លឺ ឡាយស្រេង ទូល​ព្រះរាជា​សុំ​អន្តរាគមន៍​លើ​ស្ថានការណ៍​សព្វ​ថ្ងៃ

អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច លោក លី ឡាយស្រេង បានធ្វើ​ចុតហ្មាយ​ថ្វាយ​ព្រះ​មហាក្សត្រ ព្រះបាទសម្ដេច នរោត្ដម សីហមុនី នៅថ្ងៃនេះ ដើម្បីសុំព្រះរាជអន្តរាគមន៍ជាបន្ទាន់ ពី​ព្រះ​អង្គ នៅចំពោះ​ស្ថានការណ៍​នយោបាយ​មួយ ដែល​លោក លី ឡាយស្រេង បាន​អះអាង​ថា «កំពុង​តានតឹង»​ដ៏​មហិមា។
លឺ ឡាយស្រេង ទូល​ព្រះរាជា​សុំ​អន្តរាគមន៍​លើ​ស្ថានការណ៍​សព្វ​ថ្ងៃ
ពីឆ្វេងទៅស្ដាំ៖ ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច នរោត្ដម សីហមុនី និងលោក លឺ ឡាយស្រេង អតីតឧបនាយករដ្ឋមន្ត្រី។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 15, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យោងតាមស្ថានការណ៍នយោបាយ ដ៏អាក្រក់ដូចសព្វថ្ងៃ ទូលព្រះបង្គុំសូមយាងព្រះអង្គ ធ្វើអន្តរាគមន៍ និង ដោះស្រាយ​ស្ថានការណ៍​ដ៏អាក្រក់នេះ ជាបន្ទាន់» នេះ ជាសេចក្ដី នៅក្នុងចុតហ្មាយមួយរបស់លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់ មកពីគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលបានធ្វើនៅព្រឹកនេះ ថ្វាយ​ទៅ​ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច នរោត្ដម សីហមុនី ដើម្បីទូលព្រះអង្គ នូវស្ថានការណ៍មួយចំនួន ដែល​បាន​កើត​ឡើង​ចុង​ក្រោយបំផុត និងដែលលោកហៅថា មានលក្ខណៈ«ដ៏អាក្រក់»។

ចុតហ្មាយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបាន​មួយច្បាប់ដែរនេះ ត្រូវបានផ្ញើរថ្វាយព្រះរាជា តាម​រយៈ​លោក អ៊ុំ ដារ៉ាវុធ ទីប្រឹក្សា​ព្រះរាជ​ខុទ្ទកាល័យ សម្ដេចម៉ែ ព្រះនរោត្ដម មុនីនាថ នៅវេលាម៉ោងប្រមាណជា ១១​ព្រឹក។ លោក លឺ ឡាយស្រេង ដែលធ្លាប់ជា​ឧបនាយករដ្ឋមន្ត្រី​​មួយរូបនោះ បានសរសេរទូល​ព្រះមហាក្សត្រ​ថា៖ «ប្រជា​រាស្ត្រ​មានការតក់ស្លុត រន្ធត់យ៉ាងមហិមា ដោយបានឮថា កងកម្លាំងប្រដាប់អាវុធ របស់សម្ដេច ហ៊ុន សែន នឹង​ប្រើ​ចុង​អាវុធ បង្ហូឈាមអ្នកមកធ្វើមហាបាតុកម្មអហិង្សា ដែលមានតែបាតដៃទទេ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាង កាលពីប៉ុន្មានថ្ងៃមុន ថាលោកនឹងកំទេចចោល នូវ​នរណាក៏ដោយ ដែល​មក​ចូលរួមធ្វើបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ ដែលគ្រោងធ្វើ​នាពេលខាងមុខ។ គណបក្សប្រឆាំង​បាន​អះអាង​ថា បាតុកម្មនោះ ជាការសំដែងមតិ ដោយអហិង្សា និងដោយសន្តិវិធី ដើម្បីទំទាស់ទៅ​នឹង​ចំណាត់​ការថ្មីៗ ពីសំណាក់​អាជ្ញាធរ​រដ្ឋាភិបាល និងតុលាការ ទៅលើក្រុមអ្នកមាននិន្នាការ មិនស្រប​នឹង​រដ្ឋាភិបាល។ តែ​សម្រាប់​លោក ហ៊ុន សែន វិញ បានចាត់ទុកបាតុកម្មនោះ ថាបានប៉ះពាល់ដល់សន្តិសុខ និង​ស្ថេរភាព​របស់​ជាតិ ហើយបានបញ្ជា ទៅគ្រប់កងកម្លាំង​ប្រដាប់អាវុធទាំងអស់ ឲ្យត្រៀម«កម្ចាត់» គម្រោង​ការ​ធ្វើ​បាតុកម្ម​នេះ។

» អានអត្ថបទដែលទាក់ទង៖ ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

លោក លឺ ឡាយស្រេង ដែលជាអ្នកនយោបាយជើងចាស់ តែដូចជាបានដកថយ ពីនយោបាយទៅហើយនោះ បានសរសេរក្នុងចុតហ្មាយ ថ្វាយព្រះមហាក្សត្រ​ទៀតថា៖ «ទូលបង្គុំបារម្ភថា ខ្លាចមានអង្គភាពទី៣ មក​បង្ក​ចលាចល ហើយ​កងកម្លាំងសម្ដេច ហ៊ុន សែន ស្មានថាគណបក្សប្រឆាំង ជាអ្នកធ្វើ ហើយក៏កេះកៃកាំភ្លើង សម្លាប់​​ខ្មែរ​គ្នា​ឯង​ទៅ»។

អតីតមន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែម​នូវឃ្លា​ទម្លុះ​បេះដូងដូច្នេះថា៖ «ការសំងំនៅក្នុងព្រះបរមរាជវាំង ដោយ​សុខសាន្ដ ធ្វើឲ្យប្រជារាស្ត្រព្រះអង្គ ភ័យរន្ធត់របៀបនេះ មិនជាការសមរម្យឡើយ ក្នុងថានៈ​ជាព្រះ​មហា​ក្សត្រ»។ សូមអានចុតហ្មាយទាំងស្រុង របស់លោក លឺ ឡាយស្រេង ដែលទស្សនាវដ្ដី សូមដាក់ជូន​ទាំង​ស្រុង នៅ​ខាង​ក្រោម​អត្ថបទនេះ។

យ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិភាគ បានមើលឃើញថា ការស្នើរឲ្យមានព្រះរាជអន្តរាគមន៍ របស់ព្រះមហាក្សត្រ គឺជារឿងមួយដ៏ចាំបាច់ និងត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ ជាធរមាន។ ប៉ុន្តែការធ្វើចុតហ្មាយ ទាក់ទងនឹង​ស្ថានការណ៍​​​នយោបាយ​បែប​នេះ ថ្វាយទៅព្រះមហាក្សត្រ ពីសំណាក់លោក លឺ ឡាយស្រេង មិនមែន​ទើបតែ​ធ្វើ​ឡើង ជា​លើក​ទី​មួយ​នោះទេ។

កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៤ អតីតឧបនាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានស្នើឲ្យព្រះមហាក្សត្រ ធ្វើជា​នាយករដ្ឋមន្ត្រីជាបណ្ដោះអាសន្ន ដើម្បីគ្រប់គ្រងស្ថានការណ៍ ដែលចុះដុនដាបខ្លាំង ក្រោយការបង្ក្រាប​យ៉ាង​រង្គាល ពី​សំណាក់​កងកម្លាំង បញ្ជាដោយលោក ហ៊ុន សែន ទៅលើក្រុមអ្នកធ្វើបាតុកម្ម ទាំងនៅតាម​បណ្ដា​រោង​ចក្រ តាមដងវិថីវេងស្រេង ក៏ដូចជានៅទីលានប្រជាធិបតេយ្យ។

ការស្នើឡើង របស់លោក លឺ ឡាយស្រេង នៅពេលនោះ មិនត្រឹមតែទទួលបាន នូវការជំទាស់យ៉ាង​ដាច់​អហង្កា ពីលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សរ៍ជាង នោះទេ ប៉ុន្តែមជ្ឈដ្ឋានអ្នកច្បាប់ ក៏មិនយល់ស្រប​ នឹង​គំនិត​របស់លោកដែរ។ លោកមេធាវី សុខ សំអឿន បានពន្យល់ នៅចំពោះមុខអ្នកសារព័ត៌មានថា គេមិន​អាច​ដើម្បី តែ​ហេតុផល​​នយោបាយ ហើយធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលអាចប៉ះពាល់ ដល់លិទ្ធិ​ប្រជា​ធិបតេយ្យ​នោះ​ឡើយ៕

----------------

» ចុតហ្មាយរបស់លោក លឺ ឡាយស្រេង៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...