ហ៊ុន សែន៖ អា ខេមបូឌាដេលី កុំផ្សាយពីខ្ញុំ... ល្អ!
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 12, 2016
- ប្រធានបទ: ព័ត៌មាន-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នាយករដ្ឋមន្ត្រីកម្ពុជា បានព្រមានចាត់ការតាមផ្លូវច្បាប់ ទៅលើសារព័ត៌មានទាំងឡាយណា ដែលធ្វើការចុះផ្សាយ ឬដាក់ចំណងជើងអត្ថបទ ដែលខុសពីការថ្លែងរបស់លោក។ លោក ហ៊ុន សែន បានថ្លែងដូចនេះ នៅក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ ដោយបានយកសារព័ត៌មានក្នុងស្រុកមួយ មកធ្វើការព្រមានដោយត្រង់ៗ និងកំណត់ថា យកល្អ គួរតែឈប់ចុះផ្សាយពីលោក។
នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឡើងថា៖ «យកល្អ អ្នកឯងកុំនិយាយពីខ្ញុំតែម្តង។ អាហ្នឹងល្អហើយ។ ម្សិលមិញ អាខេមបូឌាដេលី វាផ្សាយពីស្អីចំណងជើងទៅផ្សេងទៅ។ ឥឡូវ កុំផ្សាយតែម្តងទៅ (វា)ល្អ។ និយាយត្រង់ៗ… ទូរទស្សន៍គេចាក់(ផ្សាយ)គ្រប់ប៉ុស្តិ៍។ ឯងទៅបំភ្លៃគេទៀត ហើយបរទេសគ្នាស្តាប់ភាសាខ្មែរអត់បាន គ្នាមើលអត្ថបទអង់គ្លេស វាមិនងាប់។»
កាលពីថ្ងៃពុធម្សិលម៉ិញ សារព័ត៌មានក្នុងស្រុក ឈ្មោះ «ឌឺខេមបូឌាដេលី» បានចេញផ្សាយអត្ថបទមួយ ដាក់ចំណងជើងជាភាសាខ្មែរថា «លោក ហ៊ុន សែន ហាមឃាត់អ្នកដែលស្លៀកពាក់ពណ៌ដូចៗគ្នា មិនឲ្យប្រមូលផ្តុំជាសាធារណៈ» និងជាភាសាអង់គ្លេសថា «PM Bans Color-Coordinated Demonstrations»។ ការចុះផ្សាយនេះ ត្រូវបានរដ្ឋាភិបាល តាមរយៈអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុកថា ជាការបំភ័ន្ដ និងញុះញង់ ទៅដល់សាធារណជន ឲ្យយល់ច្រឡំនូវការថ្លែងរបស់លោក ហ៊ុន សែន។ នេះបើតាមលិខិតតវ៉ាមួយ ដែលចុះហត្ថលេខាក្នុងថ្ងៃដដែល ដោយលោក ស្វាយ ស៊ីថា ប្រធានអង្គភាពនេះ ផ្ញើរទៅកាន់សារព័ត៌មានខាងលើ។
លោក ហ៊ុន សែន បានថ្លែងព្រមានបន្ត ក្នុងថ្ងៃព្រហស្បត្តិ៍នេះទៀតថា៖ «ឥឡូវខ្ញុំនឹងពិនិត្យមើលផ្លូវច្បាប់នានា បើអ្នកឯងហ៊ានផ្សាយខុសពីខ្ញុំ។ យកល្អ អ្នកឯងកុំនិយាយពីខ្ញុំតែម្តងទៅ ធ្វើជាស្អប់ខ្ញុំ ធ្វើជាអត់មាន ហ៊ុន សែន តែម្តងទៅវាល្អជាង។»។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ឲ្យលំអិត ថាតើវិធានការនោះ នឹងត្រូវធ្វើឡើងបែបណា ឬនៅពេលណាឡើយ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កំពុងព្យាយាមសុំការធ្វើអត្ថាធិប្បាយ ពីនិពន្ធនាយកកាសែតខេមបូឌាដេលី លោក ខូលីន ម៉ៃន (Colin Meyn) ប៉ុន្តែនៅមិនទាន់ឆ្លើយតបនៅឡើយ៕