«មហាបាតុកម្មមួយនឹងផ្ទុះឡើង បើមានការចាប់ខ្លួន កឹម សុខា»
- ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៧ ឧសភា ២០១៦
- កែប្រែចុងក្រោយ: May 27, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ និងរបស់សហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបនឹងធ្លាក់មកដល់ ក្នុងពេលមុននេះ បានប្រកាសព្រមានរួចជាស្រេច ក្នុងការប្រើ«សិទ្ធិ»ធ្វើមហាបាតុកម្ម និងកូដកម្ម ប្រសិនណាជាមានការចាប់ខ្លួន លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ មានអសនៈសភាជិតពាក់កណ្ដាល នៅក្នុងប្រទេស។ សេចក្ដីប្រកាសព័ត៌មានទាំងនោះ សុទ្ធតែបានអះអាង ថាបុព្វហេតុរបស់ពួកគេ គឺដើម្បីទាមទារឲ្យមានការគោរពច្បាប់ ជាពិសេសនៅត្រង់ ការគោរពអភ័យឯកសិទ្ធិ របស់សមាជិកសភា។
លោក កឹម សុខា បានរងការចោទប្រកាន់ថា បានប្រព្រឹត្តិបទល្មើសជាក់ស្ដែង ដោយសារមិនចូលបំភ្លឺ តាមការកោះហៅរបស់តុលាការ។ ការចោទប្រកាន់នេះ បានឈានទៅដល់ ការឃាត់រថយន្ដរបស់លោក និងការសំរុកចូលទីស្នាក់ការកណ្ដាល របស់គណបក្សសង្គ្រោះជាតិ ពីសំណាក់កងកម្លាំងប្រដាប់ដោយអាវុធ (ធុនធ្ងន់) សឹងគ្រប់ដៃ កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែឧសភាម្សិលម៉ិញ។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយ ពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលចេញផ្សាយនៅយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញ។
ប៉ុន្តែក្រុមមន្ត្រីគណបក្សប្រឆាំង បានចាត់ទុកសកម្មភាពនេះ របស់តុលាការនិងកងកម្លាំងទាំងនោះ ថាបានរំលោភទៅលើស្មារតីរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៨០ ដែលបានចែងការពារសមាជិកសភា ពីរាល់ការចាប់ចង់ទាំងឡាយ ដោយគ្មានការដកអភ័យឯកសិទ្ធិជាមុន រៀរលែងតែករណីបទល្មើសជាក់ស្ដែង។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ៍គណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃសុក្រនេះ ដែលធ្វើឡើងក្រោមអធិបតីភាព របស់លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្ស បានវាយតម្លៃលើ«ស្ថានភាពនយោបាយបច្ចុប្បន្ន» ថាមានសភាពធ្ងន់ធ្ងរទៅៗ។ នេះបើគេបានអាន សេចក្ដីប្រកាសរបស់គណបក្សសង្គ្រោះជាតិ ដែលចេញផ្សាយនៅក្នុងថ្ងៃទី២៧ ខែឧសភានេះ។
សេចក្ដីប្រកាសព័ត៌មាននោះ បានប្រាប់ឲ្យថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋានគ្រប់រាជធានី-ខេត្ត ដង្ហែញត្តិមករាជធានីភ្នំពេញ ដើម្បីថ្វាយព្រះមហាក្សត្រ និងប្រើសិទ្ធិធ្វើ«មហាបាតុកម្ម»អហិង្សា ក្នុងករណីដែលមានការចាប់ខ្លួនលោក កឹម សុខា។ ភ្លាមៗនៅថ្ងៃទី២៧ ខែឧសភានេះ នៅមុខទីស្នាក់ការរបស់គណបក្ស គេឃើញមានតាំងបង្ហាញ នូវរូបថតក្រុមអ្នកជាប់ឃុំ (មានទាំងអ្នកកាត់ទោសហើយ និងមិនទាន់កាត់ទោស) ដោយមានសារមួយសរសេរថា៖ «សូមដោះលែងអ្នកទោសមនសិការ»។
សម្រាប់សេចក្ដីជូនដំណឹង របស់សហជីពសេរីកម្មករ ដែលមានចុះហត្ថលេខាដោយប្រធានសហជីព លោក ជា មុនី បានអំពាវនាវទៅដល់«បងប្អូន»កម្មករកម្មការិនី នៅតាមបណ្ដារាជធានី-ខេត្តទាំងអស់ ឲ្យប្រើប្រាស់សិទ្ធិ«ស្របច្បាប់»របស់ផងខ្លួន ដើម្បីធ្វើកូដកម្ម មិនចូលធ្វើការ។ សេចក្ដីជូនដំណឹង បានសរសេរថា៖ «សូមបងប្អូនកម្មករ-កម្មការិនី មេត្តាជ្រាប និងត្រៀមប្រើសិទ្ធិស្របច្បាប់របស់ខ្លួន តាមការជូនដំណឹងនេះ ដើម្បីជំរុញឲ្យមានការអនុវត្តច្បាប់នៅកម្ពុជា ពាក់ព័ន្ធនឹងអភ័យឯកសិទ្ធិសភាតំណាងរាស្ត្រ»៕