នៅពេលដែលច្បាប់បោះឆ្នោតថ្មី រំលោភរដ្ឋធម្មនុញ្ញ... មន្ត្រីសង្គមស៊ីវិលប្រតិកម្ម
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៣ មិនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការអនុញ្ញាតឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោត និងហាមឃាត់ ចំពោះអង្គការសង្គមស៊ីវិល ទាំងជាតិ និងអន្តរជាតិ បាននឹងកំពុងអនុវត្តផ្ទុយ ដោយរំលោភ ទៅលើច្បាប់រដ្ឋធម្មនុញ្ញ។ នេះបើតាមការអះអាងរបស់លោក អំ សំអាត មន្រ្តីសម្របសម្រួលផ្នែកបច្ចេកទេស នៃអង្គការលីកាដូ។
លោក អំ សំអាត បានថ្លែងរៀបរាថា ប្រជាពលរដ្ឋ រួមទាំងអង្គការសង្គមស៊ីវិល ចង់ឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល ឈរលើជំហរឯករាជ្យភាព។ គាត់អាចមានសិទ្ធិ ស្រលាញ់គណបក្សយោបាយណាមួយ ប៉ុន្តែការបំពេញតួនាទីរបស់ពួកគាត់ ត្រូវតែអព្យាក្រិត ប្រសិនបើអនុញ្ញាតឲ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិចូលរួម ឃោសនាបោះឆ្នោតបាន មានន័យថា ការបំពេញតួនាទីរបស់គាត់ លែងអព្យាក្រិត្យហើយ។ លោកបាននិយាយថា៖ «អញ្ចឹង នៅពេលដែលគណបក្ស របស់ពួកគាត់មានបញ្ហា គាត់អាចនឹងធ្វើអ្វីដើម្បីគាំទ្រ?»។
ការលើកឡើងរបស់មន្រ្តីអង្គការសង្គមស៊ីវិល បានធ្វើឡើង បន្ទាប់ពីលោក ប៊ិន ឈិន ប្រធានក្រុមចរចា របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សជាប់ឆ្នោតទាំងពីរ បានសម្រេចឯកភាពគ្នា កំណត់នៅក្នុងច្បាប់បោះឆ្នោតថ្មី អនុញ្ញាតឱ្យមន្ត្រី នគរបាល យោធា តុលាការ និងមន្ត្រីរាជការស៊ីវិល អាចមានសិទ្ធិ ចូលរួមឃោសនាបោះឆ្នោតបាន និងធ្វើការហាមដាច់ខាត មិនឱ្យមន្ត្រីអង្គការសង្គមស៊ីវិលទាំងអស់ ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក រួមទាំងជនបរទេសផង ចូលរួមឃោសនាបោះឆ្នោត។
លោក អំ សំអាត យល់ថា បើបញ្ហានេះបញ្ចូលទៅក្នុងច្បាប់ អាណត្តិក្រោយ នឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរថែមទៀត សម្រាប់វិបត្តិនៃភាពជាប់គាំងនយោបាយ ក្រោយពេលបោះឆ្នោត។
បើតាមលោក ប៊ិន ឈិន ដែលបានថ្លែង នៅក្នុងសន្និបាតបូកសរុបការងារ របស់ក្រសួងដែនដីនគរូបនីយកម្មបានឱ្យដឹងថា មន្ត្រី នគរបាល យោធា និងតុលាការ ដែលចូលរួមឃោសនាបោះឆ្នោតនោះ ត្រូវហាមមិនឲ្យគំរាមកំហែងអ្នកដទៃ ពាក់សក្តិ ឬយកអាវុធតាមខ្លួន ក្នុងពេលឃោសនានោះឡើយ។ ប៉ុន្តែបញ្ហានេះ ត្រូវបានលោក អំ សំអាត ពន្យល់ថា៖ «ខ្ញុំគិតថា ឥទ្ធិពលវានៅតែមាន និយាយឱ្យចំទៅ ពីព្រោះបើសិនជាកូនចៅហើយ មេជាកងកម្លាំងជានាយទាហាន កូនចៅវាត្រូវតែមានការខ្លាច ហើយអញ្ចឹងឥទ្ធិពលវានៅតែមាន»។
ចំណែកលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខមហ្វ្រេល បានលើកឡើងថា ការដាក់បញ្ចូលការហាមឃាត់ មិនឱ្យអង្គការសង្គមស៊ីវិល ចូលរួមឃោសនាបោះឆ្នោត ទៅក្នុងច្បាប់បោះឆ្នោតថ្មី គឺជាការរំលោភសិទ្ធិនយោបាយទាំងស្រុង ទៅលើអង្គការសង្គមស៊ីវិល។
លោក គល់ បញ្ញា បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំមើលទៅ គំនិតរបស់គណបក្សទាំងពីរហ្នឹង គាត់មានបញ្ហា គាត់អត់យល់ពីស្តង់ដា សេរីភាពរបស់ប្រជាពលរដ្ឋ គាត់គិតតែពីរឿងចាញ់ឈ្នះ។ បើក្រុមនេះគាំទ្រគាត់ គាត់ឱ្យសិទ្ធ។ បើអ្នកណាអត់គាំទ្រគាត់ គាត់ដកចេញអញ្ចឹងទៅ។ ហើយអ្នកណាមើលទៅ គម្រាបនៅក្នុងកិច្ចការងារ នៅក្នុងនយោបាយរបស់គាត់ គាត់ដកចេញ។ អញ្ចឹងយើងមិនអាចយកច្បាប់មួយ ទៅធ្វើអញ្ចឹងបានទេ។»។
នាយកប្រតិបត្តិអង្គការខមហ្វ្រេល បានបញ្ជាក់បន្ថែមថា ប្រសិនបើក្រុមប្រឹក្សាធម្មនុញ្ញ និងតុលាការឯករាជ្យ បញ្ហានេះ នឹងត្រូវបានគេបដិសេធ ចាត់ទុកជាមោឃៈ។ លោកបានឱ្យដឹងផងដែរថា អង្គការសង្គមស៊ីវិល នៅតែទាមទារដាក់អនុសាសន៍ ឱ្យដកបញ្ញតិដែលថា ឱ្យអង្គការក្រៅរដ្ឋាភិបាល ត្រូវតែមានជំហរអព្យាក្រិតឥតលម្អៀង៕