«សម្ភាធ»នយោបាយ បានសង្កត់ឲ្យ មាជ សុវណ្ណារ៉ា ជាប់«គុក»?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៤ មីនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: នយោបាយ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ឆ្លើយតប ទៅនឹងការចោទសួរ របស់អ្នកសារព័ត៌មាន នៅតុលាការកំពូល លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា លោកកំពុងជាប់«ជុង» ក្នុងរឿងនយោបាយ និងជា«នុយ» នៃគណបក្សនយោបាយទាំងពីរ ដែលកំពុងប្រទាញប្រទង់គ្នា។
លោកបាននិយាយ ដោយសំដៅរកឈ្មោះ នៃប្រមុខដឹកនាំគណបក្សទាំងពីយ៉ាងដូច្នេះថា «លោក ហ៊ុន សែន និងលោក សម រង្ស៊ី គុណធម៌នៃអ្នកដឹកនាំ។ អ្នកទោសឧក្រិដ្ឋ គេដោះលែងបាន... ចុះយើង ជាអ្នកទោសនយោបាយ?។ (...) អ្នកទោសគ្រឿងញៀន អ្នកទោសសម្លាប់មនុស្ស គេឲ្យនៅក្រៅឃុំបាន យើងអ្នកនយោបាយ ជាបញ្ញាវ័ន្ត ស្អប់អំពើហិង្សា បើគេឲ្យបន្តនៅជាប់ឃុំ... គិតមើលទៅ។»
ដោយបង្ហាញ នូវមោទនភាពរបស់ខ្លួន ពាក់ព័ន្ធនឹងការដោះលែង ថាវាអាស្រ័យនឹងការចចារ នៃអ្នកនយោបាយ ពិសេសប្រមុខដឹកនាំបក្សធំៗទាំងពីរ ក្នុងរដ្ឋសភានោះ លោក មាជ សុវណ្ណារ៉ា បានពន្យល់ទៀតថា៖ «ការដោះលែង ឬមិនដោះលែងខ្ញុំ វាអាស្រ័យលើ គណបក្សនយោបាយទាំងពីរ ធ្វើការចរចាគ្នា ព្រោះនេះជារឿងនយោបាយ។ ឯតុលាការ ក៏មានគេចោទថា នៅក្នុងសម្ពាធនៃអ្នកនយោបាយ។»
ក្នុងកិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន លោកមេធាវី ជួង ជូងី ដែលការពារក្ដីឲ្យលោក មាជ សុវណ្ណារ៉ា បានបង្ហាញនូវភាពគ្មានជំនឿ ទាក់ទងនឹងការដោះលែង លោក មាជ សុវណ្ណារ៉ា ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ដោយតុលាការកំពូលទេ បើសិនជាតុលាការ មិនផ្អែកលើអង្គហេតុពិតប្រាកដ មិនអនុវត្តតាមខ្លឹមសារនៃច្បាប់ត្រឹមត្រូវ។ លោកមេធាវី បានបញ្ជាក់ទៀតថា៖ «សម្រាប់បរិបទស្រុកខ្មែរ ខ្ញុំមិនអាចព្យាករណ៍បានទេ។ (...) តែខ្ញុំព្យាយាមបង្ហាញ ឲ្យអងស់ពីកម្លាំងកាយ និងចិត្ត ក្នុងការស្វែងរក តតាំង និងផ្តល់ភស្តុតាងនានា សម្រាប់ការពារកូនក្តីខ្ញុំ។»
លោកក៏បានបង្ហាញ នូវការសោកស្តាយ ចំពោះការងាររបស់មន្រ្តីតុលាការកម្ពុជាមួយចំនួន ដែលធ្វើការស្វែងរកភស្តុតាង និងការសម្រេចក្តីឲ្យតែរួចពីដៃ ព្រោះអាងថា បើភាគីមិនពេញចិត្ត អាចប្តឹងទៅលើបន្ត។ លោកថា ការគិតដូច្នេះ បានបង្ហាញថា ជាការរំលោភសិទ្ធិមនុស្ស និងច្បាប់ដែលកំពុងនៅជាធរមាន នៅកម្ពុជានោះ។ លោក ជូងី បានបន្ថែមឲ្យដឹងថា៖ «គំនិតអ្នកច្បាប់មួយចំនួន ហាក់គិតថា សម្រេចសិនឲ្យតែរួចបីដៃ ម៉េចៗ(ប្តឹង)ទៅលើកំពូល។ នេះជាចំណុចអវិជ្ជមាន សម្រាប់អ្នកអនុវត្តច្បាប់នៅស្រុកខ្មែរ។»
អំពើហិង្សា ដែលកើតឡើងរវាងបាតុករ និងក្រុមសន្តិសុខ នាទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ត្រូវបានអង្គការសង្កមស៊ីវិលមួយចំនួន បានចាត់ទុកថា ជារឿងដែលស្តែងឡើង ក្រោមរូបភាពនៃនយោបាយ។ លោក អំ សំអាត មន្ត្រីស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ធ្លាប់បានលើកឡើងថា ការបដិសេធរបស់តុលាការម្តង ជាពីរដង ទៅនឹងការសុំនៅក្រៅឃុំ របស់មេធាវីនៃសកម្មជន គណបក្សសង្គ្រោះជាតិនោះ ព្រោះមានការលូកដៃពីរដ្ឋាភិបាល ដើម្បីជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់តុលាការ។
ថ្មីៗនេះ សង្គមស៊ីវិលទាំងនោះ ថែមទាំងអះអាងខ្លាំងៗទៀតថា លោក ហ៊ុន សែន ពិតជាលូកដៃទន្ទ្រានលើតុលាការ។ ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីមានការដកប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅក្រោយការថ្លែង របស់លោកនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ជុំវិញករណីដោះលែងឪពុកម្តាយលោក ថោង សារ៉ាត់។
សូមរំលឹកថា សកម្មជនគណបក្សប្រឆាំង ដែលជាមានសញ្ជតិខ្មែរ-អាមេរិកាំង និងជាប្រធាននាយកដ្ឋាន ប្រព័ន្ឋផ្សព្វផ្សាយព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ត្រូវបានលោក កែវ មុនី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យនាំ (ចាប់) ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមដីកាដីកាបង្គាប់ឱ្យនាំខ្លួន។
ក្រៅពីលោក មាជ សុវណ្ណារ៉ា នៅមានសកម្មជនចំនួន៤នាក់ផ្សេងទៀត ក៏ត្រូវបានបន្តឃុំខ្លួនដែរ។ អ្នកទាំងនោះរួមមានលោក អ៊ុក ពេជ្រ សំណាង, លោក ទេព ណារិន, លោក កែ ឃីម និងលោក ស៊ុំ ពុទ្ធី។ អ្នកទាំងនោះ ត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ និងដឹកនាំចលនាកុបកម្ម នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤៕