ហ៊ុន សែន ទៅព្យាបាលជំងឺ ឬទៅដើរកំសាន្ដ?
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ កក្កដា ២០១៧
- កែប្រែចុងក្រោយ: July 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជាការចម្លែកមួយ ដែលលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា បានបង្ហាញពីរូបភាពដើរកំសាន្ដ ជួបជុំស៊ីផឹក ជាមួយក្រុមគ្រួសារ និងមន្ត្រីជិតស្និតរបស់ខ្លួន ខណៈកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលទាក់ទងនឹងការដឹកនាំជាតិ ត្រូវបានលើកពេល ពីរសប្ដាហ៍ជាប់ៗគ្នា។ មិនត្រឹមតែប៉ុណ្ណឹង សម័យប្រជុំរដ្ឋសភាកាលពីថ្ងៃចន្ទ ដើម្បីធ្វើវិសោធនកម្មលើកទីពីរ ទៅលើច្បាប់ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើងក្រោមបញ្ជា របស់លោកនោះ ក៏គេមិនឃើញវត្តមាន របស់លោកចូលរួមដែរ។
បើនិយាយទៅ លោក ហ៊ុន សែន មិនបានបង្ហាញមុខជាសាធារណៈ តាំងពីក្រោយថ្ងៃដែលលោកបញ្ជា ឲ្យធ្វើវិសោធនកម្មច្បាប់នេះ និងឲ្យចាត់វិធានការ លើ «បន្ទប់ស្ថានការណ៍» ពោល គឺលោកបានបាត់មុខ ក្រោយពេលលោកចូលរួមរំលឹកខួប នៃការបង្កើតគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៨ ខែមិថុនា នៅកោះពេជ្រ។
តើលោកទៅណា? តើការដើរកំសាន្ដ ជួបជុំស៊ីផឹក របស់លោក ហ៊ុន សែន ដែលមានរយៈពេល២សប្ដាហ៍ (រាប់មកដល់ថ្ងៃ ទី១២ ខែកក្កដានេះ) ឬក្នុងរយៈពេលនេះ អាចបញ្ជាក់ពីមូលហេតុ ដែលត្រូវឲ្យលើកកិច្ចប្រជុំ របស់គណៈរដ្ឋមន្ត្រី ដោយគ្មាននាយករដ្ឋមន្ត្រី«ស្ដីទី» ដូច្នេះឬ?
មិនមានចម្លើយជាក់លាក់ទេ។ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រី បានប្រតិកម្មតបមកវិញ កាលពីថ្ងៃទី១០ ខែកក្កដានេះ ហៅអ្នកដែលចង់ដឹងចង់ឮ ពីវត្តមានរបស់លោកនៅឯណា កំពុងធ្វើអ្វី និងអ្នកដែលថាលោក មិនផ្ទេរសិទ្ធជានាយករដ្ឋមន្ត្រីស្ដីទី ឲ្យអ្នកដទៃនោះ ថាជា«ជនពាល»។ លោកបានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «តើខ្ញុំមានសិទ្ធិសប្បាយរីករាយ ជួបជុំកូនចៅ ដូចក្នុងរូបថតនេះដែរឬទេ? តើខ្ញុំត្រូវតែប្រាប់មនុស្សគ្រប់គ្នា ពិសេសពួកជនពាលថា ខ្ញុំកំពុងស្ថិតនៅទីនេះ ឬទីនោះដែរឬទេ?»។
ហាក់មិនខ្វល់ នឹងការលើកពេល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ម្ដងជាពីរដងនេះ លោក ហ៊ុន សែន បានអះអាងថា លោកអាចបញ្ជា ឬដឹកនាំកិច្ចការប្រទេសជាតិ បានពីគ្រប់ទីកន្លែង ដែលលោកកំពុងស្ថិតនៅ។ លោកថា៖ «ទោះខ្ញុំផ្ទេរសិទ្ធិ ឬមិនផ្ទេរសិទ្ធិ ទោះខ្ញុំស្ថិតនៅទីណា ក៏នៅតែមានលទ្ធភាព ដឹកនាំកិច្ចការប្រទេសជាតិ ពិសេសបង្រ្កាប លើការបង្កចលាចល របស់ក្រុមជនពាល ក្រុមជ្រុលនិយម ក្រុមពួកកូនអាក្បត់ជាតិ បានដែរ»។
ប្រភពមន្ត្រីក្នុងស្រុក ដែលសុំមិនបញ្ចេញឈ្មោះ និងដែលត្រូវបានស្រង់សំដី ដោយក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ដែលមានទីតាំង នៅក្រៅប្រទេស បានអះអាងថា អវត្តមានច្រើនសប្ដាហ៍ របស់លោក ហ៊ុន សែន បណ្ដាលមកពីលោកនាយករដ្ឋមន្ត្រី ចេញទៅព្យាបាលជំងឺ នៅក្នុងប្រទេសសិង្ហបូរី។ ប្រភពទាំងនោះ ថែមទាំងរៀបរាប់ទៀតថា លោក ហ៊ុន សែន មានជំងឺធ្ងន់ធ្ងរ ទាក់ទងនឹងឆ្អឹងខ្នង។
ប្រភពច្បាស់ការផ្សេងទៀត គួរឲ្យទុកចិត្តបាន ក៏បានអះអាងប្រាប់វិទ្យុអាស៊ីសេរី (RFA) ដែរថា លោក ហ៊ុន សែន កំពុងសម្រាកព្យាបាលរបួស នៅក្រៅប្រទេស តែមិនបានបញ្ជាក់ថា ជាប្រទេសណាមួយទេ។ ប្រភពនោះបាននិយាយថា ក្នុងពេលលេងវាយកូនហ្គោល កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានដួលបាក់ឆ្អឹងត្រគាក រួចបានចេញ ទៅសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យនៅក្រៅប្រទេស និងត្រូវសម្រាកព្យាបាលរបួសនោះ រហូតដល់រយៈពេល ១ខែ។
តែបើទោះជាលោក ហ៊ុន សែន ទទួល ឬមិនទទួលស្គាល់ ថាខ្លួនលោកមានជំងឺក៏ដោយ តែរូបថតដែលបង្ហោះ ដោយលោក ហ៊ុន សែន ខ្លួនឯង នៅលើទំព័រហ្វេសប៊ុករបស់លោក បានបង្ហាញពីភាពមិនប្រក្រតី ខុសពីរាប់សិបដង។ នោះគឺប្រដាប់អបឆ្អឹង ដែលលោកកំពុងពាក់ ព័ទ្ធនៅជុំវិញចង្កេះ ទាំងពេលលោកចេញដើរ ពាក់អាវធំ (ដែលហាក់ទប់ខ្លួនជានិច្ច) និងទាំងពេលលោកនៅក្នុងបន្ទប់ ពាក់អាវនៅផ្ទះ។ សូមបញ្ជាក់ជូន ពីទិដ្ឋភាពក្នុងរូបថតទាំងនោះ ដូចខាងក្រោម (បន្ថែមពីរូបខាងលើ ដែលដាក់បង្ហាញរួច)៖
យ៉ាងណា សម្រាប់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា អវត្តមានរបស់នាយករដ្ឋមន្ត្រី បណ្ដាលមកពី«ហេតុផលផ្ទាល់ខ្លួន»។ រីឯលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីវិញ បានប្រកែកថា លោក ហ៊ុន សែន មិនមានឈឺអ្វីឡើយ ហើយកំពុងស្ថិតនៅក្នុង ប្រទេសកម្ពុជា។ រីឯការលើកពេលប្រជុំគណៈរដ្ឋមន្ត្រី ២សប្ដាហ៍ ទៅពេលក្រោយនោះ ត្រូវបានមន្ត្រីរដ្ឋាភិបាលរូបនេះ ពន្យល់ថា វាជាការចាត់ចែង របស់អគ្គលេខាធិការរដ្ឋាភិបាល។ លោកថា លោកមិនបានដឹង ថាតើរបៀបវារៈ រវល់យ៉ាងណា រហូតដល់មានការលើកពេល ដូច្នេះទេ៕