សង្គ្រោះជាតិបដិសេធមិនពាក់ព័ន្ធរឿងចោទ ហ៊ុន ម៉ាណែត ជាកូនយួន
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គណបក្សសង្គ្រោះជាតិ បដិសេធចំពោះការចោទប្រកាន់ណាមួយ ដែលថាគណបក្សនេះ ជាអ្នកប្រឌិតព័ត៌មានថាកូនប្រុសច្បង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាកូនប្រុសរបស់មេដឹកនាំវៀតណាម។ សេចក្ដីបដិសេធនេះ បានធ្វើឡើងក្នុងសេចក្ដីថ្លែងការណ៍មួយ តែប៉ុន្មានម៉ោងក្រោយការព្រមាន របស់លោក ហ៊ុន សែន ដែលបានលើកឡើងថា ក្រុមប្រឆាំងជាអ្នកបង្កើត រឿងចោទប្រកាន់ទៅលើគ្រួសាររបស់លោក។
សេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននោះ បានសរសេរបន្តថា គណបក្សសង្គ្រោះជាតិប្រកាន់ខ្ជាប់ នូវសីលធម៌ និងគោលការណ៍ខ្មែរតែមួយ មិនយកខ្មែរណាធ្វើជាសត្រូវ ជាពិសេសមិនយកបញ្ហាបុគ្គល មកធ្វើជាបញ្ហានយោបាយឡើយ។ គណបក្សសង្គ្រោះជាតិ ចង់ឲ្យខ្មែរជានានឹងគ្នា ដើម្បីផ្សះផ្សារជាតិ បង្រួបបង្រួមជាតិ និងឯកភាពជាតិ។
កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ ក្នុងពិធីចែកសញ្ញាបត្រ ឲ្យនិស្សិតនៃសាកលវិទ្យាល័យមួយ ក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងព្រមានខ្លាំងៗ ថាលោកនឹងមិនអត់អោន ឲ្យក្រុមដែលប្រឌិតរឿងទាំងនេះឡើងឡើយ ជាពិសេសលោកនឹងបន្ត «កំដរលេង»តទៅមុខបានគ្រប់ពេល ជាមួយក្រុមនេះដែលលោកចាត់ទុក ថាជាក្រុម«ប្រឆាំង» ។ លោកបានថ្លែងថា៖ «ខ្ញុំមិននឹកស្មានថា ពួកប្រឆាំងធ្វើបែបនេះចំពោះខ្ញុំ។ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ។ ថា កូនខ្ញុំជាកូនមេដឹកនាំវៀតណាមណាមួយនោះ។»
ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកប្រើប្រាស់ប្លុក (Blog) ជាច្រើន បានយករូបថតយ៉ាងហោច មនុស្សបួននាក់ ក្នុងនោះមានលោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ាណែត និងលោក ឡេ ឌឹកថូ (Lê Đức Thọ) ដែលជាអតីតមេទ័ពវៀតណាម មកដាក់ជិតៗគ្នា ជាមួយនឹងការធ្វើអត្ថាធិប្បាយថា លោក ហ៊ុន ម៉ាណែត ជាកូនប្រុសរបស់អ្នកស្រី ប៊ុន រ៉ានី និងលោក ឡេ ឌឹកថូ តែមិនមែនជាកូនប្រុស របស់អ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន សែន នោះទេ។
បើទោះជាការលើកឡើងនេះ មិនមានប្រភពជាក់លាក់ណាមួយ មកបញ្ជាក់ឲ្យច្បាស់លាស់ក៏ដោយ តែសម្រាប់លោក ប៉ាង សុខឿន ម្ចាស់គណនីហ្វេសប៊ុក«សុវណ្ណភូមិខ្មែរ» ដែលល្បីល្បាញ ខាងការរិះគន់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមិនសំចៃមាត់នោះ បានអះអាងថា គឺអតីតមេទ័ពអាមេរិក នៅឥណ្ឌូចិនមួយរូប ឈ្មោះ ម៉ាក អេស្មីត (Major, Mark A. Smith) ជាអ្នកបង្ហើបឲ្យដឹង ពីអាថ៌កំបាំងនេះ នៅលើគេហទំព័រមួយ។ លោក ប៉ាង សុខឿន ថែមទាំងពន្យល់ទៀតថា អ្នកស្រី ប៊ុន រ៉ានី មិនហ៊ានប្ដឹងលោក ម៉ាក អេស្មីត នេះ ឡើងទៅតុលាការនៅសហរដ្ឋអាមេរិក ពីបទបរិហាកេរ្តិ៍ទេ ដោយហេតុខ្លាចតុលាការបង្គាប់ ឲ្យធ្វើការត្រួតពិនិត្យ «ADN» និងរកឃើញការពិត(?)។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជាថ្មីទៀតថា លោក ហ៊ុន ម៉ាណែត ជាកូនបង្កើតរបស់លោក។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ហ៊ុន ម៉ាណែត ជាកូនខ្ញុំ ! រៀបការហើយ ប្រពន្ធខ្ញុំនៅជាមួយខ្ញុំ។»។
លោក ហ៊ុន សែន បានរំលឹករឿងរ៉ាវក្នុងគ្រួសាររបស់លោក មកបញ្ជាក់ឡើងវិញ នៅក្នុងពិធីចែកសញ្ញាបត្រនោះថា កូនទី១ (ច្បងគេបំផុត) ឈ្មោះ ហ៊ុន កំសត់ ស្លាប់ និងកូនទី២ គឺ ហ៊ុន ម៉ាណែត នេះហើយ។ លោកបានរំលឹកមកវិញថា នៅពេលដែលអ្នកស្រី ប៊ុន រ៉ានី មានផ្ទៃពោះ៥ខែ មានកូន ហ៊ុន ម៉ាណែត គឺជាពេលដែលលោក បានចាកចេញទៅបម្រើប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំឈឺចុកចាប់ណាស់។ ២៤ កុម្ភៈ ឆ្នាំ១៩៧៩ ទើបខ្ញុំជួបកូននិងប្រពន្ធកូននេះ ហៅខ្ញុំពូ (អស់រយៈពេល) ២ខែ។ នេះជារឿងអណោចអធ័ម។»៕