ហ៊ុន សែន ព្រមានក្រុមប្រឆាំងរឿងចោទ ហ៊ុន ម៉ាណែត ជាកូនយួន
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១២ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 12, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានភាពចាំបាច់ឬទេ ដែលអ្នកនយោបាយមួយរូប ត្រូវរំលើកពីរឿងរ៉ាវ កូនខ្លួនជាកូនបង្កើត កើតចេញពីភរិយាខ្លួន ហើយភរិយានេះទៀតសោធ មានភាពស្មោះសររស់នៅជាមួយគ្នា (...) នោះ? សម្រាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាជារឿងចាំបាច់ណាស់ ហើយលោកបានថ្លែងលំអិត ពីរឿងរ៉ាវឯកជនក្នុងជីវិតគ្រួសាររបស់លោកនេះ ជាសាធារណៈ ដើម្បីជាការតបត ទៅកាន់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន ដែលចេះតែលើកឡើងថា លោក ហ៊ុន ម៉ាណែត ថាជាកូនវៀតណាម មិនមែនជាកូនបង្កើតរបស់លោក និងភរិយានោះ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិត នៅសកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកវិទ្យា នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី១២ ខែឧសភានេះ លោក ហ៊ុន សែន បានថ្លែងឡើងថា កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បានទាមទារទៅពិនិត្យមើល DNA បន្ទាប់ពីការចោទប្រកាន់ទាំងនោះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងឡើងថា៖ «ហ៊ុន ម៉ាណែត បានទាមទារពិនិត្យ DNA។ (...) បានទាមទារទៅពិនិត្យមើល DNA។ (ពួកណ្នឹង) ប្រៀបធៀបកូនខ្ញុំ ទៅជាកូនវៀតណាម។ មានបង្ហោះហ្វេសប៊ុកថា ហ៊ុន ម៉ាណែត មិនមែនជាកូន ហ៊ុន សែន។ ទៅរួច... ហ៊ុន ម៉ាណែត ជាកូនខ្ញុំ ! រៀបការហើយ ប្រពន្ធខ្ញុំនៅជាមួយខ្ញុំ។»
មិនខុសពីលើកមុនៗប៉ុន្មានទេ លោក ហ៊ុន សែន បានរំលឹករឿងរ៉ាវក្នុងគ្រួសាររបស់លោក មកបញ្ជាក់ឡើងវិញ នៅក្នុងពិធីចែកសញ្ញាបត្រនោះថា កូនទី១ (ច្បងគេបំផុត) ឈ្មោះ ហ៊ុន កំសត់ ស្លាប់ និងកូនទី២ គឺ ហ៊ុន ម៉ាណែត នេះហើយ។ លោកបានរំលឹកមកវិញថា នៅពេលដែលអ្នកស្រី ប៊ុន រ៉ានី មានផ្ទៃពោះ៥ខែ មានកូន ហ៊ុន ម៉ាណែត គឺជាពេលដែលលោក បានចាកចេញទៅបម្រើប្រទេសជាតិ។ លោកនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងទៀតថា៖ «ខ្ញុំឈឺចុកចាប់ណាស់។ ២៤ កុម្ភៈ ឆ្នាំ១៩៧៩ ទើបខ្ញុំជួបកូននិងប្រពន្ធកូននេះ ហៅខ្ញុំពូ (អស់រយៈពេល) ២ខែ។ នេះជារឿងអណោចអធ័ម។»
ប៉ុន្តែលោក ហ៊ុន សែន បានរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួន របស់លោកនៅវេលានេះ មិនដូចលើកមុនៗ ដែលលោកគ្រាន់តែប្រតិកម្មហើយ រួចស្រេចនោះទេ។ លោកបានថ្លែងព្រមាន ទៅកាន់ក្រុមប្រឆាំងវិញ ថាលោកនឹងមិនអត់អោនឲ្យក្នុងករណីនេះឡើយ ហើយលោកនឹងបន្ត «កំដរលេង»ជាមួយក្រុមប្រឆាំង តទៅមុខទៀត។ លោកបានថ្លែងថា៖ «ខ្ញុំមិននឹកស្មានថា ពួកប្រឆាំងធ្វើបែបនេះចំពោះខ្ញុំ។ បើអ្នកឯងមិនឲ្យខ្ញុំសុខ ខ្ញុំក៏មិនឲ្យអ្នកសុខ។ ថា កូនខ្ញុំជាកូនមេដឹកនាំវៀតណាមណាមួយនោះ។»
អ្នកប្រើប្រាស់បណ្ដាញសង្គម និងប្រើប្រាស់ប្លុក (Blog) ជាច្រើន បានយករូបកាត់តមួយ មកធ្វើការបង្ហោះតៗគ្នា។ ប៉ុន្តែរូបថតមួយនេះ មិនមែនជារូបថ្មីថ្មោងនោះឡើយ ព្រោះគេបានឃើញរូបនេះ បានពន្លេចវត្តមានឡើង តាំងពីច្រើនឆ្នាំកន្លងមកហើយ។ ក្នុងរូបភាព គេឃើញរូបថតរបស់លោក ហ៊ុន សែន អ្នកស្រី ប៊ុន រ៉ានី លោក ហ៊ុន ម៉ាណែត លោក ហ៊ុន តូ រួមនឹងអតីតមេដឹកនាំកុម្មុយនីស របស់ប្រទេសវៀតណាមឈ្មោះ ឡេ ឌឹកថូ (Lê Đức Thọ) ត្រូវបានយកមកដាក់តម្រៀបគ្នា ជាបន្តបន្ទាប់ ជាមួយសេចក្ដីអត្ថាធិប្បាយ មានជាអាថ៌ថាលោក ហ៊ុន ម៉ាណែត ជាកូនរបស់លោក ឡេ ឌឹកថូ ជាមួយនឹងអ្នកស្រី ប៊ុន រ៉ានី។
ប៉ុន្តែការធ្វើអត្ថាធិប្បាយនោះ មិនដែលត្រូវបានបញ្ជាក់អះអាង ថាជារឿងពិត ដោយប្រភពច្បាស់ការណ៍ណាមួយឡើយ។ ក្រុមអ្នកតាមដានសភាពការណ៍នយោបាយកម្ពុជា បានមើលឃើញថា នោះ គឺជាការលាបពណ៌ ឲ្យគ្នាទៅវិញទៅមក រវាងក្រុមបក្ខពួកនយោបាយ នៅក្នុងប្រទេសកម្ពុជា ដែលបានកើតមានឡើងយ៉ាងខ្លាំង ក្នុងរយៈពេលចុងក្រោយ។ ប្រសិនជាកូនលោក ហ៊ុន សែន បានរងនូវការលាបពណ៌ ដោយប្រការណាមួយនោះ កូនរបស់លោក សម រង្ស៊ី ឬកូនរបស់លោក កឹម សុខា ក៏មិនបានរួចខ្លួនដែរ។ ប៉ុន្តែគេបានសម្ដែងជាចំងល់ឡើងថា តើអ្នកនយោបាយកម្ពុជា គប្បីយករឿងរ៉ាវឯកជនផ្ទាល់ខ្លួន មកធ្វើការដោះស្រាយនៅចំពោះមុខ និងខ្លាំងជាងរឿងជាតិប្រជាជន ឬយ៉ាងណា៕