់រដ្ឋ ទទួលបន្ទុកខាងការផ្សព្វផ្សាយនោះទេ៕